ជាតិ
លិចទូកដ៖ សម្តេច ហ៊ុន សែន បញ្ជាអាជ្ញាធរដោះស្រាយជួយក្រុមគ្រួសារសព និងជនរងគ្រោះឲ្យទាន់ពេលវេលា
14, Oct 2022 , 10:16 am        
រូបភាព
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈហ្វេសប៊ុករបស់ខ្លួន បានចូលរួមរំលឹកទុក្ខចំពោះក្រុមគ្រួសារសព និងជនរងគ្រោះ ក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

 
គ្រោះថ្នាក់នេះ បានបណ្តាលអោយស្លាប់ជាច្រើននាក់ និងមួយចំនួនត្រូវបានជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងមួយចំនួនទៀតនៅកំពុងបាត់ខ្លួននៅឡើយ។ បើតាមស្នងការដ្ឋាននគរបាលខេត្តកណ្តាល មកដល់ពេលនេះ សមត្ថកិច្ចបានរកឃើញជនរងគ្រោះសរុប១២នាក់ ក្នុងនោះ៨នាក់បានស្លាប់។ 
 
សម្តេចបានចេញបញ្ជាថា៖ «សូមសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមបន្តស្វែងរកអ្នករងគ្រោះ និងចូលរួមដោះស្រាយជួយដល់បងប្អូនក្រុមគ្រួសារនៃសពនិងជនរងគ្រោះអោយបានទាន់ពេលវេលាដ៏លំបាកបំផុតនេះ»។ 
 
ជាមួយគ្នានេះ សម្តេច ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសដែលរស់នៅតាមមាត់ទន្លេមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង។
 
 ប្រតិបត្តិការសង្គ្រោះមានកម្លាំងចម្រុះ ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលដឹកនាំដោយលោក គីម វីរៈ ដែលជាអ្នកអគ្គលេខាធិការ, លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។ 
 
បើតាមស្នងការដ្ឋាននគរបាលខេត្តកណ្តាល  ករណីលិចទូកដរទទឹងនេះ គឺបណ្ដាលមកពីម្ចាស់ទូកដាក់លើសចំណុះ ធ្វេសប្រហែស មិនប្រុងប្រយ័ត្ន ហើយគ្មានអាវពោងសម្រាប់ការពារ។ 
 
សមត្ថកិច្ចបន្តតាមរកមនុស្ស៣នាក់ទៀត ដែលកំពុងបាត់ខ្លួនក្នុងគ្រោះថ្នាក់នេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com