អន្តរជាតិ
បក្សកម្មុយនីស្តចិន បើកសមាជលើកទី២០, លោក ស៊ី រំពឹងកាន់តំណែងលេខាបក្សអាណត្តិទី៣
16, Oct 2022 , 11:59 am        
រូបភាព
បក្សកុម្មុយនីស្តចិន បើកសមាជបក្សលើកទី២០ របស់ខ្លួននៅថ្ងៃទី១៦ ខែតុលា ដោយលោក ស៊ី ជិនភីង រំពឹងបន្តកាន់តំណែងកំពូល៥ឆ្នាំទៀត។ កិច្ចប្រជុំនេះ នឹងជជែកពីគោលនយោបាយបក្ស៥ឆ្នាំខាងមុខ និងជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំបក្សសម្រាប់អាណត្តិថ្មី។

 
លោក ស៊ី ជិនភីង និងថ្នាក់ដឹកនាំកំពូលៗរបស់បក្សកុម្មុយនីស្តចិន ធ្វើជាអធិបតីក្នុងពិធីបើកសមាជជាតិលើកទី២០ របស់បក្សនៅឯវិមានប្រជាជនចិនក្នុងទីក្រុងប៉េកាំង។ លោក ស៊ី ដែលជាអគ្គលេខាធិការបក្ស បានអានរបាយការណ៍សមិទ្ធផលចាប់ពីសមាជលើកទី១៩ ដល់អង្គសមាជ។
 
ក្នុងរបាយការណ៍ លោក ស៊ី ថ្លែងពីតួនាទីរបស់បក្សកុម្មុយនីស្តចិនក្នុងការដឹកនាំប្រទេស ហើយនិយាយថា សមាជលើកទី២០ ធ្វើឡើងចំពេលដ៏សំខាន់សម្រាប់ប្រទេស។​ ជុំវិញការដោះស្រាយវិបត្តិកូវីដ-១៩ លោក ស៊ី ដែលជាប្រធានាធិបតីផង នៅតែបញ្ជាក់ពីសារសំខាន់នៃគោលនយោបាយគ្មានកូវីដ-១៩ ដ៏តឹងរ៉ឹង ដោយលោកអះអាងថា ដើម្បីការពារអាយុជីវិតប្រជាជនឱ្យដល់កម្រិតខ្ពស់បំផុត។
 
ចំពោះបញ្ហាហុងកុងដែលត្រូវមើលឃើញថារងការរឹតត្បិតខ្លាំងនោះ លោក ស៊ី បញ្ជាក់ថា ហុងកុង បានផ្លាស់ប្ដូរពីចលាចលទៅកាន់អភិបាលកិច្ច ហើយស្ថិតក្រោមការគ្រប់គ្រងយ៉ាងល្អ។ ចំណែកតៃវ៉ាន់ដែលនៅតែតានតឹងខ្លាំង មេដឹកនាំចិនរូបនេះលើកឡើងថា ចិននឹងបន្តប្រឆាំងការប៉ុនប៉ងបំបែកទឹកដី និងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។
 
«សមាជជាតិលើកទី២០ របស់បក្សកុម្មុយនីស្តចិន ធ្វើឡើងក្នុងពេលដ៏សំខាន់ នៅពេលដែលបក្សទាំងមូល និងប្រជាជនគ្រប់ជនជាតិ ចាប់ផ្ដើមដំណើរថ្មីក្នុងការបង្កើតប្រទេសសង្គមនិយមទំនើប និងឆ្ពោះទៅរគោលដៅ១០០ឆ្នាំទី២។» លោក ថ្លែងទៅកាន់សមាជិកបក្សបែបនេះ។ 
 
ក្រៅពីជជែកគោលដៅ៥ឆ្នាំខាងមុខ សមាជិកសមាជ នឹងបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មី។ ជាដំបូង សមាជ ជ្រើសរើសសមាជិកគណៈមជ្ឈិមបក្សថ្មីដែលមានតួនាទីដឹកនាំការងារចន្លោះសមាជនីមួយៗ។ បន្ទាប់មក គណៈមជ្ឈិមបក្ស នឹងជ្រើសរើសការិយាល័យនយោបាយដែលមានសមាជិកប្រមាណ២៥នាក់ និងគណៈអចិន្រ្តៃយ៍ការិយាល័យមជ្ឈិមថ្មី ដែលជាអង្គការមានឥទ្ធិពលបំផុត។ លោក ស៊ី ក៏រំពឹងបន្តកាន់តំណែងលេខាបក្ស៥ឆ្នាំទៀត ដែលធ្វើឱ្យលោកក្លាយជាមេដឹកនាំចិនមានអំណាចបំផុតចាប់តាំងពីលោកប្រធាន ម៉ៅ សេទុង មក។
 
ខណៈលោក ស៊ី អាចបន្តតំណែងនោះ តំណែងសំខាន់ៗក្នុងបក្សនឹងត្រូវផ្លាស់ប្ដូរដែរ។ សមាសភាពថ្មី នឹងបញ្ចេញនៅថ្ងៃទី២៣ ខែតុលា ក្រោយសមាជបញ្ចប់នៅថ្ងៃទី២២ ខែតុលា៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com