ជាតិ
សង្គមជាតិ
World Vision ផ្ដល់សម្ភារការិយាល័យ១៥០ឈុត ដល់បឋមសិក្សា និងមណ្ឌលសុខភាពចំនួន១៤ នៅក្រចេះ
13, Oct 2022 , 10:59 pm        
រូបភាព
អង្គការទស្សនៈពិភពលោក (World Vision) បានផ្ដល់សម្ភារការិយាល័យ មានតុ កៅអីចំនួន១៥០ឈុត និងម៉ាសដែលអាចប្រើប្រាស់ឡើងវិញចំនួន៥០ម៉ឺនម៉ាស ដល់សាលាបឋមសិក្សាចំនួន១២៤ និងមណ្ឌលសុខភាពចំនួន១៤ ក្នុងស្រុកចំនួន៣ នៅខេត្តក្រចេះ។



តុ និងកៅអីចំនួន១៥០ឈុត ត្រូវបានអង្គការទស្សនៈពិភពលោក (World Vision) ផ្ដល់ជូនសាលាបឋមសិក្សាចំនួន១២៤ និងមណ្ឌលសុខភាពចំនួន១៤ សម្រាប់ប្រើប្រាស់ កាលពីថ្ងៃទី១២ ខែតុលា។ ចំណែកឯម៉ាសក្រណាត់ចំនួន៥០ម៉ឺនម៉ាស ត្រូវបានចែកជូនដល់ពលរដ្ឋជាង៨ម៉ឺននាក់ ក្នុងស្រុកសំបូរ ស្រុកស្នូល និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ World Vision។
  

 រូបភាពពី World Vision

លោក ឡេង វីរៈ នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោក យល់ថា សម្ភារការិយាល័យទាំងនេះ នឹងអាចចូលរួមចំណែកគាំទ្រវិស័យអប់រំ នៅខេត្តក្រចេះ ហើយ World Vision នឹងបន្តផ្ដល់ការគាំទ្រជាសម្ភារនៅតំបន់គោលដៅផ្សេងៗទៀត។ «អង្គការទស្សនៈពិភពលោក ប្តេជ្ញាបន្តចូលរួមលើកកម្ពស់វិស័យអប់រំ និងសុខុមាលភាពសហគមន៍»។ នេះជាការលើកឡើងរបស់លោក ឡេង វីរៈ។
 
លោក ទួន ផល្លា ប្រធានការិយាល័យអប់រំស្រុកសំបូរ សប្បាយចិត្តនៅពេលទទួលបានសម្ភារការិយាល័យ ដែលជាជំនួយរបស់ World Vision។ លោក ថា សម្ភារការិយាល័យទាំងនេះ នឹងជួយឱ្យលោកគ្រូ អ្នកគ្រូ អាចរក្សាទុកសម្ភារបង្រៀនបានល្អ។ 
 
ប្រធានការិយាល័យអប់រំស្រុកសំបូរ អះអាងថា៖«កន្លងមក សាលាបឋមសិក្សានៅតាមតំបន់ដាច់ស្រយាលជាច្រើន ពុំសូវទទួលបានជំនួយបែបនេះទេ។ ចំណែកឯ ជំនួយម៉ាសប្រើប្រាស់ឡើងវិញ នឹងជួយកាត់បន្ថយចំណាយរបស់អាណាព្យាបាលសិស្សផងដែរ»៕
 

រូបភាពពី World Vision





Tag:
 សម្ភារការិយាល័យ
 បឋមសិក្សា
 មណ្ឌលសុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com