ជាតិ
សង្គមជាតិ
លោក លី ច័ន្ទតុលា ដែលជាបេក្ខជនតែម្នាក់ បន្តជាប់ឆ្នោតជាប្រធានគណៈមេធាវី
17, Oct 2022 , 2:05 pm        
រូបភាព
លោក លី ច័ន្ទតុលា ថ្លែងក្នុងមហាសន្និបាតលើកទី២៧នៃគណៈមេធាវី កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។
លោក លី ច័ន្ទតុលា ថ្លែងក្នុងមហាសន្និបាតលើកទី២៧នៃគណៈមេធាវី កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។
លោកមេធាវី លី ច័ន្ទតុលា បន្តជាប់ឆ្នោតជាប្រធានគណៈមេធាវីកម្ពុជា ក្នុងអាណត្តិទី១៤ (២០២២-២០២៤)។ ការបោះឆ្នោតជូនលោក ប្រព្រឹត្តទៅក្នុងមហាសន្និបាតលើកទី២៧នៃគណៈមេធាវី កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។



សម្រាប់អាណត្តិទី១៤នេះ ពុំមានបេក្ខជនណាផ្សេង ឈរឈ្មោះប្រជែងជាមួយលោក លី ច័ន្ទតុលា ឡើយ ដោយមានតែលោកម្នាក់ប៉ុណ្ណោះ ដែលឈរឈ្មោះជាបេក្ខជនប្រធានគណៈមេធាវី។ នេះជាអាណត្តិទី២ហើយ ដែលលោក បានជាប់ឆ្នោតជាប្រធានគណៈមេធាវី។ លោក បានជាប់ឆ្នោតជាប្រធានគណៈមេធាវីលើកដំបូង ក្នុងអាណត្តិទី១៣ កាលពីឆ្នាំ២០២០ (២០២០-២០២២)។ 
 
លោក លី ច័ន្ទតុលា និងលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និយាយដូចគ្នាថា ការដែលមានបេក្ខជនតែម្នាក់ ឈរឈ្មោះជាប្រធានគណៈមេធាវី គឺជាកំណត់ត្រាប្រវត្តិសាស្រ្តនៃគណៈមេធាវី ខណៈពីមុនមក មិនធ្លាប់មានទាល់តែសោះ។ លោករដ្ឋមន្រ្តីយុត្តិធម៌ ត្រូវបានអញ្ជើញឲ្យចូលរួមធ្វើជាអធិបតីក្នុងពិធីបិទមហាសន្និបាតនៃគណៈមេធាវី។ 
 
លោក លី ច័ន្ទតុលា ថ្លែងថា ការដែលមានតែលោក ឈរជាបេក្ខជនប្រធានគណៈមេធាវីក្នុងអាណត្តិទី១៤នេះ ដោយគ្មានអ្នកចូលរួមប្រកួតប្រជែង គឺបង្ហាញពីការស្រឡាញរាប់អាន និងការគាំទ្ររបស់មេធាវីជាសហភាតា ចំពោះសកម្មភាព គោលនយោបាយ និងការដឹកនាំរបស់លោក ហើយចង់ឲ្យលោក បន្តដឹកនាំគណៈមេធាវីទៀត។ លោក បន្ថែមថា ការដែលមានបេក្ខជនប្រធានគណៈមេធាវីតែម្នាក់បែបនេះ គ៏បង្ហាញពីឯកភាព និងសាមគ្គីភាពផ្ទៃក្នុងគណៈមេធាវីផងដែរ។  
 
នៅចំពោះមុខសហភាតា លោក លី ច័ន្ទតុលា សន្យាបន្តដឹកនាំគណៈមេធាវីតាមគោលនយោបាយ ដែលលោកបានដាក់ចេញ ឲ្យបានកាន់តែល្អប្រសើរ។ លោក ប្រកាសដូច្នេះថា៖«ទិសដៅ មានតែ១ទេ គឺដើម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវីរបស់យើង។ សូមបងប្អូនសហភាតាទាំងអស់ រួមគ្នាជាមួយខ្ញុំ ដើម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវីរបស់យើង»។  
 
លោក កើត រិទ្ធ កត់សម្គាល់ថា ការដែលពុំមានបេក្ខជនណាផ្សេង ចូលរួមប្រកួតប្រជែងយកតំណែងប្រធានគណៈមេធាវីជាមួយលោក លី ច័ន្ទតុលា ក៏ព្រោះតែមេធាវីទាំងអស់ ជឿទុកចិត្តយ៉ាងធំធេងលើចំណេះដឹង សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់លោក លី ច័ន្ទតុលា។ លោករដ្ឋមន្រ្តីយុត្តិធម៌ មានប្រសាសន៍បែបនេះថា៖«ខ្ញុំ គិតលើចំណុចនេះ ដោយសារមូលហេតុ ខ្ញុំ ក៏ជាអ្នកដែលបានស្គាល់ឯកឧត្តម លី ច័ន្ទតុលា ក្នុងឋានៈជាសហការីផង ជាមិត្តរួមថ្នាក់ផង រួមជំនាន់ផង»។   
 
លោក កើត រិទ្ធ លើកឡើងទៀតថា ការដែលសហភាតា បានសង្កេតឃើញពីការដឹកនាំរបស់លោក លី ច័ន្ទតុលា ក្នុងឋានៈលោកជាប្រធានគណៈមេធាវីរយៈពេល២ឆ្នាំកន្លងមកនេះ ក៏ជាមូលហេតុ១ដែរ ដែលនាំឲ្យមិនមានអ្នកចូលរួមឈរឈ្មោះជាប្រធានគណៈមេធាវីជាមួយលោក សម្រាប់អាណត្តិថ្មីនេះ។លោករដ្ឋមន្រ្តី បង្ហាញការមើលឃើញរបស់លោកថា អ្វីៗ ដែលលោក លី ច័ន្ទតុលា បានធ្វើ គឺបម្រើឲ្យឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ 
 
លោក លី ច័ន្ទតុលា ដែលមានបច្ចុប្បន្នមានវ័យជាង៤០ឆ្នាំ បានចូលបំពេញវិជ្ជាជីវៈជាមេធាវីតាំងឆ្នាំ២០០៨មក។ ក្រៅពីបំពេញវិជ្ជាជីវៈជាមេធាវី និងកាន់តំណែងជាមេធាវី លោក ក៏ជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តីផងដែរ៕ 
 

Tag:
 លី ច័ន្ទតុលា
© រក្សាសិទ្ធិដោយ thmeythmey.com