ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ ដាក់ទោសលោក សម រង្ស៊ី «ឲ្យជាប់ពន្ធនាគារមួយជីវិត» ពីបទប៉ងកាត់ដីខ្មែរឲ្យរដ្ឋបរទេស
19, Oct 2022 , 3:39 pm        
រូបភាព
លោក សម រង្ស៊ី ចូលរួមធ្វើបាតុកម្មលើទឹកដីអាម៉េរិក កាលពីសីហា ឆ្នាំ២០២២ ដើម្បីទាមទារឲ្យដោះលែងអ្នកនាង សេង ធារី ដែលកំពុងជាប់ឃុំនៅកម្ពុជា។ រូបពីទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី
លោក សម រង្ស៊ី ចូលរួមធ្វើបាតុកម្មលើទឹកដីអាម៉េរិក កាលពីសីហា ឆ្នាំ២០២២ ដើម្បីទាមទារឲ្យដោះលែងអ្នកនាង សេង ធារី ដែលកំពុងជាប់ឃុំនៅកម្ពុជា។ រូបពីទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី
តុលាការភ្នំពេញ បានប្រកាសសាលក្រមដាក់ទោសលោក សម រង្ស៊ី មេដឹកនាំកំពូលរបស់ក្រុមប្រឆាំង ដែលកំពុងរស់នៅឯបរទេស ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទប៉ុនប៉ងកាត់ដីកម្ពុជា១ផ្នែកឲ្យទៅរដ្ឋបរទេស។ នេះជាការអះអាងរបស់លោក យុង ផានិត មេធាវីការពាក្តីឲ្យលោក សម រង្ស៊ី មកកាន់សារព័ត៌មានថ្មីៗ។



សាលក្រមរបស់តុលាការភ្នំពេញ ត្រូវបានប្រកាសនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ។ លោកមេធាវី យុង ផានិត ដែលត្រូវបានចាត់តាំងឲ្យការពារក្តីជូនលោក សម រង្ស៊ី លើកឡើងថា ក្រៅពីការដាក់ទោសលោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារ តុលាការ បញ្ជាឲ្យកម្លាំងសមត្ថកិច្ច តាមស្វែងរកលោក សម រង្ស៊ី។ លោក បន្តថា តុលាការ ថែមទាំងហាមមេដឹកនាំប្រឆាំងរូបនេះ មិនឲ្យធ្វើនយោបាយអស់មួយជីវិតផងដែរ។ លោក បង្ហាញការយល់ឃើញដូច្នេះថា៖«[ការសម្រេចសេចក្តីនេះ] មិនមានភស្តុតាងគ្រប់គ្រាន់ទេ»។
 
លោក យុង ផានិត ដែលបានចូលរួមស្តាប់ការប្រកាសសាលក្រម បន្តថា តុលាការ ទុកពេល១ខែ ជូនលោក សម រង្ស៊ី ដើម្បីប្តឹងទៅសាលាឧទ្ធរណ៍។ លោក ប្រាប់ថា តួនាទីរបស់លោក ជាមេធាវីការពារក្តីឲ្យលោក សម រង្ស៊ី ត្រូវបានបញ្ចប់នៅត្រឹមការប្រកាសសាលក្រមនេះហើយ។ លោក និយាយថា ការប្តឹងទៅសាលាឧទ្ធរណ៍ និងការពឹងពាក់មេធាវីណាផ្សេងទៀតនោះ គឺជាការសម្រេចចិត្តរបស់លោក សម រង្ស៊ី។ 
 
កាលពីឆ្នាំ២០១៣ លោក សម រង្ស៊ី បានជួបលោក កុក សរ មេដឹកនាំជនជាតិដើមភាគតិចម៉ុងតាញ៉ា ដែលជនជាតិដើមភាគតិចរបស់វៀតណាម។ មានការអះអាងថា ក្នុងជំនួបនោះ លោក សម រង្ស៊ី និង លោក កុក សរ បានចុះកិច្ចព្រមព្រៀងមួយជាមួយគ្នា។ ក្រោយមក តុលាការ រកឃើញថា ក្នុងកិច្ចព្រមព្រៀមនោះ លោក សម រង្ស៊ី បានសន្យាថា ពេលគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោតដឹកនាំប្រទេស លោក នឹងប្រគល់ខេត្ត៤របស់ខ្មែរ រួមមាន ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ទៅឲ្យជនជាតិដើមភាគតិចម៉ុងតាញ៉ា។ 
 
យ៉ាងណា កន្លងមក លោក សម រង្ស៊ី ធ្លាប់បដិសេធថា លោក ពុំបានសន្យាកាត់ទឹកដីខ្មែរឲ្យជនជាតិដើមភាគតិចម៉ុងតាញ៉ានោះទេ។ កាលពីខែសីហា ឆ្នាំ២០២២ លោក សម រង្ស៊ី បកស្រាយតាមរយៈសំណេរលើទំព័រហ្វេសប៊ុកថា លោក គ្រាន់តែយកសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិរបស់ជនជាតិដើមភាគតិច មកបង្ហាញប៉ុណ្ណោះ ហើយត្រៀមអនុវត្តក្នុងប្រទេសកម្ពុជា ពេលណាកម្លាំងប្រជាធិបតេយ្យ បានដឹកនាំប្រទេស ប៉ុន្តែ តុលាការ បែរជាកាត់ទោសលោកពីបទក្បត់ជាតិ ដោយសំអាងថា លោក ចង់កាត់ខេត្ត៤របស់ខ្មែរ ឲ្យទៅប្រទេសវៀតណាមទៅវិញ។ 
 
លោក បំភ្លឺទៀតថា តាមការពិត ឯកសារ ដែលលោក បានចុះហត្ថលេខា ជាមួយតំណាងជនជាតិដើមភាគតិច កាលពីឆ្នាំ២០១៣ នោះ គឺគ្រាន់តែជាការចម្លងទាំងស្រុងពីឯកសាររបស់អង្គការសហប្រជាជាតិ ដែលធានាសិទ្ធិជនជាតិដើមភាគតិច សម្រាប់គ្រប់ប្រទេសទូទាំងពិភពលោក ។ លោក សង្កត់ធ្ងន់ថា ឯកសារនេះ គ្មានពាក់ព័ន្ធអ្វីទាល់តែសោះ ពីការកាត់ទឹកដីពីប្រទេសណាមួយ ឲ្យទៅប្រទេសណាមួយទៀត។
 
លោក សម រង្ស៊ី ជាអ្នកនយោបាយប្រឆាំង ដែលហ៊ុមព័ទ្ធទៅដោយក្តីក្តាំ ហើយលោក ត្រូវបានតុលាការដាក់ទោសឲ្យជាប់ពន្ធនាគារស្ទើរតែរាប់ភ្លេចទៅហើយ៕ 
 

Tag:
 សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com