អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តៃវ៉ាន់​​ថា ចិន​កំពុង​សម្លឹង​មើល​សង្រ្គាម​អ៊ុយក្រែន​ដើម្បី​អភិវឌ្ឍ​យុទ្ធសាស្ត្រកូនកាត់
13, Oct 2022 , 2:59 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
មន្ត្រីសន្តិសុខតៃវ៉ាន់ជាន់ខ្ពស់ នៅថ្ងៃទី១២ ខែតុលា លើកឡើងថា ចិនកំពុងសម្លឹងមើល​សង្រ្គាម​អ៊ុយក្រែននិងប្រមូលបទពិសោធនៃសង្គ្រាមនៅនេះ ដើម្បីអភិវឌ្ឍយុទ្ធសាស្ត្រសង្រ្គាមស្រដៀងគ្នាប្រឆាំងនឹងតៃវ៉ាន់រួមទាំងការប្រើប្រាស់យន្តហោះដ្រូន និងដាក់សម្ពាធលើតៃវ៉ាន់ជាហូរហែរ។



បច្ចុប្បន្ន តៃវ៉ាន់ កំពុងសិក្សាយ៉ាងយកចិត្តទុកដាក់នៃសង្គ្រាមអ៊ុយក្រែន​ ដើម្បីត្រៀមខ្លួនទប់ទល់ ប្រសិនបើចិនដែលតែងចាត់កោះនេះជាទឹកដីរបស់ខ្លួន ប្រើប្រាស់កម្លាំងបាយនោះ
ក្នុងខែសីហាកន្លងទៅ ចិនបានធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ ដើម្បីបង្ហាញពីការខឹងសម្បាររបស់ខ្លួនក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិរបស់ប្រធានសភាអាម៉េរិក។ មកទល់ពេលនេះ ចិននៅតែរក្សាសកម្មភាពយោធារបស់ខ្លួន ទោះបីជាបច្ចុប្បន្នមានកម្រិតថយក៏ដោយ។
 
ថ្លែងនៅក្នុងសភា​ អគ្គនាយកការិយាល័យសន្តិសុខជាតិរបស់តៃវ៉ាន់ លោក Chen Ming-tong បាននិយាយថា ចិនក៏កំពុងយកចិត្តទុកដាក់ចំពោះបញ្ហាដែលកំពុងកើតឡើងនៅអ៊ុយក្រែនផងដែរ។
 
«ឆ្នាំនេះ យោធាកុម្មុយនីស្តបានខ្ចីពីបទពិសោធសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដើម្បីបង្កើតសង្រ្គាមកូនកាត់ប្រឆាំងនឹងតៃវ៉ាន់ ពង្រឹងការហ្វឹកហ្វឺនប្រយុទ្ធ និងការរៀបចំខ្លួនប្រឆាំងនឹងសត្រូវខ្លាំង»។ លោក Chen Ming-tong បានប្រាប់សមាជិកសភាបែបនេះនៅថ្ងៃទី១២ ខែតុលា។ 
 
លោកក៏បានបន្តថា បន្ទាប់ពីសមយុទ្ធខែសីហា ចិនបានរុញច្រានស្ថានភាពឱ្យកាន់តែកៀកនឹងសង្រ្គាម និងធ្វើសកម្មភាពប្រឆាំងនឹងតៃវ៉ាន់ ជាពិសេសជាមួយនឹងការប្រើប្រាស់យន្តហោះដ្រូនទាំងនៅជិតកោះដែលគ្រប់គ្រងដោយតៃវ៉ាន់ចេញពីឆ្នេរសមុទ្ររបស់ចិន និងចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់។
 
បើតាមលោក Chen ការគំរាមកំហែងផ្នែកយោធារបស់ចិន បានពង្រឹងការគាំទ្រពីអាម៉េរិក និងសម្ព័ន្ធមិត្តនានាចំពោះតៃវ៉ាន់ ដើម្បីធានាថាអ្វីដែលបានកើតឡើងចំពោះអ៊ុយក្រែននឹងមិនកើតឡើងម្តងទៀតនៅច្រកសមុទ្រតៃវ៉ាន់នោះទេ។ លោកក៏បានសង្កត់ថា វានឹងពង្រឹងសមត្ថភាពរបស់តៃវ៉ាន់ក្នុងការដោះស្រាយជាមួយចិន និងរារាំងផែនការរបស់ចិនដើម្បីវាយប្រហារតៃវ៉ាន់។ 
 
ស្របពេលបង្កើនសកម្មភាពយោធា ចិនជានិច្ចជាកាលតែងបានស្តីបន្ទោសតៃវ៉ាន់ចំពោះការកើនឡើងនៃភាពតានតឹងក្នុងតំបន់ ដោយនិយាយថាតៃវ៉ាន់កំពុងរួមគំនិតជាមួយកងកម្លាំងបរទេសប្រឆាំងនឹងទីក្រុងប៉េកាំង ដើម្បីជំរុញឯករាជ្យភាពជាផ្លូវការរបស់កោះនេះ៕
 
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com