អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងត្បូង ដាក់ទណ្ឌកម្មឯកតោភាគីលើកូរ៉េខាងជើងជាលើកដំបូងក្នុងពេល៥ឆ្នាំ
14, Oct 2022 , 2:29 pm        
រូបភាព
ដោយ:
ឆ្លើយតបនឹងសកម្មភាពដ៏គឃ្លើនរបស់កូរ៉េខាងជើងដែលតេស្តមីស៊ីលជាបន្តបន្ទាប់ កូរ៉េខាងត្បូងនៅថ្ងៃទី១៤ ខែតុលាដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពកូរ៉េខាងជើងជាង៣០ទៀតដែលពាក់ព័ន្ធនឹងការអភិវឌ្ឍមីស៊ីល។ រដ្ឋាភិបាលក្រុងសេអ៊ូល ក៏បានចាត់ទុកសកម្មភាពយន្តហោះចម្បាំងកូរ៉េខាងជើងដែលហោះចូលជិតព្រំដែនប្រទេសទាំងពីរ ជាការបំពានកិច្ចព្រមព្រៀងយោធាទ្វេភាគីផងដែរ។

 
កូរ៉េខាងជើងបាញ់មីស៊ីលមិនតិចជាង៤១លើកទេនៅឆ្នាំនេះ។ ពីរថ្ងៃក្រោយបាញ់មីស៊ីលប្រដេញចម្ងាយឆ្ងាយពីរគ្រាប់ កូរ៉េខាងជើងនៅថ្ងៃទី១៤ ខែតុលាបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីមួយគ្រាប់ទៀតចូលសមុទ្រខាងកើត។ 
 
តាមសេចក្តីថ្លែងការណ៍របស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង មីស៊ីលនោះបាញ់ចេញពីតំបន់ជុំវិញទីក្រុងព្យុងយ៉ាងនាម៉ោង ១:៤៩ ព្រឹកថ្ងៃទី១៤ ខែតុលា(ម៉ោងនៅកូរ៉េ)។ បន្ថែមពីនេះ ចន្លោះថ្ងៃទី១៣ និង ១៤ ខែតុលា កូរ៉េខាងជើងបាញ់កាំភ្លើងធំប្រហែល១៧០គ្រាប់ចេញពីឆ្នេរខាងកើត និងខាងលិចប្រទេសចូលទៅតំបន់ការពារសមុទ្រ ហើយយន្តហោះយោធាកូរ៉េខាងជើងប្រហែល១០គ្រឿងក៏បានហោះទៅជិតព្រំដែនខណ្ឌចែកកូរ៉េទាំងពីរផងដែរ។ 
 
ការបញ្ជូនយន្តហោះចម្បាំងរបស់កូរ៉េខាងជើងទៅតំបន់ព្រំដែនបែបនេះត្រូវបានក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងថ្កោលទោសជាខ្លាំងថាជាការបំពានកិច្ចព្រមព្រៀងយោធាទ្វេភាគីឆ្នាំ២០១៨។ កិច្ចព្រមព្រៀងនោះហាមប្រាមសកម្មភាពណាដែលបង្កអរិភាពនៅតំបន់ព្រំដែនកូរ៉េទាំងពីរ។
 
តបនឹងទង្វើនេះអរដ្ឋាភិបាលក្រុងសេអ៊ូល ក៏ដាក់ទណ្ឌកម្មជាឯកតោភាគីលើក្រុងព្យុងយ៉ាងជាលើកដំបូងក្នុងរយៈពេលជិត៥ឆ្នាំចុងក្រោយ ដោយបញ្ចូលបុគ្គល១៥នាក់ និង១៦ស្ថាប័នកូរ៉េខាងជើងក្នុងបញ្ជីខ្មៅ។ អ្នកដែលត្រូវបានបញ្ចូលក្នុងបញ្ជីខ្មៅនេះរួមមានមន្រ្តីនៅក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុននានាដែលពាក់ព័ន្ធនឹងការអភិវឌ្ឍមីស៊ីល ក៏ដូចជាអ្នកដែលពាក់ព័ន្ធផ្គត់ផ្គង់អាវុធប្រល័យលោក។
 
ទន្ទឹមនឹងជំរុញឱ្យក្រុងព្យុងយ៉ាងបញ្ឈប់ការបង្ករឿង និងបង្កើនភាពតានតឹង ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល ប្រាប់អ្នកកាសែតថា នឹងប្តេជ្ញាចាត់វិធានការប្រឆាំងវិញ។​ 
 
យ៉ាងណាមិញ តាមរយៈទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA យោធាកូរ៉េខាងជើងបែរជាអះអាងថា សកម្មភាពយោធារបស់ខ្លួនទាំងនោះឆ្លើយតបទៅនឹងកូរ៉េខាងត្បូងដែលបាញ់កាំភ្លើងធំជាង១០ម៉ោងក្បែរព្រំដែនខ្លួនកាលពីថ្ងៃទី១៣ ខែតុលា ខណៈក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងបញ្ជាក់ថានោះគ្រាន់ជាសមយុទ្ធជាប្រចាំដោយស្របច្បាប់របស់ក្រុងសេអ៊ូលប៉ុណ្ណោះ៕
 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com