អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បារាំងថា ការបញ្ជូនដ្រូនអ៊ីរ៉ង់ទៅរុស្សី បំពានសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ
14, Oct 2022 , 7:29 pm        
រូបភាព
ដ្រូនរបស់កងទ័ពអ៊ីរ៉ង់ក្នុងការតាំងបង្ហាញកន្លងមក។ រូបថត BBC
ដ្រូនរបស់កងទ័ពអ៊ីរ៉ង់ក្នុងការតាំងបង្ហាញកន្លងមក។ រូបថត BBC
ដោយ៖ ហ៊ួយ ស៊ីវលី 

ក្រសួងការបរទេសបារាំងនៅថ្ងៃទី១៣ ខែតុលា អះអាងថា រាល់ការបញ្ជូនដ្រូនរបស់អ៊ីរ៉ង់ទៅរុស្សី ជាសកម្មភាពបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និងប្រទេសផ្សេងទៀត។



ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ក្នុងយុទ្ធនាការយោធាលើទឹកដីអ៊ុយក្រែន រុស្សីត្រូវមើលឃើញថា បានប្រើដ្រូនផលិតដោយអ៊ីរ៉ង់។ ជុំវិញរឿងនេះ ក្រសួងបរទេសបារាំង ក៏ចេញមុខមានប្រតិកម្មដោយចោទអ៊ីរ៉ង់បានផ្គត់ផ្គង់ដ្រូនទាំងនោះឱ្យរុស្សី ដែលនេះជាសកម្មភាពបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។
 
«យើងកត់សម្គាល់ពត៌មានជាច្រើនដែលរាយការណ៍ពីការប្រើប្រាស់ដ្រូនរបស់អ៊ីរ៉ង់ដោយកងទ័ពរុស្សីនៅអ៊ុយក្រែន ដែលពួកគេបានទម្លាក់គ្រាប់បែកសំដៅលើជនស៊ីវិល និងជាសកម្មភាពមួយដែលអាចចាត់ទុកថាឧក្រិដ្ឋកម្មសង្គ្រាម។ ការផ្គត់ផ្គង់ដ្រូនរបស់អ៊ីរ៉ង់ដល់រុស្សីបែបនេះក៏បំពានសេចក្តីសម្រេចលេខ២២៣១ របស់ក្រុមប្រឹក្សាសន្តិសុខUNផងដែរ។» អ្នកនាំពាក្យក្រសួងការបរទេសបារាំងលោកស្រី Anne-Claire Legendre បញ្ជាក់បែបនេះនៅក្នុងការសង្ខេបពត៌មានប្រចាំថ្ងៃថ្ងៃទី១៣ ខែតុលា។ 
 
អ្នកនាំពាក្យដដែលបន្ថែមថា ទីក្រុងប៉ារីសកំពុងសម្របសម្រួលជាមួយដៃគូអឺរ៉ុបរបស់ខ្លួនអំពីរបៀបឆ្លើយតបទៅនឹងការបញ្ជូនដ្រូនរបស់អ៊ីរ៉ង់ទៅកាន់រុស្ស៊ី។
 
សេចក្តីសម្រេចលេខ២២៣១ របស់ក្រុមប្រឹក្សាសន្តិសុខ ទាក់ទងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥​ រវាងអ៊ីរ៉ង់ និងប្រទេសចំនួនប្រាំមួយមានអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និងអាម៉េរិក កំហិតសកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ទីក្រុងតេហេរ៉ង់ និងបង្កើនដាក់ទណ្ឌកម្មលើបុគ្គលដែលពាក់ព័ន្ធនឹងសកម្មភាពអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ សេចក្តីសម្រេចនេះ ក៏រួមបញ្ចូលការរឹតបន្តឹងលើការប្រើប្រាស់មីស៊ីល និងបច្ចេកវិទ្យា ការនាំចេញ និងនាំចូលប្រព័ន្ធយោធាកម្រិតខ្ពស់រហូតដល់ឆ្នាំ២០២៣ផងដែរ៕ 
 

Tag:
 បារាំង
  អ៊ីរ៉ង់
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com