អន្តរជាតិ
ថៃ ចាប់អ្នកនេសាទវៀតណាម៥នាក់និងឃាត់ទូក១គ្រឿងដែលចូលរកឈ្លើងសមុទ្រក្នុងដែនទឹកខ្លួន
15, Oct 2022 , 8:29 pm        
រូបភាព
កងទ័ពជើងទឹកថៃ បានចាប់ខ្លួនអ្នកនេសាទជនជាតិវៀតណាម៥នាក់ និងរឹបអូសទូកមួយគ្រឿងដែលកំពុងធ្វើនេសាទក្នុងដែនទឹកក្នុងខេត្តភាគខាងត្បូង។ អ្នកទាំង៥ ប្រឈមមុខនីតិវិធីផ្លូវច្បាប់របស់ថៃ។

 
ទូកនេសាទវៀតណាម ត្រូវបានឃាត់ទុកពេលកំពុងនេសាទឈ្លើងសមុទ្រក្នុងឈូងសមុទ្រថៃនៅខេត្តសុងខ្លានៅថ្ងៃទី១៤ ខែតុលា។ ជនជាតិវៀតណាមដែលត្រូវបានចាប់ខ្លួន ត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានជើងទឹកក្នុងខេត្តនេះដើម្បីបន្តនីតិវិធី។ នេះបើតាមការប្រកាសកងនាវាចរណ៍ទី២ នៅថ្ងៃទី១៥ ខែតុលា។
 
អ្នកទាំង៥ រងការបទចោទធ្វើសកម្មភាពនេសាទខុសច្បាប់ក្នុងដែនទឹកថៃ ដំណើរការទូកនេសាទដោយគ្មានច្បាប់អនុញ្ញាត និងបទល្មើសមួយចំនួនទៀត។
 
នេះមិនមែនជាលើកទីមួយឡើយដែលទូកនេសាទវៀតណាម ចូលទៅដល់ដែនទឹករបស់ថៃ ពិសេសនៅប៉ែកខាងត្បូងប្រទេសនេះ។ ជារឿយៗ កងទ័ពជើងទឹកថៃ ចាប់ទុកទូកនេសាទខុសច្បាប់ជាច្រើនដែលរកស៊ីក្នុងដែនទឹករបស់ខ្លួន ជាមួយនឹងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងផង៕  
 
 

Tag:
 វៀតណាម
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com