អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកហ្សេលេនស្គី រិះគន់កាកបាទក្រហមថា អសកម្មភាពការពារអ្នកទោសសង្គ្រាមរបស់អ៊ុយក្រែន
14, Oct 2022 , 5:49 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១៣ ខែតុលា បានចោទប្រកាន់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ថា អសកម្មចំពោះការជួយការពារសិទ្ធិរបស់អ្នកទោសសង្គ្រាមអ៊ុយក្រែន។ នេះដោយសារកាកបាទក្រហមមិនបានទៅពិនិត្យមើលជំរំភាគខាងកើត ដែលជាកន្លែងអ្នកទោសសង្គ្រាមអ៊ុយក្រែនរាប់សិបនាក់បានស្លាប់។



ក្រោយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ប្រកាសផ្អាកការងារជាបណ្តោះអាសន្ននៅអ៊ុយក្រែន ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅក្នុងសារជាវីដេអូបានរិះគន់ថា ICRC អសកម្មក្នុងការជួយការពារសិទ្ធិអ្នកទោសសង្គ្រាមរបស់អ៊ុយក្រែន។ អ្នកទោសសង្គ្រាមអ៊ុយក្រែនជាង ៥០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅជំរំ Olenivka ក្នុងខែកក្កដាកន្លងទៅ។ ពួកគេភាគច្រើនជាទាហានការពាររោងផលិតដែកថែប Azovstal នៅទីក្រុង Mariupol។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។ 
 
លោក ហ្សេលេនស្គី បានអះអាងថា គ្មាននរណាម្នាក់បានទៅពិនិត្យជំរំ Olenivka នៅភាគខាងកើតអ៊ុយក្រែន ទីដែលអ្នកទោសសង្គ្រាមរាប់សិបនាក់បានស្លាប់ដោយសារការបាញ់ប្រហារឡើយ។
 
«ខ្ញុំជឿថា គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម មិនមែនជាក្រុមដែលមានឯកសិទ្ធិដែលមនុស្សម្នាក់ៗអាចទទួលបានប្រាក់ខែ ហើយយកទៅសប្បាយក្នុងជីវិតទេ»។ លោក ហ្សេលេនស្គី បាននិយាយបែបនេះក្នុងវីដេអូដដែល។ មេដឹកនាំអ៊ុយក្រែនបន្ថែមថា កាកបាទក្រហមមានកាតព្វកិច្ចជាចម្បងប្រកបដោយសីលធម៌ ហើយកិច្ចការរបស់កាកបាទក្រហមត្រូវតែបំពេញជាចាំបាច់។ 
 
លើសពីនេះ មេដឹកនាំអ៊ុយក្រែនរូបនេះបានជំរុញឱ្យកាកបាទក្រហមបំពេញបេសកកម្មនៅជំរំភាគខាងកើតអ៊ុយក្រែន ដែលកំពុងកាន់កាប់ដោយរុស្ស៊ីទៀតផង។ ជំនួយការមេដឹកនាំអ៊ុយក្រែន  លោក Andriy Yermak បានចេញឱសានវាទដល់ ICRC ដើម្បីចាប់ផ្តើមបេសកកម្មក្នុងរយៈពេលបីថ្ងៃ បើមិនដូច្នេះទេ អាជ្ញាធរក្រុងកៀវនឹងចេញប្រតិបត្តិការដោយខ្លួនឯង។
នៅថ្ងៃទី១០ ខែតុលា គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងក្រុមផ្ដល់ជំនួយមួយផ្សេងទៀត បាន​ផ្អាក​ការងាររបស់ពួកគេជាបណ្តោះអាសន្ននៅអ៊ុយក្រែនក្រោមហេតុផលសន្តិសុខ បន្ទាប់ពីរុស្ស៊ីបានបាញ់ស្រោចមីស៊ីល​ដាក់ទីក្រុងនានានៅអ៊ុយក្រែន។ 
 
ជុំវិញបញ្ហាការស្លាប់របស់អ្នកទោសសង្គ្រាមរបស់អ៊ុយក្រែននេះ វាមានការ​​ចោទប្រកាន់គ្នាទៅវិញទៅមករវាង​រុស្ស៊ី​និងអ៊ុយក្រែន។ អ៊ុយក្រែនបានចោទរុស្ស៊ីថាបាន​ធ្វើ​ទារុណកម្ម និង​ការ​សម្លាប់​អ្នកទោសសង្គ្រាមរបស់ខ្លួន។ ចំណែក អាជ្ញាធរ​រុស្ស៊ី​បាន​អះអាង​ថា មី​ស៊ី​ល​របស់​អ៊ុយ​ក្រែ​នជាមូលហេតុ​បង្ក​ឱ្យ​មានការ​ផ្ទុះដែលសម្លាប់អ្នកទោសសង្គ្រាមទាំងនោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com