អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តួកគី អនុម័តច្បាប់ដែលអនុញ្ញាតឱ្យដាក់គុក៣ឆ្នាំចំពោះអ្នកផ្សព្វផ្សាយព័ត៌មានមិនពិត
14, Oct 2022 , 11:59 am        
រូបភាព
ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់។ រូបថត AFP
ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់។ រូបថត AFP
សភាតួកគី នៅថ្ងៃទី១៤ ខែតុលា បានអនុម័តច្បាប់ដ៏តឹងរ៉ឹងមួយ ដែលអនុញ្ញាតឱ្យមានការដាក់ទោសពន្ធនាគារជុំវិញការផ្សព្វផ្សាយព័ត៌មានមិនពិត។ ការអនុវត្តច្បាប់ថ្មី ធ្វើឡើងមុនពេលការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ។ អ្នកល្មើសច្បាប់នេះ ត្រូវជាប់ពន្ធនាគាររហូតដល់៣ឆ្នាំ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។



រយៈពេល៨ខែមុនការបោះឆ្នោតរើសប្រធានាធិបតីនៅឆ្នាំ២០២៣ សភាតួកគីនៅថ្ងៃទី១៤ ខែតុលាបានអនុម័តច្បាប់ថ្មីមួយ ដែលត្រូវមើលឃើញថា ជាច្បាប់ប្រឆាំងប្រព័ន្ធផ្សព្វផ្សាយ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត។ ច្បាប់​ថ្មី​ដែលបើកផ្លូវដល់ការកាត់ទោសឱ្យជាប់គុក៣ឆ្នាំ​ ​នឹងពង្រឹង​ការ​គ្រប់គ្រង​​របស់​រដ្ឋាភិបាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយក្នុងប្រទេសបន្ថែម។ 
 
ច្បាប់នេះរួមមានវិសោធនកម្មចំនួន៤០ ដែលវិសោធនកម្មនីមួយៗទាមទារឱ្យមានការបោះឆ្នោតដាច់ដោយឡែកពីគ្នា។ ច្បាប់ប្រឆាំងការផ្សព្វផ្សាយព័ត៌មានមិនពិតត្រូវបានស្នើឡើងដោយគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AKP) របស់ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់។ យ៉ាងណាមិញ បក្សប្រឆាំង គឺបក្សសាធារណរដ្ឋ (CHP) បានជំទាស់យ៉ាងខ្លាំងជាមួយការអនុម័តច្បាប់នេះ។ 
 
សមាជិកសភា លោក Burak Erbay មកពីគណបក្សប្រឆាំង CHP បានវាយទូរស័ព្ទដៃរបស់ខ្លួនដោយញញួរនៅក្នុងសភា ដើម្បីបង្ហាញថាសេរីភាពនៃការបញ្ចេញមតិកំពុងបំផ្លាញ ជាពិសេសបង្ហាញទៅយុវជន។
«ខ្ញុំចង់និយាយទៅកាន់ប្អូនៗរបស់ខ្ញុំដែលមានអាយុ១៥ឆ្នាំ, ១៦ឆ្នាំ និង១៧ឆ្នាំ ដែលជាអ្នកសម្រេចចិត្តលើជោគវាសនារបស់តួកគីនៅឆ្នាំ ២០២៣។ អ្នក​នៅសល់​សេរីភាព​តែ​មួយទៀតប៉ុណ្ណោះ ជា​ទូរស័ព្ទ​ក្នុង​ហោប៉ៅ​របស់​អ្នកដែលមាន Instagram, YouTube, Facebook។ បើ​ច្បាប់​នេះ​ត្រូវអនុម័តក្នុងសភា អ្នក​អាច​វាយ​ទូរស័ព្ទបំបែក​បែបនេះ»។ លោក Burak Erbay បានលើកឡើងបែបនេះមុនវាយបំបែកទូរស័ព្ទខ្លួន។ 
 
ក្រុមប្រឹក្សាអឺរ៉ុប បានរិះគន់ចំណាត់ការនេះយ៉ាងខ្លាំង ដោយបានលើកឡើងថា វិធានការចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតដោយការគំរាមដាក់ពន្ធនាគារ អាចមានឥទ្ធិពលរារាំងការបញ្ចេញមតិ និងបង្កើនការត្រួតពិនិត្យលើការបញ្ចេញមតិនៅក្នុងសង្គមដែលជិតរៀបចំការបោះឆ្នោត។ 
 
ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៦ បណ្ដាកាសែត និងប៉ុស្ដិ៍ទូរទស្សន៍របស់តួកគីត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល និងពាណិជ្ជករធំៗដែលគាំទ្ររដ្ឋាភិបាល។ ប៉ុន្តែបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធឺណិត នៅតែមានសិទ្ធិសេរីភាពផ្សាយព័ត៌មានវាយប្រហាររដ្ឋាភិបាល។ ការណ៍នេះបានជំរុញឱ្យរដ្ឋាភិបាលតួកគីដាក់សម្ពាធលើក្រុមហ៊ុន Facebook និង Twitter ឱ្យរើសអ្នកតំណាងក្រុមហ៊ុនក្នុងស្រុក ដែល​អាចអនុវត្ត​តាម​ដីកា​របស់តុលាការ​ក្នុង​ស្រុក​បាន​យ៉ាង​ឆាប់​រហ័សជុំវិញការលុបព័ត៌មានបង្កជម្លោះ។
 
តួកគី បានជាប់ចំណាត់ថ្នាក់ទី១៤៩ ក្នុងចំណោម ១៨០ប្រទេសនៅក្នុងតារាងចំណាត់ថ្នាក់សេរីភាពប្រព័ន្ធផ្សព្វផ្សាយប្រចាំឆ្នាំ២០២២ ដែលចេញផ្សាយដោយអង្គការអ្នករាយការណ៍គ្មានព្រំដែន (RSF) កាលពីដើមឆ្នាំនេះ។ 
 
 

Tag:
 តួកគី
© រក្សាសិទ្ធិដោយ thmeythmey.com