អន្តរជាតិ
លោក ស៊ី ជិនភីង៖ ចិនមិនធ្វើអនុត្តរភាព ឬចូលរួមក្នុងការពង្រីកឥទ្ធិពលអ្វីឡើយ
16, Oct 2022 , 7:29 pm        
រូបភាព
ថ្លែងក្នុងពិធីបើកសមាជបក្សកុម្មុយនីស្តចិនលើកទី២០ លោក ស៊ី ជិនភីង អគ្គលេខាធិការបក្ស អះអាងថា ចិននឹងមិនធ្វើអនុត្តរភាព ឬចូលរួមក្នុងការពង្រីកឥទ្ធិពលអ្វីឡើយ។ បើតាមលោក ស៊ី ចិនប្រកាន់ជំហរយុត្តិធម៌ និងស្មើភាពក្នុងទំនាក់ទំនងការបរទេសរបស់ខ្លួន។

 
លោក ស៊ី ជិនភីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើន ចូលរួមពិធីបើកសមាជលើកទី២០ នៅថ្ងៃទី១៦ ខែតុលា។ ចំពោះសមាជិកអង្គសមាជជាង២ពាន់នាក់ លោក ស៊ី ថ្លែងរបាយការណ៍ប្រមាណ២ម៉ោង ដោយផ្ដោតលើចំណុចជាច្រើនទាំងក្នុងប្រទេស និងកិច្ចការអន្តរជាតិផង។
 
បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua លោក ស៊ី ដែលជាប្រធានាធិបតីចិនផងនោះ អះអាងថា ចិនឈរយ៉ាងរឹងមាំប្រឆាំងនឹងគ្រប់ទម្រង់នៃអនុត្តរភាព និងនយោបាយប្រើអំណាច គំនិតសល់ពីសង្រ្គាមត្រជាក់ ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងស្តង់ដារពីរជាន់។ 
 
ចិននៅតែប្រកាសន់ជំហររឹងមាំក្នុងការបន្តគោលនយោបាយការបរទេសឯករាជ្យ និងសន្តិភាព។ ចិនតែងតែសម្រេចគោលជំហរ និងគោលនយោបាយរបស់ខ្លួនលើបញ្ហាដោយផ្អែកលើគុណសម្បត្តិផ្ទាល់ខ្លួនដែរ។ នេះជាការបញ្ជាក់របស់លោក ស៊ី ដែលរំពឹងទទួលបានការគាំទ្រសម្រាប់បន្តអំណាច៥ឆ្នាំទៀត រួចបន្តថា ចិនក៏ខិតខំរក្សាបទដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ និងការពារភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ។
 
តាមពិតទៅ នេះជាមិនមែនជាលើកទី១ឡើយដែលមេដឹកនាំបញ្ជាក់បែបនេះ។ ប៉ុន្តែក្នុងការថ្លែងបើកសមាជ មេដឹកនាំចិនលើកឡើងថា សមាជពេលនេះធ្វើឡើងក្នុងស្ថានភាពដ៏សំខាន់។ 
 
សមាជដែលធ្វើឡើងរាល់៥ឆ្នាំម្ដងនេះ នឹងបញ្ចប់នៅថ្ងៃទី២២ ខែតុលា។ មួយថ្ងៃបន្ទាប់ ក្បាលម៉ាស៊ីនដឹកនាំថ្មី នឹងបង្ហាញមុខ ដោយលោក ស៊ី នឹងនៅតែជាលេខាបក្សដដែល៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com