អន្តរជាតិ
ការស្ទង់មតិ៖ ប្រជាជនសិង្ហបុរីមិនចង់យកកូនព្រោះចំណាយច្រើន និងកើតស្ត្រេស
15, Oct 2022 , 10:29 am        
រូបភាព
ការស្ទង់មតិអាពាហ៍ពិពាហ៍ និងភាពជាឪពុកម្តាយក្នុងឆ្នាំ២០២១ ដែលចេញផ្សាយដោយនាយកដ្ឋានប្រជាសាស្ត្រ និងទេពកោសល្យជាតិសិង្ហបុរី (NTPD) បានរកឃើញពីភាពខុសគ្នារវាងបំណងប្រាថ្នា និងការពិតជុំវិញការយកកូនរបស់គូស្វាមីភរិយាក្នុងបុរីរដ្ឋមួយនេះ។ បញ្ហាហិរញ្ញវត្ថុ បញ្ហាស្ត្រេស ការពិបាកគ្រប់គ្រងការងារ និងតម្រូវការគ្រួសារ ជាកត្តាដែលធ្វើឱ្យការពិតខុសពីអ្វីដែលបានរំពឹង។



ការស្ទង់មតិអាពាហ៍ពិពាហ៍ និងភាពជាឪពុកម្តាយរបស់សិង្ហបុរីត្រូវបានធ្វើឡើងចាប់ពីខែកុម្ភៈដល់ខែមិថុនាឆ្នាំ២០២១ ហើយអ្នកចូលរួម រួមមានអ្នកនៅលីវចំនួន២៨៤៨នាក់ ហើយ៣០១៧នាក់ជាអ្នករៀបការហើយដែលមានអាយុពី២១ ទៅ៤៥ឆ្នាំ។ 
 
សម្រាប់ប្រជាជនសិង្ហបុរី បំណងប្រាថ្នាចង់រៀបការ និងមានកូនច្រើននៅតែដក់ជាប់ក្នុងផ្នត់គំនិតពួកគេ ប៉ុតែជាក់ស្ដែងគូស្វាមីភរិយាជាច្រើនមានកូនតិចជាងបំណងប្រាថ្នា។ បើតាមលទ្ធផលសិក្សា ស្វាមីភរិយា៩២ភាគរយ ដែលបានចូលរួមការស្ទង់មតិបានអះអាងថា ពួកគេចង់មានកូនពីរឬច្រើនជាងនេះ ប៉ុន្តែការពិតអ្នកចូលរួមដល់ទៅ៥១ភាគរយ មានកូនតែម្នាក់ប៉ុណ្ណោះ។ 
 
មូលហេតុចម្បងមួយសម្រាប់ការមិនយកកូនបន្ថែមទៀតនោះដោយសារបញ្ហាហិរញ្ញវត្ថុ។ អ្នកចូលរួម ៦៤ភាគរយ បានលើកឡើងពីបញ្ហាការចំណាយដែលនាំឱ្យពួកគេមិនអាចយកកូនច្រើន។ ហេតុផលទីពីរដែលធ្វើឱ្យប្រជាជនសិង្ហបុរីពិបាកយកកូន ព្រោះការចិញ្ចឹមកូនពិបាកខ្លាំង ធ្វើឱ្យធុញថប់ និងស្ត្រេសជាដើម។ 
 
ចំណែកហេតុផលចុងក្រោយ គឺពិបាកគ្រប់គ្រងការងារ និងតម្រូវការក្នុងគ្រួសារ។ លើសពីនេះ គូស្វាមីភរិយាក៏ព្រួយបារម្ភខ្លះអំពីកង្វះការរៀបចំ ការថែទាំល្អកូន ហើយអ្នកខ្លះនិយាយថាពួកគេពិបាកមានផ្ទៃពោះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន CNA។ 
 
អ្នកចូលរួមដែលនៅលីវ៧៧ភាគរយសុទ្ធតែចង់បានកូន ខណៈអ្នកដែលមិនប្រាកដ ឬមិនចង់បានកូន លើកឡើងថា ខ្លួនព្រួយបារម្ភអំពីការចំណាយលើការចិញ្ចឹមកូន ការខ្វះខាតពេលវេលា និងកម្លាំងថែទាំកូន ក៏ដូចជាត្រូវខិតខំការងារផងមើលថែគ្រួសារផង។ 
 
ជុំវិញរឿងរៀបការ អ្នកចូលរួមជាយុវជននៅលីវអាយុចន្លោះពី ២១ឆ្នាំ ទៅ ៣៥ឆ្នាំ ចំនួន៨០ភាគរយ អះអាងថាពួកគេចង់រៀបការ។ យ៉ាងណាមិញ អត្រានេះបានធ្លាក់ចុះបន្តិចធៀបនឹងឆ្នាំ២០១៦ ដែលមាន ៨៣ភាគរយ និងឆ្នាំ២០១២ ដែលមានដល់ទៅ៩៨ភាគរយ។ បីភាគបួននៃអ្នកចូលរួមស្ទង់មតិ យល់ថា ការមានការងារ និងការមានគ្រួសារមានសារសំខាន់ដូចគ្នា ហើយ១៤ភាគរយប៉ុណ្ណោះដែលឱ្យតម្លៃការមានគ្រួសារ មានសារសំខាន់ជាងមុខរបរការងារ។
 
ដើម្បីដោះស្រាយបញ្ហាយកកូនតិចនេះ ប្រជាជនសិង្ហបុរីជាច្រើនយល់ថា ការរៀបចំរបៀបធ្វើការងារដែលអាចបត់បែនបាន នឹងជួយសម្រួលដល់គូស្វាមីភរិយាសម្រាប់ការចាប់ផ្តើមគ្រួសារ និងការមានកូនកាន់តែច្រើន៕ 
 

Tag:
 សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com