ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ៖ សិស្សនៅតំបន់រងគ្រោះទឹកជំនន់ អាចរៀនសាលាដែលមានសុវត្ថិភាព និងតាមអនឡាញ
14, Oct 2022 , 10:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ សិស្សានុសិស្ស ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង អាចទៅរៀននៅសាលាក្បែរខាងដែលមានសុវត្ថិភាព និងអមដោយការរៀនតាមអនឡាញ។ នេះបើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។



លោក រស់ សុវាចា បានឱ្យដឹងថា ក្រសួងអប់រំ បានបន្តយកចិត្តទុកដាក់ខ្ពស់ និងតាមដានស្ថានភាពធម្មជាតិ ដោយយោងទៅលើការព្យាករណ៍ឧតុនិយមផ្លូវការ និងទិដ្ឋភាពផ្ទាល់នៅមូលដ្ឋាន។
លោកបន្តថា ក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយនៃវិស័យអប់រំ បានបន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា  ដើម្បីត្រៀមលក្ខណៈអន្តរាគមន៍ទៅលើកត្តាចាំបាច់ តាមលទ្ធភាពជាក់ស្តែង។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ រូបភាព យកពីហ្វេសប៊ុកផ្លូវការរបស់គាត់

អ្នកនាំពាក្យរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាមយ៉ាងដូច្នេះ ៖«នៅតាមបណ្តាខេត្តមួយចំនួនតូចដូចជា ខេត្តសៀមរាប រតនគិរី ស្ទឹងត្រែង និងខេត្តផ្សេងទៀត សាលារៀនមួយចំនួនតូចផ្អាកដំណើការជាបណ្តោះអាសន្តដោយសារជំនន់ទឹកភ្លៀង»។
 
ចំពោះវិធានការដោះស្រាយសម្រាប់សាលារៀន រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនេះ គឺក្រសួងអនុញ្ញាតសិស្សអាចទៅសិក្សានៅសាលារៀនក្បែរខាង ឬនៅទីតាំងផ្សេងៗ ដែលមានសុវត្ថិភាព អមដោយការរៀនតាមអនឡាញផងដែរ។ លោក រស់ សុវាចា លើកឡើងបែបនេះ។
 
ជាមួយគ្នានេះលោក រស់ សុវាចា បានអំពាវនាវដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់នារដូវភ្លៀង ជាពិសេសត្រូវបន្តថែទាំសុខភាព និងរក្សាសុវត្ថិភាពទាំងអស់គ្នា។ ម្យ៉ាងទៀតដើម្បីចូលរួមការពារមិនឱ្យកូនលង់ទឹក មាតាបិតាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ផងដែរ៕


 រូបតំណាង៖ យកពីគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ

© រក្សាសិទ្ធិដោយ thmeythmey.com