អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើង តេស្តមីស៊ីលប្រដេញចម្ងាយឆ្ងាយ២គ្រាប់ដើម្បីត្រៀមខ្លួនសម្រាប់សង្រ្គាម
13, Oct 2022 , 3:58 pm        
រូបភាព
រូបថត KCNA
រូបថត KCNA
ដោយ:
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅថ្ងៃទី១២ ខែតុលាដឹកនាំការធ្វើតេស្តមីស៊ីលប្រដេញយុទ្ធសាស្រ្តរយៈចម្ងាយឆ្ងាយ២គ្រាប់ដើម្បីពង្រឹងសមត្ថភាពវាយប្រហានុយក្លេអ៊ែរបស់យោធាខាងជើង ក៏ដូចជាត្រៀមខ្លួនសម្រាប់សង្រ្គាមដែលអាចកើតឡើងនៅពេលណាមួយ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA។

 
តាម KCNA ការបាញ់មីស៊ីលប្រដេញ២គ្រាប់នោះធ្វើឡើងដើម្បីពង្រឹងកម្លាំង និងប្រសិទ្ធភាពប្រយុទ្ធរបស់មីស៊ីលប្រដេញដែលត្រូវបញ្ជូនទៅឱ្យកងទ័ពប្រជាជនកូរ៉េ។ មីស៊ីលទាំងពីរគ្រាប់នេះហោះក្នុងរយៈពេល ១០ ២៣៤ វិនាទី (ជិត៣ម៉ោង)ហើយអាចបាញ់ចំគោលដៅដែលស្ថិតក្នុងចម្ងាយ២ពាន់គីឡូម៉ែត្រ។
 
ការសាកល្បងមីស៊ីលជាបន្តបន្ទាប់ ត្រូវមើលឃើញថា ជាសញ្ញាព្រមានមួយទៀតរបស់របបទីក្រុងព្យុងយ៉ាងទៅកាន់សត្រូវ ពិសេសអាម៉េរិក និងកូរ៉េខាងត្បូងដែលតែងជំរុញក្រុងព្យុងយ៉ាងឱ្យរំសាយអាវុធនុយក្លេអ៊ែរ។ 
 
បើតាមលោក គីម ជុងអ៊ុន កូរ៉េខាងជើងគួរតែបន្តពង្រីកវិសាលភាពប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធយុទ្ធសាស្រ្តនុយក្លេអ៊ែរដើម្បីបញ្ចៀសវិបត្តិយោធា និងវិបត្តិសង្រ្គាមនៅពេលណាមួយ។ បន្ថែមពីនេះ កូរ៉េខាងជើងគួរ​ជាប្រទេសដំបូងដែលចាត់វិធានការនេះទាំងស្រុងដើម្បីទប់ស្កាត់វិបត្តិទាំងនោះ។ 
 
យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោននៅតែផ្តោតសំខាន់លើការសម្របសម្រួលយ៉ាងស្និទ្ធជាមួយសម្ព័ន្ធមិត្ត និងដៃគូដើម្បីដោះស្រាយការគំរាមរបស់កូរ៉េខាងជើង។ ចំណែកអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងនិយាយថា ក្រុងសេអ៊ូលកំពុងវិភាគលើការសាកល្បងនោះ។ ប្រធានលេខាធិការខុទ្ទកាល័យជប៉ុន លោក Hirokazu Matsuno លើកឡើងថា មីស៊ីលនោះនឹងបង្កការគំរាមយ៉ាងខ្លាំងដល់ជប៉ុន ប្រសិនបើរយៈចម្ងាយដែលកូរ៉េខាងជើងបញ្ជាក់នោះពិតប្រាកដ។ 
 
មីស៊ីលប្រដេញចម្ងាយឆ្ងាយដែលកូរ៉េខាងជើងសាកល្បងលើកនេះជាប្រភេទមីស៊ីលថ្មី បន្ទាប់ពីបាញ់មីស៊ីល១២គ្រាប់ក្នុងរយៈពេលជាង២សប្តាហ៍ជាការសងសឹកទៅសមយុទ្ធជើងទឹករួមរបស់កូរ៉េខាងត្បូង និងអាម៉េរិក។ ក្នុងចំណោមមីស៊ីលទាំង១២នោះរួមមានមីស៊ីលប្រភេទរយៈចម្ងាយខ្លី និងចម្ងាយមធ្យមដែលបាញ់ហោះរំលងជប៉ុនកាលពីសប្តាហ៍មុន៕
 
 
 
 
 
 
 
 
 
 
 
 
 
 
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com