ជាតិ
ពីអ្នកសេដ្ឋកិច្ចនាវាចរណ៍ លោក ឡុកស្មិត សាមឌី ក្លាយជាស្ថាបនិក BNI Cambodia ព្រោះចង់ជំរុញសេដ្ឋកិច្ចជាតិ
15, Oct 2022 , 7:59 pm        
រូបភាព
លោក ឡុកស្មិត សាមឌី  ស្ថាបនិក BNI Cambodia.
លោក ឡុកស្មិត សាមឌី ស្ថាបនិក BNI Cambodia.
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ ៩ឆ្នាំហើយ ដែលប៊្រេនឆាយ BNI លេចវត្តមានក្នុងទីផ្សារប្រទេសកម្ពុជា ដែលបង្កើតឡើងលោក ឡុកស្មិត សាមឌី អតីតអ្នកសេដ្ឋកិច្ចនាវាចរណ៍ ពីប្រទេសវៀតណាម។ ក្នុងបទសម្ភាសជាមួយកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ស្ថាបនិក BNI រូបនេះពន្យល់ថា លោកយក BNI មកកម្ពុជា ដើម្បីជួយពង្រីកសក្តានុពលអាជីវកម្មរបស់សមាជិក  តាមរយៈការលក់ និងជំរុញទីផ្សារដល់គ្នាទៅវិញទៅមក។ លោក សាមឌី បញ្ចាក់ថា ឆ្នាំដំបូងនៃវត្តមាន BNIនៅកម្ពុជា ពិតជាមិនងាយស្រួលឡើយ ដោយលោកត្រូវព្យាយាមពន្យល់ម្ចាស់អាជីវកម្មម្តងម្នាក់ៗ ទម្រាំតែពួកគេយល់ សឹងតែលើកដៃសំពះ ហើយពេលខ្លះសឹងតែបោះបង់ចោលម្តងៗ។

 
 
ដើម្បីកាន់តែលំអិតពីខ្លឹមសារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ជាមួយ លោក ឡុកស្មិត សាមឌី  ស្ថាបនិក BNI Cambodia   ដូចតទៅ៖ 




 
កញ្ញា សុង សុធាវី៖ លោកជាអ្នកសេដ្ឋកិច្ចនាវាចរណ៍បានបញ្ចប់់ការសិក្សាពីប្រទេសវៀតណាម ហេតុអ្វីសម្រេចចិត្តនាំយក BNI  មកប្រទេសកម្ពុជាវិញ?
លោក ឡុកស្មិត សាមឌី៖ ខ្ញុំធ្វើការខាងសេដ្ឋកិច្ចនាវាចរណ៍នេះជិត២០ឆ្នាំហើយ តែថ្ងៃមួយខ្ញុំបានចូលរួមប្រជុំជាមួយ BNI នៅវៀតណាម តាមការអញ្ជើញរបស់មិត្តខ្ញុំម្នាក់ ពេលនោះហើយខ្ញុំមើលឃើញពីឱកាសអាជីវកម្មជាច្រើនដែលគេបានផ្តល់ឱ្យគ្នា និងរស់នៅជាគ្នាច្រើនឆ្នាំ។ ចំណុចជាច្រើនធ្វើឱ្យខ្ញុំឆ្ងល់ និងប្រឹងស្វែងយល់ពី BNI កាន់តែច្រើនរហូតមើលឃើញថា BNI គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការពង្រីកអាជីកម្ម និងជំរុញផ្នែកលក់ ក៏ដូចជាទីផ្សារសម្រាប់ម្ចាស់អាជីវកម្មនៅស្រុកយើង។ល។ 


 លោក ឡុកស្មិត សាមឌី  ស្ថាបនិក BNI Cambodia.

កញ្ញា សុង សុធាវី៖ រវាងជំនាញសេដ្ឋកិច្ចនាវាចរណ៍ និងការងារជាអ្នកដឹកនាំ BNI Cambodia នេះ 
តើប្លែកពីគ្នាយ៉ាងម៉ិច ហើយលោកមានការបត់បែនជាមួយវាបែបណា?
លោក ឡុកស្មិត សាមឌី៖ ចំពោះការបត់បែនដូចជាមិនសូវខុសគ្នាច្រើនទេ ព្រោះមួយជាការផ្គត់ផ្គង់ផ្នែកសម្ភារៈទៅកាន់អតិថិជន តែ BNI យើងយកចិត្តទុកដាក់លើផ្នែកសេវាកម្ម តាមរយៈប្រព័ន្ធគ្រប់គ្រងអាជីវកម្ម ដើម្បីផ្តល់ជូនអត្ថប្រយោជន៍ទៅកាន់ម្ចាស់អាជីវកម្ម។ អ៊ីចឹងខ្ញុំក៏យក BIN មកកម្ពុជា ហើយការងារនេះដំបូងមិនងាយស្រួលទេ ដោយសារម្ចាស់អាជីវកម្មមួយចំនួនគាត់មិនទាន់យល់ ពីអត្ថប្រយោជន៍របស់ BNI។ ទម្រាំអាចដំណើរការក្រុមដំបូងគឺ CEO ក្នុងឆ្នាំ២០១៣បាន ត្រូវព្យាយាមពន្យល់ពួកគាត់ម្តងម្នាក់ៗ ឱ្យយល់ សឹងតែលើកដៃសំពះ ដើម្បីតែឱ្យពួកគាត់បានចូលរួមជាជំហានដំបូងសិន។ បន្ទាប់ពីពួកគាត់យល់ និងបានឃើញពីភាពរីកចម្រើនរបស់ BNI ពួកគាត់ក៏សប្បាយចិត្ត ហើយខ្ញុំក៏រីករាយដែរ និងខិតខំរៀនស្រាវជ្រាវបន្តទៀត ដើម្បីមានសមត្ថភាពជួយពួកគាត់ ក្នុងដំណើរបេសកម្មរួមគ្នានេះ។
 
