ជាតិ
សង្គមជាតិ
ក្រសួងកិច្ចការនារី៖ សមភាពយេនឌ័ររីកដុះដាលជាមុន នាចុងក្រោយនេះ
14, Oct 2022 , 10:59 pm        
រូបភាព
ភ្នំពេញ៖ ក្នុងពិធីគម្រប់ខួប២០ឆ្នាំរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា លោកស្រី អ៊ឹម ស៊ីថែ រដ្ឋលេខាធិការក្រសួងកិច្ចការនារី អះអាងថា សមភាពយេនឌ័រ ការលើកកម្ពស់ស្រ្តី និងក្មេងស្រីនៅកម្ពុជា រីកដុះដាលជាងមុនកាន់តែប្រសើរនារយៈពេលចុងក្រោយនេះ។ នេះក៏ដោយសារមានការជំរុញគ្រប់ភាគីពាក់ព័ន្ធ ទាំងរដ្ឋាភិបាល ក្រសួងស្ថាប័ននានា ពិសេសអង្គការភ្លែន ដែលបានបញ្ជ្រាបការយល់ដឹងដល់ពលរដ្ឋតាមសហគមន៍។



លោកស្រី អ៊ឹម ស៊ីថែ រដ្ឋលេខាធិការក្រសួងកិច្ចការនារី មើលឃើញថា ការចូលរួមក្នុងសង្គម និងកិច្ចការងារផ្សេងៗរបស់ស្រ្តី និងកុមារ កើនឡើងជាងមុន ដែលជាសញ្ញាវិជ្ជមាននៃសមភាពយេនឌ័រនៅកម្ពុជាមានភាពរីកចម្រើន។ ម្យ៉ាងការលើកកម្ពស់ក្មេងស្រី ឱ្យទទួលបានអប់រំពេញលេញ មានការប្រកួតប្រជែងចំណេះជំនាញ ក៏កាន់តែល្អប្រសើរផងដែរ។



លោកស្រី អ៊ឹម ស៊ីថែ លើកឡើងថា៖«ស្រ្តីដែលបម្រើការងារក្នុងក្រសួងស្ថាប័នរដ្ឋមាន៣០ភាគរយហើយ ប៉ុន្តែក្រសួងចង់ជំរុញឱ្យបាន៥០ភាគរយ។ អ៊ីចឹងបន្តិចទៅនឹងអាចហើយ ព្រោះមានការគាំទ្រ និងជំរុញពីរដ្ឋាភិបាល»។ 
 
លោកស្រី បន្តថា មានស្រ្តីជាច្រើនបានចូលរួមបម្រើការងារនៅគ្រប់វិស័យ ដូច្នេះវានឹងកាន់តែល្អសម្រាប់ស្រ្តីឆ្ពោះទៅតំណែងជាអ្នកដឹកនាំ។
លោក យី គីមថាន នាយករងផ្នែកកម្មវិធីរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា លើកឡើងថា អង្គការភ្លែនបានចូលរួមជាមួយរដ្ឋាភិបាល ក្នុងការលើកកម្ពស់ និងជំរុញសក្តានុពលរបស់ក្មេងស្រី និងស្រ្តីនៅកម្ពុជា។ រយៈពេល២០ឆ្នាំមកនេះ ភ្លែនបានធ្វើការងារជាច្រើន ទាំងក្នុងវិស័យអប់រំ សុខាភិបាល សេវាសាធារណៈ និងការអភិវឌ្ឍជនបទជាដើម។
 
លោក យី គីមថាន អះអាងថា អង្គការភ្លែនប្តេជ្ញាជំរុញ និងលើកកម្ពស់សមភាពយេឌ័រនៅកម្ពុជាឱ្យកាន់តែល្អប្រសើរជាងមុន។ «ក្នុងរយៈពេល៥ឆ្នាំទៅមុខ អង្គការភ្លែនចង់ឃើញក្មេងស្រី និងស្រ្តីនៅកម្ពុជា មានសក្ដានុពល មានការសម្រេចចិត្តអាចបំពេញបំណងប្រាថ្នាបាន។ ភ្លែននឹងបន្តលើកកម្ពស់សមត្ថភាពយេនឌ័រសម្រាប់ស្រ្តីនៅកម្ពុជា»។ នេះជាលើកឡើងរបស់លោក យី គីមថាន ក្នុងពិធីគម្រប់ខួប២០ឆ្នាំរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ។



យុវតី ថន ជេដ្ឋានី ជាសមាជិកក្លឹបកុមារ និងយុវជនរបស់អង្គការភ្លែន នៅខេត្តស្ទឹងត្រែង មានអារម្មណ៍ថាសប្បាយចិត្ត និងមានមោទកភាពក្នុងនាមជាស្រ្តីដែលទទួលបានការគាំទ្រ លើកកម្ពស់ និងជំរុញឱ្យចូលរួមធ្វើកិច្ចការងារនានាក្នុងសង្គម។ យុវតី ជេដ្ឋានី ថានៅពេលចូលរួមក្នុងសង្គមច្រើន គេអាចទទួលបានចំណេះដឹងច្រើន និងអាចដោះស្រាយបញ្ហាប្រឈមនានា ដែលគេមិននឹកស្មានឡើយថាខ្លួនជាស្រ្តីអាចធ្វើបាន។
 
ជេដ្ឋានី បញ្ជាក់ថា រយៈពេល៤ឆ្នាំហើយដែលនាងបានចូលរួមក្នុងសង្គម ហើយក៏ទទួលបានបទពិសោធ និងចំណេះដឹងទាក់ទងការលើកកម្ពស់សិទ្ធ និងសមភាពយេនឌ័រ។ យុវតីវ័យ១៩ឆ្នាំរូបនេះ លើកឡើងថា៖«ក្នុងនាមខ្ញុំជាស្រ្តី ខ្ញុំប្តេជ្ញាចិត្តចូលរួមលើកកម្ពស់វិស័យសិទ្ធកុមារតាមរយៈសកម្មភាពនានា និងសមភាពយេនឌ័រ ដើម្បីឈានទៅការសម្រេចក្ដីស្រមៃ និងចែករំលែកចំណេះដឹងដល់កុមារក្នុងសហគមន៍»៕


 

Tag:
 ក្រសួងកិច្ចការនារី
 សមភាពយេនឌ័រ
© រក្សាសិទ្ធិដោយ thmeythmey.com