អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំប៉ាឡេស្ទីនថា មិនជឿអាម៉េរិក តែទុកចិត្តរុស្ស៊ីក្នុងការដោះស្រាយបញ្ហាជាមួយអ៊ីស្រាអែល
15, Oct 2022 , 7:29 pm        
រូបភាព
ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas និងប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន។ រូបថត AFP
ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas និងប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន។ រូបថត AFP
ប្រធានាធិបតី​ប៉ាឡេស្ទីន​លោក Mahmoud Abbas ជួបជាមួយប្រធានាធីបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅ​ថ្ងៃទី១៣ ខែតុលា ហើយបានបង្ហាញពីការមិនទុកចិត្តលើក្រុងវ៉ាស៊ីនតោនក្នុងការដោះស្រាយជម្លោះ​ជាមួយអ៊ីស្រាអែល ក៏ប៉ុន្តែបានសម្ដែងការកោតសរសើរចំពោះតួនាទីរុស្ស៊ី។

 
នាជំនួបនៅទឹកដីកាហ្សាក់ស្ថាន មេដឹកនាំប៉ាឡេស្ទីន​ រំលឹកឡើងវិញពីការគាំទ្ររបស់លោក​ចំពោះ​ក្រុម​សម្របសម្រួលអន្តរជាតិ Quartet ចំពោះវិបត្តិជាមួយអ៊ីស្រាអែលដែលមានរុស្ស៊ី អាម៉េរិក និង​អង្គការ​សហប្រជាជាតិផង។ ក៏ប៉ុន្តែលោកបានលើកឡើងថា ចំពោះអាម៉េរិកមិន​គួរត្រូវទទួល​បាន​សេរីភាព​ក្នុង​ការធ្វើការងារណាមួយដោយឯកឯងនោះឡើយ។
 
«ពួកយើងមិនជឿជាក់លើអាម៉េរិកនោះទេ ហើយអ្នកក៏ដឹងជំហររបស់ពួកយើងដែរ»។ លោក Abbas​ប្រាប់លោក ពូទីន បែបនេះអំឡុងសន្និសីទស្តីពីអន្តរកម្មនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅទឹកដីកាហ្សាក់ស្ថាន។ លោក Abbas ​​បន្តថា បាឡេស្ទីនមិនជឿហើយ ក៏មិនពឹង​ផ្អែក​លើ​អាម៉េរិកក្នុងការដោះស្រាយបញ្ហាទោះបីក្នុងកាលៈទេសៈណាមួយក៏ដោយ។
 
ត្រង់នេះ មេដឹកនាំប៉ាឡេស្ទីនចង់សំដៅលើភាពជិតស្និទ្ធរវាងអាម៉េរិក និងអ៊ីស្រាអែលដែលនឹងធ្វើឱ្យអា ម៉េរិកលម្អៀងទៅរកអ៊ីស្រាអែលក្នុងការដោះស្រាយជម្លោះរាប់សិបឆ្នាំរវាងប្រទេសទាំងពីរ។
 
ទន្ទឹមនេះ លោក Abbas​ ក៏បានកោតសរសើពីរុស្ស៊ីដែលបានដោះស្រាយបញ្ហាប្រកបដោយ​យុត្តិធម៌ និងគោរពច្បាប់អន្តរជាតិ។ សម្រាប់មេដឹកនាំរូបនេះ ការណ៍ដែលរុស្ស៊ីបានមានជំហរស្របជាមួយច្បាប់ អន្តរជាតិបែបនេះគឺគ្រប់គ្រាន់សម្រាប់ប៉ាឡេស្ទីន និងជាអ្វីដែលប្រទេសខ្លួនចង់បាន ហើយប៉ាឡេស្ទីនសប្បាយចិត្ត និងពេញចិត្តចំពោះគោលជំហររបស់រុស្ស៊ី៕
 

Tag:
 ប៉ាឡេស្ទីន
  អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com