ជាតិ
Time Out! «ភូមិ​វត្តបូព៌» ជាប់ក្នុងចំណោមទីតាំងដ៏សែនមនោរម្យ​ទាំង៥១​នៅលើពិភពលោក
13, Oct 2022 , 3:22 pm        
រូបភាព
ដោយ:
 សាលាបឋមសិក្សា​វត្តបូព៌ ត្រូវបាន​ទទួលស្គាល់ជាគ្រឹះស្ថានអប់រំដ៏គំរូមួយ រីឯវត្ត​រាជបូព៌ដែលមានព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ​ ជាព្រះចៅអធិការ ក៏ជាវត្ត​ដ៏ចំណាស់ និងមាន​ឈ្មោះ​ល្បីល្បាញ​ផងដែរ។ ចុងក្រោយនេះ គេហទំព័រទេសចរណ៍ Time Out ដ៏ល្បីល្បាញ​របស់អង់គ្លេស បាន​ចាត់ថ្នាក់​ភូមិ​វត្តបូព៌ទាំងមូល ក្នុងចំណោម​ទី​តាំង​ដ៏សែនមនោរម្យ​បំផុត​ទាំង​៥១លើ​ពិភពលោក។

 
ស្ថិតនៅក្នុង​​សង្កាត់សាលាកំរើក ក្រុង​សៀមរាប Time Out កត់សម្គាល់​ថា ភូមិវត្តបូព៌ជាកន្លែងចំណាស់មួយក្នុងខេត្តសៀមរាប ដែលសភាពមិនអ៊ូអរខ្លាំងប៉ុន្មានឡើយ។ ទីនោះ មានកន្លែងសណ្ឋាគារបែបប្រណីត កន្លែងកម្សាន្តពេលរាត្រី អាហារដ្ឋាន និងកន្លែងលក់របស់របរធ្វើដោយដៃ។
 

 ផ្លូវមួយនៅជាប់មាត់ស្ទឹងសៀមរាប ក្នុងភូមិវត្តបូព៍ សង្កាត់សាលាកំរើក។ រូបភាព៖ លោក សែម វណ្ណា

ក្នុងបញ្ជីចំណាត់ថ្នាក់ទីតាំង​ដ៏សែន​មនោរម្យទាំង​៥១លើពិភពលោកប្រចាំឆ្នាំ២០២២ (The 51 Coolest Neighborhoods in the World) Time Out បាន​ដាក់​ភូមិ​វត្ត​បូព៌​ ស្ថិតនៅ​លំដាប់​ទី​បី បន្ទាប់ពីទីតាំង Colonia Americana ក្រុង Guadalajara ប្រទេសម៉ិកស៊ិក និង Cais do Sodre ក្រុងលីស្បោន ប្រទេសព័រទុយហ្គាល់។
 
ចំណាត់ថ្នាក់ Time Out ដែល​ត្រូវបាន​ផ្សាយ​បន្ត​ដោយ CNN ផងដែរនោះ មាន​ការ​សរសេររៀបរាប់ពីសកម្មភាព ដែលទេសចរគួរធ្វើនៅ ភូមិវត្តបូព៌ ដោយពួក​គេ​អាចចំណាយពេលមួយថ្ងៃក្នុងការដើរកម្សាន្តនៅភូមិដ៏សែនមនោរម្យមួយនេះ ដើម្បីទទួលបានបទពិសោធន៍ដំណើរកម្សាន្តថ្មីនៅកម្ពុជា។
ជាមួយ​គ្នានេះ ទេសចរអាចបរិភោគអាហារពេលព្រឹកនៅហាងកាហ្វេ និងនំបុ័ង នៅភូមិវត្តបូព៌ ឬនៅតាមមាត់ស្ទឹង។ បន្ទាប់មកទេសចរអាចបន្តដំណើរទស្សនាទេសភាព និងការរស់នៅរបស់អ្នកភូមិមួយនេះ ដែលរស់នៅក្នុងទីក្រុងផ្សារភ្ជាប់នឹងវប្បធម៌ចំណាស់ក្នុងខេត្តសៀមរាប។ ទេសចរក៏អាចទទួលបានបទពិសោធន៍នៃដំណើរកម្សាន្តថ្មីតាមរយៈការចូលហាងកាហ្វេប្លែកៗ និងទិញវត្ថុអនុសាវរីយ៍ ដែលធ្វើដោយដៃ។ នាពេលល្ងាចទេសចរ អាចកម្សាន្តអារម្មណ៍ ​នៅតាមបៀរហ្គាឌិន ដែលមានតន្ត្រី និងភ្លក់អាហារប្លែកៗ។


វត្តរាជបូណ៌ជាវត្តចំណាស់មួយស្ថិតនៅតាមដងស្ទឹងសៀមរាប ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ រូបភាព៖ អាជ្ញាធរជាតិអប្សរា
 
លើសពីនេះ គេហទំព័រ Time Out ក៏បានចុះផ្សាយពីសកម្មភាពទេសចរណ៍ចំនួន ១១ដែលទេសចរគួរសាកល្បងក្នុងខេត្តសៀមរាប ដូចជា ទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្មជាដើម។
 
ការស្ទង់​មតិ​របស់ Time Out ធ្វើ​ទៅលើទីក្រុង​ប្រមាណ​២ម៉ឺន​លើ​ពិភពលោក ដោយ​អនុញ្ញាតឲ្យអ្នក​ជំនាញ​ក្នុងតំបន់ និង​ទេសចរណ៍ ផ្តល់​ចំណាត់​ថ្នាក់​ចំពោះទីតាំង​ដើរកម្សាន្ត ម្ហូបអាហារ វប្បធម៌ និង​សហគមន៍។
 
ក្រៅពី​តំបន់ Colonia Americana, Cais do Sodre និងវត្តបូព៌ ទីតាំងផ្សេងទៀតដែលស្ថិតក្នុងចំណោម Top 10 រួមមាន Ridgewood (សហរដ្ឋអាម៉េរិក), Mile End (កាណាដា), Barrio Logan (សហរដ្ឋអាម៉េរិក), Shimokitazawa (ជប៉ុន), Cliftonville (ចក្រភពអង់គ្លេស), Barrio Yungay (ស៊ីលី) និង Cours Julien (បារាំង)។
 
Little India (សិង្ហបុរី) ស្ថិតនៅ​ចំណាត់ថ្នាក់ទី​១៩, Ubud នៃកោះបាលី (ឥណ្ឌូណេស៊ី) នៅលេខរៀងទី​៤២ និង Thonglor ក្រុង​បាងកក (ថៃ) នៅ​លេខរៀងទី​៤៦។ ក្រៅពីនោះ តំបន់ភាគច្រើន ស្ថិតនៅ​សហរដ្ឋអាម៉េរិក អង់គ្លេស និងអូស្ត្រាលី៕
 
 

 

Tag:
 វត្តបូព៌
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com