អន្តរជាតិ
តើក្បាលម៉ាស៊ីនដឹកនាំរបស់បក្សកុម្មុយនីស្តចិនមានរចនាសម្ព័ន្ធបែបណា?
16, Oct 2022 , 10:02 am        
រូបភាព
សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃការិយាល័យនយោបាយទាំង៧រូប នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងក្រុងប៉េកាំងនាពេលកន្លងមក។ រូបភាព៖ Xinhua
សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃការិយាល័យនយោបាយទាំង៧រូប នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងក្រុងប៉េកាំងនាពេលកន្លងមក។ រូបភាព៖ Xinhua
បក្សកុម្មុយនីស្តចិន (CCP) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩២១ ហើយជាអង្គការដ៏មានឥទ្ធិពលបំផុតនៅក្នុងជួររដ្ឋាភិបាល ក៏ដូចជាសង្គមចិនទាំងមូល។ តាមការចុះផ្សាយរបស់កាសែត South China Morning Post សមាជិកបក្សកុម្មុយនីស្តចិនមានចំនួនប្រមាណ ៩២លាននាក់ ដោយអគ្គលេខាធិការបក្ស ដែលបច្ចុប្បន្នជាលោកស៊ី ជិនភីង ប្រធានាធិបតីចិន មានអំណាចខ្លាំងបំផុត។ តើក្បាលម៉ាស៊ីនដឹកនាំរបស់បក្សកុម្មុយនីស្តចិនមានរចនាសម្ព័ន្ធបែបណា?

 
 
បង្កើតឡើងនៅក្នុងឆ្នាំ១៩២១ ដោយស្ថាបនិកពីររូប គឺលោក Chen Duxiu និងលោក Li Dazhao បក្សកុម្មុយនីស្តចិនដំបូងឡើយមានសមាជិកត្រឹមតែ ៥០រូបប៉ុណ្ណោះ ខណៈ១០០ឆ្នាំក្រោយ បក្សដែលប្រកាន់គោលការណ៍ម៉ាក-លេនីនមួយនេះ មានសមាជិកប្រមាណ ៩២លាននាក់។ សមាជិកបក្សកុម្មុយនីស្តចិន មាននៅគ្រប់កន្លែង មិនថានៅសាលារៀន ក្នុងភូមិ រដ្ឋបាលថ្នាក់តំបន់ ឬខេត្តក្រុងឡើយ។ 
 
តាមក្រឹត្យក្រមរបស់បក្សកុម្មុយនីស្តចិន សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃការិយាល័យនយោបាយ ដែលមានអាយុចាប់ពី ៦៨ឆ្នាំឡើងទៅ ត្រូវចូលនិវត្តន៍ ខណៈសមាជិកមានអាយុ៦៧ឆ្នាំ អាចកាន់តំណែងបន្តរហូតដល់បញ្ចប់អាណត្តិរបស់ខ្លួន។ ប៉ុន្តែលោកស៊ី ជិនភីង អគ្គលេខាធិការបក្ស ត្រូវបានរំពឹងកាន់អំណាចបន្ត បើទោះដល់អាយុចូលនិវត្តន៍ក៏ដោយ។ 
 
នៅក្នុងឆ្នាំ ២០១៨ កន្លងមក ចិនបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយលុបចោលអាណត្តិប្រធានាធិបតីចិន ដែលអាចកាន់បានពីរអាណត្តិ។ ការលុបចោលនេះ នឹងអនុញ្ញាតឱ្យលោកស៊ី ជិនភីង អាចកាន់តំណែងជាប្រធានាធិបតីចិន បានមួយជីវិត។ 
 
នៅក្នុងជួរបក្សកុម្មុយនីស្តចិន គណៈរអចិន្រ្តៃយ៍នៃការិយាល័យនយោបាយ ជាផ្នែកដ៏មានអំណាចបំផុតនៅក្នុងការធ្វើសេចក្តីសម្រេចធំៗ។ បច្ចុប្បន្នគណៈកម្មាធិការអចិន្រ្តៃយ៍នៃការិយាល័យនយោបាយចិន មានសមាជិកចំនួន ៧រូប ក្នុងនោះមានលោកលោកស៊ី ជិនភីង អគ្គលេខាធិការបក្ស និងជាប្រធានាធិបតីចិន, លោក លី ខឹឈាំង នាយករដ្ឋមន្រ្តីចិន។
 
សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃការិយាល័យនយោបាយចំនួនពីររូបនឹងត្រូវជ្រើសតាំង ក្នុងសមាជបក្សលើកទី២០ នៅក្នុងខែតុលាខាងមុខ ដោយសារលោក Li Zhanshu និងលោក Han Zheng នឹងចូលនិវត្តន៍ ដោយសារដល់អាយុ តាមក្រឹត្យក្រមរបស់បក្ស។ យ៉ាងណាមិញ លោកស៊ី ជីនភីង ត្រូវបានរំពឹងថា នឹងកាន់តំណែងជាលេខាធិការបក្សនៅអាណត្តិទីបីបន្ត ក្រោយកាន់តំណែងមួយនេះ ចាប់តាំងពីឆ្នាំ២០១២ មក។ 
 
រចនាសម្ព័ន្ធបន្ទាប់គឺការិយាល័យនយោបាយចិន ដែលបច្ចុប្បន្នមានសមាជិកចំនួន ២៥រូប។ សមាជិកចំនួន ២៥រូប ត្រូវបានជ្រើសរើសដោយគណៈកម្មាធិការមជ្ឈិម ដែលស្ថិតលំដាប់បន្ទាប់ នឹងមានសមាជិកចំនួន ៣៧០រូប។ តាមការចុះផ្សាយរបស់កាសែត South China Morning Post បើទោះក្នុងច្បាប់បានចែងថា សមាជិកទាំង ២៥រូប ត្រូវបានជ្រើសរើសដោយគណៈមជ្ឈិមក៏ដោយ ប៉ុន្តែវាតែងមានការរៀបចំទុកជាមុន។ 
 
រចនាសម្ព័ន្ធបន្ទាប់ពីការិយាល័យនយោបាយចិន និងគណៈមជ្ឈិម គឺសមាជជាតិនៃបក្សកុម្មុយនីស្តចិន ដែលបច្ចុប្បន្នមានសមាជិកប្រមាណ២២០០នាក់។ សមាជជាតិនៃបក្សកុម្មុយនីស្តចិន ប្រជុំរៀងរាល់ ៥ឆ្នាំម្តង ដើម្បីតំណាងឱ្យសមាជិកបក្សទាំងអស់ ៩២លាននាក់។ កិច្ចប្រជុំលើកទី២០ ចាប់ផ្តើមពីថ្ងៃទី១៦ ខែតុលា។ សមាជនេះ ត្រូវបានធ្វើឡើងដើម្បីជ្រើសរើសសមាជិកគណៈមជ្ឈិម ត្រួតពិនិត្យគោលនយោបាយ និងភាពជោគជ័យរបស់បក្សនាពេលកន្លងមក ក៏ដូចជាដាក់ចេញគោលនយោបាយថ្មីៗសម្រាប់ប្រទេស។
 
ក្បាលម៉ាស៊ីនដឹកនាំថ្មី នឹងត្រូវបង្ហាញនៅថ្ងៃទី២២ ខែតុលា ដែលជាថ្ងៃបញ្ចប់កិច្ចប្រជុំ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com