ជាតិ
ករណីលិចទូកដទទឹង៖ រកឃើញសពសិស្ស២នាក់ទៀត សរុបអ្នកស្លាប់ឡើងដល់៨នាក់
14, Oct 2022 , 9:33 am        
រូបភាព
ដោយ: រួបរួម
ព័ត៌មានបន្ថែមពីស្នងការនគរបាលខេត្តកណ្តាល បានឲ្យដឹងថា គិតត្រឹមព្រឹកម៉ោង៨ថ្ងៃសុក្រនេះ កម្លាំងចម្រុះ បានរកឃើញសពជនរងគ្រោះ២នាក់ ដែលសុទ្ធតែសិស្សសាលា ក្នុងឧបទ្ទវហេតុលិចទូកដទទឹង កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក។

 
សពជនរងគ្រោះ២នាក់បន្ថែមទៀត គឺសុទ្ធតែជាសិស្សសាលា ដែលមានឈ្មោះ ឧត្តម មុន្នី អាយុ១៣ឆ្នាំ និង សុន សុផាត អាយុ១៤ឆ្នាំ។
 
មកដល់ពេលនេះ សមត្ថកិច្ចបានរកឃើញជនរងគ្រោះសរុប១២នាក់ ក្នុងនោះ៨នាក់បានស្លាប់។ 
 
 ប្រតិបត្តិការសង្គ្រោះមានកម្លាំងចម្រុះ ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលដឹកនាំដោយលោក គីម វីរៈ ដែលជាអគ្គលេខាធិការ, លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។ 
 
បើតាមស្នងការដ្ឋាននគរបាលខេត្តកណ្តាល  ករណីលិចទូកដទទឹងនេះ គឺបណ្ដាលមកពីម្ចាស់ទូកដាក់លើសចំណុះ ធ្វេសប្រហែស មិនប្រុងប្រយ័ត្ន ហើយគ្មានអាវពោងសម្រាប់ការពារ។ 
 
សមត្ថកិច្ចបន្តតាមរកមនុស្ស៣នាក់ទៀត ដែលកំពុងបាត់ខ្លួនក្នុងគ្រោះថ្នាក់នេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com