ជាតិ
សេដ្ឋកិច្ច
អ្នកជំនាញ៖ វិស័យទេសចរណ៍ចាប់ផ្តើមប្រសើរឡើងវិញ តែកម្ពុជានៅខ្វះជើងហោះហើរ
13, Oct 2022 , 8:59 pm        
រូបភាព
អ្នកជំនាញទេសចរ៖  វិស័យទេសចរណ៍ចាប់ផ្តើមប្រសើរឡើងវិញ តែកម្ពុជានៅកង្វះជើងហោះហើរ
អ្នកជំនាញទេសចរ៖ វិស័យទេសចរណ៍ចាប់ផ្តើមប្រសើរឡើងវិញ តែកម្ពុជានៅកង្វះជើងហោះហើរ
ភ្នំពេញ៖ ទេសចរអន្តរជាតិ ដែលធ្វើដំណើរមកកម្ពុជា នឹងមានភាពងាយស្រួលជាងមុន បន្ទាប់ពីក្រសួងទេសចរណ៍ បានប្រកាសដកចេញនូវវិធានការសុខាភិបាលលើការបង្ហាញកាតវ៉ាក់សាំង។ ការកែសម្រួលវិធានការនេះ នឹងធ្វើឱ្យទេសចរអន្តរជាតិមកលេងកម្ពុជាកាន់តែច្រើន ខណៈប្រទេសជិតខាងក៏ជាគោលដៅទេសចរដូចគ្នា។ បើទោះសន្ទុះនៃទេសចរកើនឡើង តែកម្ពុជាកំពុងខ្វះខាតនូវជើងហោះហើរផ្លូវត្រង់ពីប្រទេសធំៗនៅឡើយ ដែលមិនសូវមានជម្រើសច្រើនសម្រាប់ទេសចរ។

 
កម្ពុជា បានសម្រេចកែសម្រួលនូវវិធានការសុខាភិបាលចំពោះអ្នកដំណើរមកពីបរទេស ដោយដកចេញវិធានការបង្ហាញសុខភាពរបស់អ្នកធ្វើដំណើរពីក្រៅប្រទេស និងកាតវ៉ាក់សាំងពេលមកកម្ពុជា។ ដោយឡែកក្រសួង នៅតែបន្តរក្សាទុកម៉ាស៊ីនវាស់កម្តៅពីចម្ងាយនៅតាមច្រកទ្វារចេញ-ចូលប្រទេស​ និងមន្ត្រីមួយចំនួនដើម្បីពិនិត្យសុខភាពអ្នកដំណើរ។ យ៉ាងណាមិញ វិស័យទេសចរណ៍​នៅកម្ពុជាកំពុងងើបឈរឡើងជាបណ្តើរៗហើយ ខណៈសមាគមទេសចរណ៍បន្តពង្រឹងផ្នែកបដិសណ្ឋារកិច្ចដូចគ្នា។


អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា រូបភាពពី៖ ក្រសួងទេសចរណ៍
 
អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា រៀបរាប់ថា វិធានការនេះគឺជាការសម្រួលដ៏ល្អ នឹងជំរុញកៀរគរឱ្យទេសចរអន្តរជាតិមកកម្ពុជាកាន់តែច្រើន។ អ្នក​ស្រី រំពឹងថាភ្ញៀវនឹងជ្រើសរើសកម្ពុជា ជាគោលដៅទេសចរណ៍អំឡុងខែវិច្ឆិកា ខែធ្នូខាងមុខនេះ។ ដោយឡែក ការហូរចូលនៃភ្ញៀវទេសអន្តរជាតិមកកាន់កម្ពុជា ឬទៅកាន់ប្រទេសថៃ និងប្រទេសវៀតណាមក៏មានច្រើនដូចគ្នា។ ទេសចរ នឹងជ្រើសរើសពី ២ទៅ៣ប្រទេសសម្រាប់ការដើរកម្សាន្តក្នុងរយៈពេលវែង។
ប្រធានសមាគមទេសចរណ៍កម្ពុជា រូបនេះបន្តថា ភ្ញៀវអាចធ្វើដំណើរតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស​ដោយឆ្លងកាត់ពីប្រទេសជិតខាងមកកម្ពុជា ​និងពីកម្ពុជាទៅប្រទេសជិតខាងវិញ។ យ៉ាងណាមិញ កម្ពុជានៅតែក្រសោបទេសចរបានតាមរយៈការពង្រឹងផ្នែកបដិសណ្ឋារកិច្ចឱ្យបានល្អ ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង។
 
