អន្តរជាតិ
រដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេស ត្រូវបណ្តេញចេញពីតំណែង
14, Oct 2022 , 10:14 pm        
រូបភាព
លោក Kwasi Kwarteng រដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេស ដែលត្រូវបានបណ្តេញចេញពីតំណែង។ រូបភាព៖ AFP
លោក Kwasi Kwarteng រដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេស ដែលត្រូវបានបណ្តេញចេញពីតំណែង។ រូបភាព៖ AFP
រដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេស លោក Kwasi Kwarteng ត្រូវបានបញ្ចប់តំណែង បន្ទាប់ពីកាន់តំណែងបានតិចជាង ៦សប្តាហ៍។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៤ ខែតុលា។

 
ក្រោយកាន់តំណែងបាន ៣៧ថ្ងៃ លោក Kwasi Kwarteng រដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេស បានលាចេញពីតំណែងតាមសំណើរបស់នាយករដ្ឋមន្រ្តីអង់គ្លេស​ លោកស្រី Liz Truss។ នេះជាការកាន់តំណែងរដ្ឋមន្រ្តីហិរញ្ញវត្ថុដ៏ខ្លីបំផុត បើគិតចាប់ពីឆ្នាំ១៩៧០ មក។ 
 
«អ្នកបានស្នើខ្ញុំឱ្យលាឈប់ពីរដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់អ្នក»។ លោក Kwasi Kwarteng បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីប្រកាសមួយ ដែលលោកបានបង្ហោះលើបណ្តាញសង្គម Twitter នៅប៉ុន្មានម៉ោងក្រោយការចេញផ្សាយរបស់សារព័ត៌មាន BBC ក្នុងថ្ងៃទី១៤ ខែតុលា។ 
 
ជាការឆ្លើយតប ក្នុងសន្និសីទសារព័ត៌មានមួយក្នុងថ្ងៃដដែល នាយករដ្ឋមន្រ្តីអង់គ្លេសបានបង្ហាញការសំទោស និងលើកឡើងថា លោកស្រី និងលោក Kwarteng មានចក្ខុវិស័យដូចគ្នា។ 
 
ស្របគ្នានេះ លោកស្រីនាយករដ្ឋមន្រ្តីក៏បានប្តេជ្ញាបន្តកាន់តំណែងជាប្រមុខរដ្ឋាភិបាលអង់គ្លេសទៀតដែរ ខណៈសមាជិកជាន់ខ្ពស់នៃបក្សអភិរក្សនិយម បានអំពាវនាវឱ្យលោកស្រី Truss ចុះចេញពីតំណែង។ បើតាមប្រមុខរដ្ឋាភិបាលអង់គ្លេស អាទិភាពរបស់លោកស្រី គឺធ្វើឱ្យប្រាកដថារដ្ឋាភិបាលអាចផ្តល់ស្ថិរភាពសេដ្ឋកិច្ច និងការពារផលប្រយោជន៍ជាតិ។ ក្នុងសន្និសីទនៅថ្ងៃទី១៤ ខែតុលា លោកស្រី Truss ក៏បានបង្ហាញរដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេសថ្មីផងដែរ គឺលោក Jeremy Hunt៕
 

Tag:
 អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com