ជាតិ
សេដ្ឋកិច្ច
អាល្លឺម៉ង់ ផ្តល់ជំនួយជាង១៥លានដុល្លារ ដល់កម្ពុជា ដើម្បីលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល
18, Oct 2022 , 9:59 pm        
រូបភាព
 លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច(រាប់ពីស្តាំ) លោកស្រី Martina Koch ប្រធានផ្នែកសុខភាព និង គាំពារសង្គមប្រចាំតំបន់អាស៊ី និង លោកវេជ្ជបណ្ឌិត Matthias Nachtnebel ទីប្រឹក្សាផ្នែកសុខភាព និង គាំពារសង្គមប្រចាំតំបន់អាស៊ី នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ កំពុងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃហិរញ្ញប្បទានឥតសំណងក្នុងទំហំទឹកប្រាក់១៥,៥លានដុល្លារ កាលពីថ្ងៃទី១៧តុលា។ រូបថត៖ MEF
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច(រាប់ពីស្តាំ) លោកស្រី Martina Koch ប្រធានផ្នែកសុខភាព និង គាំពារសង្គមប្រចាំតំបន់អាស៊ី និង លោកវេជ្ជបណ្ឌិត Matthias Nachtnebel ទីប្រឹក្សាផ្នែកសុខភាព និង គាំពារសង្គមប្រចាំតំបន់អាស៊ី នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ កំពុងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃហិរញ្ញប្បទានឥតសំណងក្នុងទំហំទឹកប្រាក់១៥,៥លានដុល្លារ កាលពីថ្ងៃទី១៧តុលា។ រូបថត៖ MEF
ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ សម្រេចផ្តល់ជំនួយឥតសំណងចំនួន១៦លានដុល្លារអឺរ៉ូ(ប្រ​មាណ ១៥,៥លានដុលា្លរអាម៉េរិក) ដល់កម្ពុជា ​សម្រាប់អនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល។ បើតាមលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំនួយនេះគឺបានឆ្លើយតបទៅនឹងសេចក្តីត្រូវការជាអាទិភាពរបស់កម្ពុជា​ក្នុងវិស័យសុខាភិបាល។​

 
លោក អូន ព័ន្ធមុនីរ័ត្ន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលហិរញ្ញប្បទានឥតសំណងក្នុងទំហំទឹកប្រាក់១៥,៥លានដុល្លារ ពី លោកស្រី Martina Koch ប្រធានផ្នែកសុខភាព និង គាំពារសង្គមប្រចាំតំបន់អាស៊ី និង លោកវេជ្ជបណ្ឌិត Matthias Nachtnebel ទីប្រឹក្សាផ្នែកសុខភាព និង គាំពារសង្គមប្រចាំតំបន់អាស៊ី នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់(KfW) នាថ្ងៃទី១៧តុលា។ ជំនួយដែលកម្ពុជានឹងទទួលបាននេះ គឺសម្រាប់អនុវត្ត​គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី៣(​The Health Equity and Quality Improvement Programme III or H-EQIP III)។ 
 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ការអនុវត្តគម្រោង H-EQIP IIIនេះ  ក្នុងគោលដៅរួមចំណែកដល់ការបង្កើនសេវាសុខភាពប្រកបដោយសមធម៌ និង គុណភាពខ្ពស់ដល់ប្រជាជនក្រីក្រ និង ជនងាយរងគ្រោះ ដោយធ្វើឱ្យប្រសើរឡើងនូវការការពារ និង ការព្យាបាលជំងឺ តាមរយៈមូលនិធិសមធម៌សុខភាព (Health Equity Fund)។ លើសពីនេះ គម្រោងក៏ជួយអន្តរាគមន៍យ៉ាងឆាប់រហ័ស និង ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងករណីបញ្ហាសុខភាពផ្សេងៗ ដោយធ្វើការកែលម្អគុណភាព និង សមត្ថភាពនៃកន្លែងថែទាំសុខភាពសាធារណៈ រួមទាំងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស , ការកែលម្អសមភាពយេនឌ័រ និង បរិយាប័នសង្គម ផងដែរ។
 
ជាមួយគ្នានេះ ​លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ជំនួយឥតសំណងនេះ បានជួយលើកកម្ពស់គុណភាព, ប្រសិទ្ធភាព និង សមធម៌នៃសុខភាពប្រជាជន ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស, កំណើនសេដ្ឋកិច្ច និង វឌ្ឍនភាពសង្គម ប្រកបដោយចីរភាព តាមរយៈការបន្តចូលរួមជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២២-២០៣០។ គម្រោងនេះ ក៏ជួយដល់ការអនុវត្តក្របខណ្ឌយុទ្ធសាស្រ្ត និង កម្មវិធីស្តារ-ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ និងផែនការគ្របដណ្តប់សុខភាពជាសកល ផងដែរ ។
 
សម្រាប់លោកស្រី Martina Koch ប្រធានផ្នែកសុខភាព និង គាំពារសង្គមប្រចាំតំបន់អាស៊ី រយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់តាមរយៈ KfW បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ៧០ លានអឺរ៉ូ ដល់ការពង្រឹងប្រព័ន្ធសុខាភិបាល និងការការពារសុខភាពសង្គមនានា ដល់កម្ពុជា។ ក្នុងនោះមាន​គម្រោងអាហារូបត្ថម្ភនៅកម្ពុជា, គម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល និងគម្រោង H-EQIP ដែលត្រូវបានចុះកិច្ចព្រមព្រៀង​នៅថ្ងៃទី១៧តុលា ឆ្នាំ២០២២។ 
 
លោកស្រី បានកត់សម្គាល់ថា គម្រោងខាងលើបានជួយពង្រឹងសេវាកម្មសុខាភិបាល (ពិសេសសេវាអាហាររូបត្ថម្ភ), ពង្រីកការផ្តល់ហិរញ្ញវត្ថុ, ផ្តល់សមធម៌សុខាភិបាល ដល់ប្រជាជនក្រីក្រ និងធានាបាននូវប្រព័ន្ធសុខាភិបាលប្រកបដោយនិរន្តភាព និងប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC) ក៏ដូចជា បានចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ផងដែរ ។
 
បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ចាប់ពី ១៩៩៣ ដល់បច្ចុប្បន្ន សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ប្រមាណ៨៣៨ លានដុល្លារ អាមេរិក ដល់កម្ពុជា។ ក្នុងនោះ ហិរញ្ញប្បទានឥតសំណង មានចំនួន ៧៦៨ លានដុល្លារ និងឥណទានសម្បទានចំនួន ៧០ លានដុល្លារ សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា៕
 

Tag:
 ជំនួយឥតសំណង
  សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com