ជាតិ
សង្គមជាតិ
ព្រះរាជអាជ្ញាខេត្តកណ្ដាល អនុញ្ញាតឱ្យម្ចាស់ទូកដទទឹង នៅក្រៅឃុំ តែរឿងក្ដីដំណើរការធម្មតា
17, Oct 2022 , 5:49 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ព្រះរាជអាជ្ញាខេត្តកណ្ដាល លោក លី ស្រេង បានអនុញ្ញាតឱ្យម្ចាស់ទូកដទទឹង ត្រឡប់ទៅផ្ទះវិញជាបណ្ដោះអាសន្ន ខណៈរឿងក្ដីនៅតែដំណើការតាមនីតិវិធី។

 
លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងខេត្តកណ្ដាល បានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១៧ តុលាថា ម្ចាស់ទូកទាំង ៣នាក់ ដែលបានបញ្ជូនទៅតុលាការខេត្តកណ្ដាល នៃឧបទ្ទវហេតុលិចទូកដទទឹង នៅកោះចំរើន កាលពីសប្ដាហ៍មុននោះ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះបណ្ដោះអាសន្ន។
 
លោក ស៊ុនរស្មី បានបញ្ជាក់ថា សំណុំរឿងកសាងតាមនីតិវិធីធម្មតា ប៉ុន្តែគ្រាន់តែព្រះរាជអាជ្ញា មិនឃាត់មនុស្សទុកប៉ុណ្ណោះ។ ជុំវិញរឿងនេះ លោក ឯក ស៊ុនរស្មី មិនអាចប្រាប់បានទេថា អាណាព្យាបាលជនរងគ្រោះដាក់ពាក្យបណ្ដឹង ឬមិនដាក់ពាក្យបណ្ដឹង។
លោកអះអាងបែបនេះ៖ «បើខ្ញុំប្រាប់ថាឪពុកម្ដាយជនរងគ្រោះប្ដឹងតែពួកគាត់អត់ប្ដឹង ហើយបើប្រាប់ថា ពួកគាត់អត់ប្ដឹងតែបែបជាគាត់ប្ដឹង អឹចឹងខ្ញុំអត់អាចសម្រេចជំនួសពួកគាត់បានទេ។ រឿងខ្លះដំណើរការក្ដីផ្នែកព្រហ្មទណ្ឌ ជួនកាលដើរបាន ៤ទៅ ៥ខែ ១ឆ្នាំ ហើយបញ្ជូនទៅជម្រះ តែពួកគាត់ទើបប្ដឹងទាមទារឱ្យសងសំណងក៏មាន»។
 
ព្រះរាជអាជ្ញារងរូបនេះ ពន្យល់ថា ដំណើររឿងលិចទូកដទទឹង គឺត្រូវសម្រេចនៅលើចៅក្រម បន្ទាប់ពីបូលិសកសាងសំណុំរឿងបញ្ជូនទៅព្រះរាជអាជ្ញា ហើយសំណុំរឿងត្រូវបញ្ជូនទៅចៅក្រមស៊ើបសួរ ឬបញ្ជូនទៅចៅក្រមជម្រះក្ដី។ លោកបន្ថែមថា ការសម្រេចសេចក្ដីឱ្យម្ចាស់ទូកដទទឹង ឱ្យនៅក្រៅឃុំនេះ គឺមិនខុសនោះទេ។
 
សូមជម្រាបថា កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា។ មានហេតុការណ៍លិចទូកដទទឹងនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ដែលបានបណ្ដាលឱ្យសិស្សសាលា ១១នាក់ បានស្លាប់ ក្នុងចំណោមអ្នកជិះនៅលើទូកចំនួន ១៥នាក់។ សិស្សសាលាទាំងនេះ មានអាយុចាប់ពី១១ ទៅ១៤ឆ្នាំ៕
 

Tag:
 ករណីលិចទូកដទទឹង
  កោះចម្រើន
© រក្សាសិទ្ធិដោយ thmeythmey.com