អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
វៀតណាម ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ជាលើកទី២
14, Oct 2022 , 4:59 pm        
រូបភាព
ប្រតិភូវៀតណាមនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។ រូបថតរបស់ក្រសួងការបរទេសវៀតណាម
ប្រតិភូវៀតណាមនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។ រូបថតរបស់ក្រសួងការបរទេសវៀតណាម
ដោយ:
វៀតណាម នៅថ្ងៃទី១១ ខែតុលា ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនពីមហាសន្និបាតអង្គការសហប្រជាជាតិក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនាអាណត្តិឆ្នាំ២០២៣-២០២៥។ នេះជាលើកទី២ហើយដែលវៀតណាមទទួលបន្ទុកជាសមាជិកសម្រាប់កៅអីតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

 
វៀតណាមជារដ្ឋអាស៊ីអាគ្នេយ៍មួយគត់ដែលឈរឈ្មោះ និងត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UNHRC)សម្រាប់អាណត្តិ ២០២៣-២៥។ នេះជាលើកទី២ហើយដែលវៀតណាមទទួលបានកៅអីនៅក្រុមប្រឹក្សាសិទ្ធិមនុស្សជាមួយសំឡេងគាំទ្រ១៤៥នៃ១៨៩ ខណៈបំពេញអាណត្តិលើកដំបូងនៅឆ្នាំ២០១៤-២០១៦។
 
ក្រោយលទ្ធផលប្រកាស តំណាងវៀតណាម លោក Dang Hoang Giang សង្កត់ធ្ងន់ថា វៀតណាមនឹងរួមចំណែកឱ្យខ្លាំងក្លាដើម្បីការពារ និងលើកកម្ពស់សិទ្ធិមនុស្សក្នុង៣ឆ្នាំខាងមុខ ឱ្យស្របទៅនឹងបាវចនាកន្លងមកដែលមានការគោរពគ្នាទៅវិញទៅមក ការសន្ទនា និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការការពារសិទ្ធិមនុស្សសម្រាប់មនុស្សទាំងអស់គ្នា។ កាសែតវៀតណាម VnExpress ចេញផ្សាយបែបនេះនៅថ្ងៃទី១២ ខែតុលា។
 
បើតាមប្រធានប្រតិភូវៀតណាមរូបនេះ តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ វៀតណាមនឹងលើកកម្ពស់អាទិភាពដូចជាការពារក្រុមមនុស្សដែលងាយរងគ្រោះ និងការពារសិទ្ធិមនុស្សឆ្លើយតបទៅនឹងបញ្ហាសកល។ 
 
បន្ថែមពីលើនេះ អនុរដ្ឋមន្រ្តីវៀតណាម លោក Pham Quang Hieu លើកឡើងថា លទ្ធផលឆ្នោតនេះគឺជាសក្ខីភាពដែលបង្ហាញពីកេរ្តិ៍ឈ្មោះ និងជំហររបស់វៀតណាមដែលត្រូវបានលើកកម្ពស់លើឆាកអន្តរជាតិ។ លោក បន្តថា វាក៏បានបង្ហាញពីការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះកិច្ចប្រឹងប្រែង និងសមិទ្ធផលរបស់វៀតណាមក្នុងការការពារសិទ្ធិមនុស្សផងដែរ។ 
 
យ៉ាងណាមិញ កំណត់ត្រាសិទ្ធិមនុស្សរបស់វៀតណាមក៏មិនល្អប៉ុន្មានដែរ។ ចាប់តាំងពីខែកុម្ភះ ឆ្នាំ២០២១មក វៀតណាមបានឃុំខ្លួន ចាប់ខ្លួន និងកាត់ទោសអ្នកកាសែត សកម្មជន និងមេដឹកនាំអង្គការក្រៅរដ្ឋាភិបាលយ៉ាងហោចណាស់ចំនួន ៤៨នាក់លើបទឧក្រិដ្ឋជាច្រើន ពិសេសការឃោសនាប្រឆាំងរដ្ឋ។ 
 
សូមបញ្ជាក់ថា ប្រទេស ១៣ ទៀតដែលមហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោតជ្រើសរើសនៅថ្ងៃទី១១ ខែតុលារួមមានអាល់ហ្សេរី បង់ក្លាដែស បែលហ្ស៊ិក ស៊ីរី កូស្តារីកា ហ្សកហ្ស៊ី អាល្លឺម៉ង់ កៀហ្ស៊ីស៊ីស្ថាន ម៉ាល់ឌីវ ម៉ារ៉ុក រូម៉ានី អាហ្វ្រិកខាងត្បូង និងស៊ូដង់។ កៅអីរបស់ប្រទេសទាំងនេះបែងចែកទៅតាមទីតាំងភូមិសាស្រ្តចំនួន៥រួមមាន តំបន់អាស៊ីប៉ាស៊ីហ្វិកដែលប្រកួតប្រជែងបំផុតក្នុងអាណត្តិនេះ តំបន់អាហ្វ្រិក តំបន់អាម៉េរិកឡាទីន និងការ៉ាអ៊ីប តំបន់អឺរ៉ុបខាងកើត និងតំបន់អឺរ៉ុបខាងលិច និងរដ្ឋផ្សេងៗទៀត។ 
 
ប្រទេសទាំង១៤ខាងលើនេះនឹងចាប់ផ្តើមអាណត្តិពីខែមករា ឆ្នាំ២០២៣ ខណៈ៣៣ប្រទេសទៀតនៃរដ្ឋសមាជិក UNHRC ទាំង ៤៧ នៅបន្តរហូតដល់ផុតអាណត្តិរៀងៗខ្លួន៕ 
 
 
 
 
 
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com