«បើទោះវិស័យនេះកំពុងដើរទៅមុន តែកម្ពុជានៅតែមានបញ្ហាប្រឈមទៅលើការតភ្ជាប់ជើងហោះហើរត្រង់ពី កម្ពុជាទៅប្រទេសធំៗដទៃ ដោយយើងខ្វះខាតការដឹកជញ្ជូនផ្នែកផ្លូវអាកាស។ អ៊ីចឹង! យើងមិនសូវជាមានជម្រើសទៅឱ្យភ្ញៀវទេសចរ ដែលកើតជាឧបសគ្គដើម្បីមកកម្ពុជា»។ នេះជា​ការ​លើក​ឡើង​របស់​អ្នកស្រី ស៊ីវលីន ដោយ​បន្ថែមថា លើសពីការខ្វះជើងហោះហើរ កម្ពុជាក៏ខ្វះនូវធនធានមនុស្ស និងការចូលរួមសម្រាប់បម្រើក្នុងវិស័យទេសចរណ៍ ដោយសារការជាប់គាំងជាង ២ឆ្នាំមកនេះ។ ប៉ុន្តែអ្នកស្រី គិតថា ទេសចរជាតិនឹងចូលរួមគាំទ្រផលិតផលជាតិឱ្យបានច្រើនតាមរយៈការចាយវាយក្នុងស្រុក ច្រើនជាងការចំណាយលើប្រទេសជិតខាង។


 លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក រុបភាពពី៖ PATA Cambodia Chapter
 
ទន្ទឹងនឹងនោះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក(PATA) បានអះអាងថា បច្ចុប្បន្នចំនួនទេសចរអន្តរជាតិ ដែលមកកម្សាន្តនៅកម្ពុជាគឺមានកម្រិតនៅឡើយ។ ចំណែក កម្ពុជា ថៃ និងវៀតណាម ក៏មានលក្ខណៈប្រហាក់ប្រហែលគ្នា គ្រាន់តែប្រវិត្តផ្សេងគ្នា។ លោក ធួន ស៊ីណាន មិនអាចប្រៀបធៀបគ្នា ឬប្រកួតទីផ្សារទេសចរណ៍បាននោះឡើយ ពីព្រោះកម្ពុជាមានកត្តាជាច្រើនដែលមិនទាន់បានស្រោចស្រង់ឱ្យបានប្រសើរ។
 
លោក បញ្ជាក់ដូច្នេះ៖ «ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់យើង គឺមិនអាចប្រៀបធៀបជាមួយប្រទេសវៀតណាម ឬថៃបាននោះឡើយ។ ជាពិសេសតម្លៃសំបុត្រក៏មានតម្លៃថ្លៃ ដែលធ្វើឱ្យភ្ញៀវទេសចរពិបាកចូលមកកាន់កម្ពុជា និងធ្វើដំណើរច្រើនដំណាក់កាល រីឯកញ្ចប់សេវាកម្មក៏មានតម្លៃខ្ពស់ជាងគេដែរ»។
ប្រធានសមាគមទេសចរណ៍រូបនេះ បន្ថែមថា តាមការពិតចរន្តភ្ញៀវទេសចរច្រើនគឺ បានមកពីសមាជិកអាស៊ាន មិនមានទេសចរណាឆ្ងាយនោះទេ។ ចំណែកភ្ញៀវមកពីក្រៅតំបន់អាស៊ាន មានចំនួនតិចតួចនៅឡើយ។ ប្រសិនបើយើង ចង់បានភ្ញៀវច្រើនជាងគេ ទាល់តែយើងមានចំណុចខ្លាំងជាងគេ ដើម្បីទាក់ទាញភ្ញៀវដូចប្រទេសដទៃ។


លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ រូបភាពពីក្រសួងទេសចរណ៍
 
ជាមួយគ្នានេះ លោក តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ លើកឡើងថា ចាប់តាំងពីរដ្ឋាភិបាល បានបើកប្រទេសឡើងវិញក្នុងឆ្នាំ២០២១ សង្កេតឃើញថាភ្ញៀវទេសចរមកកម្ពុជាចាប់ផ្តើមមានការកើនឡើង ចំណែកការតភ្ជាប់ជើងហោះហើរក៏ មានជាបន្តបន្ទាប់ឡើងវិញ។ នេះអាចនិយាយបានថា កម្ពុជាក៏ជាគោលដៅទេសចរសុវត្ថិភាព មានទំនុកចិត្ត។
 
អ្នកនាំពាក្យរូបនេះ បន្តថា៖ «នយោបាយទេសចរណ៍ គឺមានការធ្វើដំណើរផ្លាស់ប្តូរគ្នារវាងប្រទេសជិតខាងជារឿងធម្មតា។ កម្ពុជាក៏មានសក្តានុពលយ៉ាងសម្បូរបែបដូចប្រទេសជិតខាងដែរ គ្រាន់តែប្រទេសគេរីកចម្រើនមុន។ ម្យ៉ាងវិញទៀត ប្រទេសគេមានក្រុមហ៊ុនអាកាសចរណ៍ផ្ទាល់ខ្លួនច្រើន ដែលផ្តល់ភាពដល់អ្នកដំណើរ»។
 
លោក តុប សុភ័ក្រ បន្ថែមថា ចំណុចសំខាន់ដែលយើងត្រូវធ្វើនៅពេលនេះ គឺការផ្តល់ស្នាមញញឹម ការផ្តល់បដិសណ្ឋារកិច្ចល្អ ដើម្បីពង្រឹងសេវាកម្មទេសចរណ៍ឱ្យមានភាពប្រសើរជាងនេះ។ ក្នុងនោះយើងក៏ត្រូវតែជំរុញទៅលើការផលិតផលធម្មជាតិ និងកែច្នៃឱ្យបានច្រើន ដើម្បីជាការទាក់ទាញមួយកម្រិតទៀត ក្នុងវិស័យទេសចរណ៍កម្ពុជា។
 
សូមរម្លឹកថា  រយៈពេល ៨ខែដើមឆ្នាំ ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិ ១ លាននាក់ កើនឡើង ៥៨០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និង ថយចុះ ៨៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨។ ក្នុងនោះទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តទូទាំងប្រទេសប្រមាណ ៤,៥ លាននាក់ កើនឡើង ២៤៥% ក្នុងនោះទេសចរជាតិប្រមាណ ៧,៦ លាននាក់ កើនឡើង ២២៦% និងទេសចរបរទេសផ្ទៃក្នុងប្រមាណ ៨៧ ម៉ឺននាក់ កើនឡើង ២៥៣%ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។ យោងតាមការព្យាករណ៍ចុងក្រោយ កម្ពុជាអាចទទួលបានទេសចរអន្តរជាតិប្រមាណ ១,៥ ទៅ ២ លាននាក់ ក្នុងឆ្នាំ២០០២នេះ៕
 
 
 

Tag:
 ThmeyThmey25
  អ្នកជំនាញទេសចរណ៍
  ទេសចរ
  បដិសណ្ឋារកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com