កញ្ញា សុង សុធាវី៖ លោកអគ្គនាយក នាងខ្ញុំជឿជាក់ថា សម្រាប់ម្ចាស់អាជីវកម្ម នៅពេលគាត់មិនទាន់ស្គាល់ការងារនេះច្បាស់ ពួកគាត់អាចនឹងគិតថាជាការលក់តគ្នាទៅវិញ តើលោកបកស្រាយបែបណា?
លោក ឡុកស្មិត សាមឌី៖ ប្អូន សុធាវី និយាយនេះពិតណាស់ កាលនោះស្រុកខ្មែរយើងមានការរសើបនឹងពាក្យថា «បណ្តាញ»ច្រឡំនឹងក្រុម  LMN លក់បន្តគ្នា ពីតាដល់ចៅ។ បន្ទាប់ពីពួកគាត់បានយល់ ខ្ញុំមានភាពងាយស្រួលច្រើន តែពីមុនពិបាកណាស់ BNI សឹងតែបោះបង់ចោលហើយកាលនោះ។
 
កញ្ញា សុង សុធាវី៖ លោក ការងារនេះមានទំហំធំ សក្តានុពលក៏ខ្លាំង និងទាមទារដើមទុនច្រើន តើធ្វើយ៉ាងម៉ិចដើម្បីឱ្យអាជីវកម្មនេះដើរ ព្រោះអ្នកនាំយកប្រ៊េនឆាយមកខ្មែរក៏មិនតិចដែរ?
លោក ឡុកស្មិត សាមឌី៖  ចំពោះគ្រប់ការងារទាក់ទងនឹងប្រ៊េនឆាយនេះគឺពិបាកណាស់ក្នុងជំហានដំបូង ទោះបីយើងមានការសិក្សាវិភាគស៊ីជម្រៅបែបណាក៏ដោយ ព្រោះវាទាមទារទំនុកចិត្តពីអតិថិជន។ អ៊ីចឹង BNI  ខំប្រឹងដើម្បីឱ្យគេទទួលស្គាល់ ថាការចូលរួមជាមួយ BNI បានទទួលអត្ថប្រយោជន៍អ្វីខ្លះ? ព្រោះថាការបណ្តាក់ទុនតែងតែរំពឹងបានផលអ្វីមួយហើយ។ អ៊ីចឹងការបណ្តាក់ទុនទាល់តែមានផលចំណេញ និងតួរលេខច្បាស់លាស់ ទើបពួកគាត់អាចទទួលយកយើងបាន។


 លោក ឡុកស្មិត សាមឌី  ស្ថាបនិក BNI Cambodia ក្នុងបទសម្ភាសជាមួយកម្មវិធី « គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ

កញ្ញា សុង សុធាវី៖ ត្រង់ចំណុចនេះ ខ្ញុំចង់ដឹងពីយុទ្ធសាស្រ្តរបស់លោកក្នុងនាមជាអ្នកដឹកនាំ តើធ្វើដូចម្តេចឱ្យការងារនេះប្រព្រឹត្តទៅដោយរលូន?
លោក ឡុកស្មិត  សាមឌី៖ បាទ ក្នុងការធ្វើការងារនេះ BNI កសាងអ្នកដឹកនាំ  អ៊ីចឹងហើយទើប BNI មានអ្នកដឹកនាំជាច្រើន ដែលយើងបានកសាងពួកគាត់ ហើយពួកគាត់ទៅកសាងអ្នកដទៃ ។ កាលណាគាត់មានភាពជាអ្នកដឹកនាំ គាត់ចង់ជួយម្ចាស់អាជីវកម្ម សេដ្ឋកិច្ច ព្រោះពេលដែល BNI Cambodia រីកចម្រើន ប្រៀបដូចជាយើងបានចាក់ចរន្ធលុយចូលក្នុងសេដ្ឋកិច្ចជាតិយើង ហើយយើងក៏អាចបង្កើតការងារក្នុងស្រុកយើងឱ្យបានច្រើនផងដែរ។
 
គួរបញ្ជាក់ថា មកដល់បច្ចុប្បន្ន សមាគមមួយនេះមានសមាជិករហូតដល់ ជិតពីរពាន់នាក់ ដែលចែកចេញជា ៤៤ក្រុម និងផ្តល់ជូនឱកាសអាជីវកម្មដល់សមាជិកទាំងអស់ខ្ទង់ ១០ម៉ឺនឱកាស មកពីចម្រុះវិស័យ។ ក្នុងបទសម្ភាសជាមួយកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដដែល បុរសមាឌមាំសម្បុរសខ្ពស់រូបនេះ បង្ហាញឱ្យដឹងថា ក្នុងរយៈពេល១២ខែកន្លងទៅ ចំណូលដែលបំប្លែងជាទឹកប្រាក់របស់ BNI Cambodia ទទួលបានគឺ ៧៩.២ លានដុល្លារ។ រីឯ ៣ខែចុងក្រោយនេះ ក៏ទទួលបានថវិកាចំនួន ២៤ លានដុល្លារ៕
 
 

Tag:
 វិស័យសេវាកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com