ជាតិ
សភាបោះឆ្នោតគាំទ្រជាឯកច្ឆ័ន្ទឲ្យ លោក ឌិត ទីណា ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម
14, Oct 2022 , 8:59 am        
រូបភាព
ដោយ: រួបរួម
លោក ឌិត ទីណា ទទួលបានសេចក្តីទុកចិត្តពីសភា ក្រោមសំឡេង១១១លើ១១១សំឡេង សម្រាប់តំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។

 
សម័យប្រជុំរដ្ឋសភា លើកទី៨ ប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា នេះ ហើយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ស្ថិតក្នុងចំណោមសភាសភា១១១នាក់ ដែលមានវត្តមានផងដែរ។
 
លោក ឌិត ទីណា អតីតរដ្ឋលេខាធិការក្រសួងរ៉ែ និង ថាមពល នឹងត្រូវជំនួសតំណែងលោក វេង សាខុន ដែលត្រូវបានបញ្ចប់តំណែងដោយព្រះរាជក្រឹត្យកាលពីថ្ងៃទី៨ ខែតុលា។
 
មុនការកាន់តំណែងផ្លូវការរបស់លោក ឌិត ទីណា រដ្ឋាភិបាល បានចាត់តាំងលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រីស្តីទី។
 
ទាក់ទងនឹងការដកដំណែងរបស់លោក វេង សាខុន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា មិនមែនជាបញ្ហាធ្ងន់ធ្ងរអ្វីឡើយ ដោយគ្រាន់តែលោកមិនបានធ្វើទៅតាមអ្វីដែលសម្តេច ចង់បាន។
 
ក្រោយមក ប្រមុខរដ្ឋាភិបាល ក៏បានទូលស្នើព្រះមហាក្សត្រ សុំការតែងតាំងលោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com