អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មហាសន្និបាត UN ចេញសេចក្តីសម្រេចថ្កោលទោសរុស្ស៊ីដែលលេបទឹកដីអ៊ុយក្រែន
13, Oct 2022 , 1:49 pm        
រូបភាព
មហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតប្រឆាំងរុស្ស៊ីលើការលេបយកទឹកដីអ៊ុយក្រែន។ រូបថត AFP
មហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតប្រឆាំងរុស្ស៊ីលើការលេបយកទឹកដីអ៊ុយក្រែន។ រូបថត AFP
ដោយ:
មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី១២ ខែតុលា ថ្កោលទោសរុស្ស៊ីជុំវិញការប៉ុនប៉ងលេបទឹកដីអ៊ុយក្រែនជាង១៥ភាគរយ។ ជាមួយសំឡេងគាំទ្រជិត៣ភាគ៤នៃរដ្ឋទាំង១៩៣ សេចក្តីសម្រេចនោះក៏អំពាវនាវឱ្យប្រទេសទាំងអស់កុំទទួលស្គាល់ទង្វើខុសច្បាប់របស់រុស្ស៊ីមួយនេះផងដែរ។

 
សេចក្តីសម្រេចមហាសន្និបាតអង្គការសហប្រជាជាតិ(UN)ដែលរដ្ឋសមាជិកជាច្រើនបោះឆ្នោតគាំទ្រនៅថ្ងៃទី១២ ខែតុលាចាត់ទុកទង្វើរុស្ស៊ីខុសច្បាប់ និងជាការប៉ុនប៉ងកែប្រែព្រំដែនអ៊ុយក្រែនដែលទទួលស្គាល់ដោយអន្តរជាតិ។ សេចក្តីសម្រេចនេះដែរក៏អំពាវនាវឱ្យរដ្ឋ អង្គការអន្តរជាតិ និងទីភ្នាក់ងារទាំងអស់កុំទទួលស្គាល់ការប្រកាសបញ្ចូលទឹកដីអ៊ុយក្រែនរបស់រុស្ស៊ី និងទទូចឱ្យរុស្ស៊ីដកទ័ពចេញពីទឹកដីអ៊ុយក្រែនទាំងស្រុងជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។
 
ជិត៣ភាគ៤នៃសមាជិកមហាសន្និបាត UN ទាំង១៩៣ ពោលគឺ១៤៣ប្រទេសរួមមានកម្ពុជាដែរបោះឆ្នោតគាំទ្រសេចក្តីសម្រេចថ្កោលទោសរុស្ស៊ីដែលប៉ុនប៉ងលេបទឹកដីអ៊ុយក្រែនដោយខុសច្បាប់។ ស៊ីរី នីការ៉ាហ្គា កូរ៉េខាងជើង និងបេឡារុសចូលរួមជាមួយរុស្ស៊ីបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចនោះ ខណៈ៣៥ប្រទេសទៀតរួមមានចិនបោះឆ្នោតអនុបវាទ ហើយប្រទេសនៅសល់ប៉ុន្មានទៀតមិនចូលរួមបោះឆ្នោត។ 
 
«ខ្ញុំពិតជាអរគុណដល់រដ្ឋ១៤៣ដែលគាំទ្រដំណោះស្រាយជាប្រវត្តិសាស្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ…។ ការប៉ុនប៉ងបញ្ចូលទឹកដី (អ៊ុយក្រែនជារបស់រុស្ស៊ី) គឺឥតបានការ»។ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បង្ហោះសារបែបនេះលើបណ្តាញសង្គម Twitter ក្រោយបោះឆ្នោត។ 
 
មុនបោះឆ្នោត លោក Vassily Nebenzia អគ្គរដ្ឋទូតរុស្ស៊ីប្រចាំ UN ប្រាប់មហាសន្និបាតថា ដំណោះស្រាយនោះមានលក្ខណៈនយោបាយ និងបង្ករឿងយ៉ាងបើកចំហ។ បើតាមលោក Vassily ចំណាត់ការនេះអាចនឹងបំផ្លាញរាល់កិច្ចប្រឹងប្រែងការទូតដើម្បីដោះស្រាយវិបត្តិមួយនេះ។ 
 
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ប្រកាសបញ្ចូលទឹកដីអ៊ុយក្រែនជាង១៥ភាគរយជារបស់ខ្លួនជាផ្លូវការដោយខុសច្បាប់កាលពីចុងខែកញ្ញា បើទោះមិនគ្រប់គ្រងបានទាំងស្រុងនៃតំបន់អ៊ុយក្រែនទាំង៤នោះក៏ដោយដែលរួមមានសាធារណរដ្ឋដូណេត្ស សាធារណរដ្ឋលូហាន តំបន់ Kherson និងតំបន់ Zaporizhzhia។ ទង្វើនេះត្រូវបានអ៊ុយក្រែន ក៏ដូចជាលោកខាងលិចរិះគន់យ៉ាងខ្លាំងថាជាការបង្ខិតបង្ខំប្រជាជននៅតំបន់ទាំងនោះធ្វើប្រជាមតិដោយខុសច្បាប់។ 
 
សូមបញ្ជាក់ថា ការបោះឆ្នោតលើដំណោះស្រាយរុស្ស៊ីលេបទឹកដីអ៊ុយក្រែននេះធ្លាក់ដល់ដៃមហាសន្និបាត បន្ទាប់ពីរុស្ស៊ីបោះឆ្នោតវ៉េតូនៅក្រុមប្រឹក្សាសន្តិសុខ។ ចំណាត់ការរបស់ UN ពាក់ព័ន្ធរឿងនេះស្រដៀងទៅនឹងការបោះឆ្នោតថ្កោលទោស និងមិនទទួលស្គាល់ទង្វើរុស្ស៊ី កាលពីលេបទឹកដីគ្រីមេរបស់អ៊ុយក្រែនក្នុងឆ្នាំ២០១៤៕ 
 
 
 
 
 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com