អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋបាលលោក បៃដិន ចេញយុទ្ធសាស្រ្តសន្តិសុខជាតិសំដៅទប់ស្កាត់ចិន និងរុស្សី
13, Oct 2022 , 5:09 pm        
រូបភាព
.ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក Jake Sullivan ។ រូបថត AFP
.ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក Jake Sullivan ។ រូបថត AFP
ដោយ៖ ហ៊ួយ ស៊ីវលី 

សេតវិមាននៅថ្ងៃទី១២​ ខែតុលាចេញផ្សាយយុទ្ធសាស្រ្តសន្តិសុខជាតិដែលត្រូវពន្យារពេលជាយូរ។ ចំណុចសំខាន់ៗនៃយុទ្ធសាស្ត្រនេះមានការទប់ស្កាត់ការកើនឡើងអំណាចរបស់ចិន ការរារាំងភាពគ្រោះថ្នាក់របស់រុស្សី និងការបញ្ជាក់ជាថ្មីអំពីសារសំខាន់នៃការធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បីដោះស្រាយការប្រឈមមុខនឹងបញ្ហាផ្សេងៗដែលប្រទេសប្រជាធិបតេយ្យកំពុងជួបប្រទះ។

 
យុទ្ធសាស្ត្រសន្តិសុខជាតិ ជាឯកសារមួយរៀបរាប់លម្អិតអំពីផលប្រយោជន៍ជាតិ និងគោលនយោបាយការបរទេសរបស់អាម៉េរិក។ ចិន និងរុស្សីបានក្លាយជាតួអង្គសំខាន់ក្នុងយុទ្ធសាស្ត្រមួយនេះ ដោយឯកសារនេះបានគូសបញ្ជាក់ពីការគំរាមកំហែងប្រទេសទាំងពីរ។ 
 
ក្នុងសុន្ទរកថាស្តីពីយុទ្ធសាស្ត្រថ្មីនេះរបស់ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក Jake Sullivan នៅថ្ងៃទី១២ ខែតុលានៅសាកលវិទ្យាល័យ Georgetown រដ្ឋបាលលោក បៃដិន មើលឃើញចិន ជា​បញ្ហា​ប្រឈមធំបំផុត​ខាង​ភូមិសាស្ត្រ​នយោបាយ​ចំពោះអាម៉េរិក បើទោះបីជាសង្គ្រាមរុស្សី និងអ៊ុយក្រែន និងការគំរាមកំហែងរបស់រុស្សីក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ជាបញ្ហាក្ដៅក៏ដោយ។ ប៉ុន្តែការរារាំងភាពគ្រោះថ្នាក់របស់រុស្សីនៅតែជាគោលដៅរបស់អាម៉េរិក។ 
 
បើតាមយុទ្ធសាស្ត្រនេះ បន្ទាប់ពីរុស្សីឈ្លានពានអ៊ុយក្រែន ចិនជាបញ្ហាប្រឈមចំពោះសណ្តាប់ធ្នាប់ពិភពលោក ហើយអាម៉េរិកត្រូវតែឈ្នះលើការប្រណាំងប្រជែងសេដ្ឋកិច្ចជាមួយចិន ប្រសិនបើចង់រក្សាឥទ្ធិពលពិភពលោករបស់ខ្លួន។ ក្នុងឯកសាដដែល ចិននឹងជាមហាអំណាចតែមួយគត់ ដែលមានសមត្ថភាពកែប្រែសណ្តាប់ធ្នាប់ពិភពលោក ហើយជម្លោះរុស្សីអ៊ុយក្រែនធ្វើឱ្យរុស្សីចុះខ្សោយយ៉ាងខ្លាំងធៀបនឹងចិន។ 
 
«ចិនប្រកាន់ខ្ជាប់ចេតនា និងបង្កើនសមត្ថភាពរៀបចំសណ្តាប់ធ្នាប់អន្តរជាតិឡើងវិញក្នុងបំណងបង្វែរឆាកអន្តរជាតិទៅជាផលប្រយោជន៍របស់ខ្លួន បើទោះបីជាអាម៉េរិកនៅតែប្តេជ្ញាគ្រប់គ្រងការប្រកួតប្រជែងរវាងប្រទេសទាំងពីរនេះប្រកបដោយការទទួលខុសត្រូវក៏ដោយ។» លោក Sullivan និយាយបែបនេះ។ 
 
លោក Sullivan បន្ថែមថា យុទ្ធសាស្ត្រនេះមិនមានការគូសបញ្ជាក់ពីការផ្លាស់ប្តូរក្នុងការណែនាំគោលលទ្ធិគោលនយោបាយការបរទេសសំខាន់ថ្មីៗនោះទេ។ ផ្ទុយទៅវិញ ឯកសារនេះ រៀបរាប់ពីទស្សនៈដែលថា ការដឹកនាំរបស់អាម៉េរិក ជាគន្លឹះក្នុងការយកឈ្នះលើការគំរាមកំហែងជាសកល ដូចជាការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃរបរបផ្តាច់ការជាដើម។
តាមពិតទៅ ឯកសារដែលមាន៤៨ទំព័រនេះត្រូវបានគ្រោងចេញផ្សាយនៅខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែការចេញផ្សាយត្រូវបានពន្យាពេល ដោយសារនៅពេលនោះរុស្សីកំពុងត្រៀមខ្លួនសកម្មភាពឈ្លានពានអ៊ុយក្រែន។ 
 
យោងតាមច្បាប់ស្តីពីការរៀបចំឡើងវិញនៃការការពារជាតិឆ្នាំ១៩៨៦ គ្រប់រដ្ឋបាលប្រធានាធិបតីអាម៉េរិកទាំងអស់ត្រូវចេញផ្សាយឯកសារយុទ្ធសាស្ត្រសន្តិសុខប្រចាំឆ្នាំ ប៉ុន្តែកន្លងមកមានតែប្រធានាធិបតីប៉ុន្មាននាក់ប៉ុណ្ណោះដែលបានធ្វើដូច្នេះក្នុងនោះរួមមាន លោក បារ៉ាក់ អូប៉ាម៉ា បានចេញផ្សាយម្តងនៅក្នុងអាណត្តិទាំងពីររបស់លោក ហើយលោក ដូណាល់ ត្រាំ ក៏បានចេញផ្សាយមួយផងដែរនៅឆ្នាំ២០១៧៕
 

Tag:
 អាម៉េរិក
  ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com