អន្តរជាតិ
ចំនួនអ្នកស្លាប់កើនឡើងដល់ ៥០នាក់ ក្នុងគ្រោះបាក់ដីនៅវេណេស៊ុយអេឡា
14, Oct 2022 , 6:29 pm        
រូបភាព
ចំនួនអ្នកស្លាប់ក្នុងគ្រោះថ្នាក់បាក់ដីដែលបានកើតឡើងនៅទីក្រុងក្បែររដ្ឋធានី Caracas បានកើនដល់៥០នាក់ក្នុងពេលជិតមួយសប្ដាហ៍មកនេះ។



គ្រោះរអិលបាក់ដីនៅទឹកដីវេណេស៊ុយអេឡា បានកើតឡើងតាំងពីថ្ងៃទី៩ ខែតុលាមកម្ល៉េះ ខណៈបញ្ហានេះបានបង្កឱ្យមនុស្សរាប់សិបនាក់ស្លាប់ រងរបួស និងជាច្រើនអ្នកទៀតកំពុងបាត់ខ្លួន។ គិតមកទល់ពេលនេះ មនុស្សជាង​ ៥០ នាក់ហើយដែលត្រូវបានអាជ្ញាធរប្រកាសជាផ្លូវការថាបានបាត់បង់ជីវិត។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Remigio Ceballos ប្រាប់ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយនៅថ្ងៃទី១៣ ខែតុលា។
 
បើតាមលោក Ceballos បច្ចុប្បន្ន មនុស្សប្រហែល៣ពាន់២រយនាក់ត្រូវបានដាក់ពង្រាយដើម្បីជួយការពន្លឿការជួយសង្រ្គោះ និងសម្អាតនៅក្នុងទីក្រុងឡើងវិញ។
គួរបញ្ជាក់ថា នៅថ្ងៃទី៨ ខែតុលា ភ្លៀងធ្លាក់ខ្លាំងមិនធម្មតាបានបោកបក់នៅវេណេស៊ុយអេឡា ដែលបានបណ្តាលឱ្យទន្លេដ៏សំខាន់មួយ​មានទឹកហូរហៀរចូលក្នុងទីក្រុង Las Tejerias មានលំនៅនៅលើភ្នំក្បែរទីក្រុង Caracas។ ភ្លៀង​បាន​បង្កឱ្យមានទឹកជន់លិច កាត់ផ្ដាច់ប្រព័ន្ធ​ទូរស័ព្ទ និង​ការ​រលំ​ដើមឈើ​ធំ​ៗមួយចំនួនក្នុងទីក្រុង។
 
​នៅដើមសប្តាហ៍នេះ លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌុយរ៉ូ ក៏បានលើកឡើងផងដែរថា ចំនួនអ្នកស្លាប់ដោយសារគ្រោះធម្មជាតិដ៏អាក្រក់បំផុតរបស់វេណេស៊ុយអេឡាក្នុងរយៈពេលជាច្រើនទស្សវត្សរ៍នេះ ទំនងជាអាចកើនឡើងដល់ ១០០នាក់។ លោក ម៉ាឌុយរ៉ូ​ បាន​ប្តេជ្ញា​ថា​ នឹង​សាងសង់​ផ្ទះ និង​អាជីវកម្ម​នីមួយៗ​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​បាក់​ដី​ឡើងវិញ។
បើតាមអ្នកជំនាញ ព្យុះដែលកើតឡើងនៅវេណេស៊ុយអេឡានេះ បានប្រែកាន់តែអាក្រក់ដោយបាតុភូតអាកាសធាតុ La Nina តាមរដូវកាលដែលកំពុងវាយលុកតំបន់នេះ ក៏ដូចជាឥទ្ធិពលនៃព្យុះសង្ឃរា Julia ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់២៦ នាក់នៅអាម៉េរិកកណ្តាល និងបណ្តាលឱ្យមានការខូចខាតជាច្រើន។ 
 
ព្យុះដែលវាយប្រហារតាមរដូវនៅវេណេស៊ុយអេឡាមិនមែនជារឿងចម្លែកឡើយ។ ប៉ុន្តែព្យុះដែលបានបោកបក់ថ្មីៗនេះ ជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតក្នុងឆ្នាំនេះ បន្ទាប់ពីកម្រិតភ្លៀងធ្លាក់កើនឡើងខ្លាំង ដែលបានបណ្តាលឱ្យមនុស្សរាប់សិបនាក់ផ្សេងទៀតបានស្លាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ៕
 

Tag:
 វេណេស៊ុយអេឡា
© រក្សាសិទ្ធិដោយ thmeythmey.com