កីឡាអន្តរជាតិ
អន្តរជាតិ
UEL ៖ Arsenal, Man Utd សង្ឃឹមខ្ពស់ទៅវគ្គបន្ត ក្រោយឈ្នះរៀងខ្លួន ឯ Roma ប្រឈមធ្លាក់ទៅលីគទីបី
14, Oct 2022 , 10:39 am        
រូបភាព
ក្រុម Arsenal និង Manchester United សង្ឃឹមខ្ពស់ឆ្លងផុតវគ្គចែកពូល ក្រោយរកបាន ៣ពិន្ទុបន្ថែមរៀងខ្លួនពីការប្រកួតពានរង្វាន់ UEFA Europa League នៅយប់ថ្ងៃទី១៣ ខែតុលា។ Arsenal  ឈ្នះ Bodo/Glimt លទ្ធផល ១-០ ឯ Man Utd ឈ្នះ Omonia Nicosia ១-០ ដូចគ្នា ។ ចំណែកឯ AS Roma ប្រឈមធ្លាក់ទៅលេង Europa conference League ក្រោយស្មើ Real Betis ១-១។



ជំនួបពូល A ក្រុមកាំភ្លើងធំយកបាន៣ពិន្ទុដ៏សំខាន់ពី Boko/Glimt  ដោយគ្រាប់បាល់ជ័យជម្នះធ្វើបានពីសំណាក់ខ្សែបម្រើឆ្នើ់ម Bukayo Saka តាំងពីនាទី២៤ វគ្គទីមួយមក។  ត្រឹមជាការប្រកួតទីបីសម្រាប់ Arsenal បច្ចុប្បន្នពួកគេជាក្រុមស្ថិតនៅលំដាប់កំពូលតារាងពូល A មាន៩ពិន្ទុក្នុងដៃ តាមពីក្រោយដោយ PSV Eindhoven លេខពីរមាន៧ពិន្ទុ ឯ Bodo/Glimt លេខ៣ មាន៤ពិន្ទុ និង FC Zurich ឱកាសដោយឈរបាតតារាងគ្មានពិន្ទុឡើយ។
 
Manchester United ក្រសោបបាន៣ពិន្ទុបន្ថែមក្នុងទឹកដី Old Trafford របស់ខ្លួនក្រោយយកឈ្នះលើ Omonia Nicosia ដោយការស៊ុត ១គ្រាប់ ក្នុងនាទីបន្ថែមបង្រ្គប់ ៩០​​​​​​+៣ ពីសំណាក់កីឡាករ Scott Mctominay។ បិសាចក្រហមរំពឹងស្វែងរកគ្រាប់បាល់បានច្រើនក្នុងទឹកដីខ្លួន ប៉ុន្តែទោះជាយ៉ាងណាជ័យជម្នះដ៏លំបាកនេះ ក៏ដោយសារតែអ្នកចាំទីក្រុម Omonia Nicosia កីឡាករ Francis Uzoho ដែលបង្ហាញទម្រង់យ៉ាងល្អក្នុងការសង្គ្រោះបាល់ពីការស៊ុតរបស់ Man United បានរហូតដល់ទៅ ១០លើក។
 
បញ្ចប់ការប្រកួត Man United រកបានជ័យជម្នះ៣លើកជាប់គ្នាត្រឹមការប្រកួតទី៤ នៃ Europa League ដោយឈរលំដាប់ថ្នាក់លេខពីរ មាន៩ពិន្ទុ ខណៈ Real Sociedad បន្តនាំមុខកំពូលតារាងមាន១២ ពិន្ទុហើយបានកក់កៅអីវគ្គបន្ទាប់រួចរាល់។ FC Sheriff ប្រឈមធ្លាក់ទៅលីគទីបី ចំណែក Omonia អស់ឱកាស។
 
ក្រឡែកទៅកាន់ AS Roma របស់លោក Jose Mourinho វិញបានត្រឹមប្រកួតស្មើក្រុមមកពីអេស្ប៉ាញ Real Betis លទ្ធផល ១-១ ប៉ុណ្ណោះ ក្រោយពេលសប្តាហ៍មុននៅទឹកដីអ៊ីតាលី Roma ចាញ់ក្នុងទឹកដីខ្លួនឯងយ៉ាងអាម៉ាស់ដោយលទ្ធផល ២-០ ក្រោមថ្វីជើង Real Betis។ Roma ក្រុមជើងឯក Europa Conference League រដូវកាលមុនកំពុងប្រឈមធ្លាក់ទៅកាន់លីគទីបីនៃ UEFA ដែលទើបបង្កើតបាន ១ឆ្នាំរួចមកហើយនេះសារជាថ្មី ខណៈដែលឆ្លងកាត់៤ប្រកួតមកនេះ ពួកគេរកបានត្រឹមតែ​ ៤ពិន្ទុប៉ុណ្ណោះ ចំណែក Real Betis រក្សាក្តីសង្ឃឹមទៅវគ្គបន្តជាមួយភាគរយខ្ពស់ និង Ludogorets Razgrad ឈរលេខ២ មាន៧ពិន្ទុកំពុងមានទម្រង់ការប្រកួតល្អ ហើយ HJK Helsinki នៅឱកាសប្រជែងលេខ៣៕
 

Tag:
 Europa League
© រក្សាសិទ្ធិដោយ thmeythmey.com