អន្តរជាតិ
ប្រមុខការទូតអាម៉េរិកព្រមាន ចិនអាចកាន់កាប់កោះតៃវ៉ាន់លឿនជាងការរំពឹងទុក លោកអាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិកឆ្លើយសំណួរអ្នកសារព័ត៌មាន នៅសកលវិទ្យាល័យ Stanford ក្នុងថ្ងៃទី១៧ ខែតុលា។ រូបភាព៖ AFP
× រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅថ្ងៃទី១៧ ខែតុលា បានព្រមានជាថ្មីពីលទ្ធភាពចិនគ្រប់គ្រងកោះតៃវ៉ាន់លឿងជាងការរំពឹងទុក។ ការព្រមាននេះ ធ្វើឡើងក្រោយអគ្គលេខាធិការបក្សកុម្មុយនីស្តចិន លោកស៊ី ជិនភីង សន្យាបង្រួមបង្រួមកោះតៃវ៉ាន់ក្នុងថ្ងៃបើកសមាជជាតិរបស់បក្ស។
បញ្ហាកោះតៃវ៉ាន់ នៅតែជាប្រធានបទដ៏សំខាន់រវាងចិន និងអាម៉េរិក ជាពិសេសក្នុងពេលចិនកំពុងរៀបចំសមាជជាតិបក្សកុម្មុយនីស្តលើកទី២០ នាក្រុងប៉េកាំង។ ក្នុងថ្ងៃបើកសមាជបក្ស លោកស៊ី ជិនភីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិនបានបញ្ជាក់ពីការបង្រួបបង្រួមកោះតៃវ៉ាន់។ មិនមែនជារឿងថ្មីឡើយ មេដឹកនាំចិន តែងសន្យាបង្រួបបង្រួមដែនកោះមួយនេះប្រកបដោយសន្តិភាព ឬប្រើកម្លាំងទ័ព ក្នុងករណីតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យពីខ្លួន។
ក្រោយការលើកឡើងរបស់លោកស៊ី ដែលជាប្រធានាធិបតីចិនផងនោះ លោកអាន់តូនី ប្លីងខិន រដ្ឋមន្ត្រីការបរទេសអាម៉េរិក នៅក្នុងវេទិកាមួយនាសកលវិទ្យាល័យStanford ក្នុងថ្ងៃទី១៧ ខែតុលា បានអះអាងថា ក្រុងវ៉ាស៊ីនតោន បានឃើញភាពខុសគ្នាយ៉ាងខ្លាំងរបស់ក្រុងប៉េកាំង ក្រោមការដឹកនាំរបស់លោកស៊ី ជិនភីង។
«ចិន មានការបង្ក្រាបយ៉ាងខ្លាំងនៅក្នុងប្រទេស ហើយចិនបានអុងអាត់យ៉ាងខ្លាំងនៅបរទេស»។ លោកប្លីងខិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា វាបានបង្កបញ្ហាប្រឈមដល់ផលប្រយោជន៍ ក៏ដូចជាតម្លៃរបស់អាម៉េរិក។
លោកប្លីងខិន បានបន្ថែមថា ចិនបានសម្រេចចិត្តជាមូលដ្ឋាន ដែលស្ថានភាពបច្ចុប្បន្ន (Status Quo) លែងទទួលយកបានសម្រាប់ចិនទៀតហើយ។ ត្រង់ចំណុចនេះ ប្រមុខការទូតអាម៉េរិក បានលើកឡើងថា ក្រុងប៉េកាំងបានប្តេជ្ញាស្វះស្វែងរកការបង្រួបបង្រួមជាមួយតៃវ៉ាន់ ក្នុងរយៈពេលឱ្យបានឆាប់រហ័ស ជាងរយៈពេលកំណត់។ យ៉ាងណាមិញ លោក ប្លីងខិន មិនបានផ្តល់ពេលវេលាជាក់លាក់ឡើយ។
ទន្ទឹមនេះ រដ្ឋមន្ត្រីការបរទេសអាម៉េរិក បានយល់ថា មហាអំណាចសេដ្ឋកិច្ចទាំងពីរ គួរធ្វើការរួមគ្នាលើបញ្ហាបម្រែបម្រួលអាកាសធាតុ សុខភាពសកល និងការជួញដូរគ្រឿងញៀនជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
គួររំឭកថា កន្លងមក ចិនបានផ្អាកការពិភាក្សាលើបញ្ហាបម្រែបម្រួលអាកាសធាតុ ការជួយដូរគ្រឿងញៀន និងវិស័យផ្សេងទៀតនៅក្នុងខែសីហាកន្លងទៅ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិកនៅតៃវ៉ាន់៕
© រក្សាសិទ្ធិដោយ thmeythmey.com