ជាតិ
បុណ្យអុំទូក
សង្គមជាតិ
ក្រសួងសុខាភិបាល ក្រើនរំលឹកពលរដ្ឋឱ្យការពារជំងឺកូវីដ-១៩ នាបុណ្យអុំទូក
19, Oct 2022 , 6:59 pm        
រូបភាព
អ្នកស្រី ឱ វ៉ាន់ឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។ រូបពីក្រសួងសុខាភិបាល
អ្នកស្រី ឱ វ៉ាន់ឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។ រូបពីក្រសួងសុខាភិបាល
ដោយ៖ ចៀន និតា

ភ្នំពេញ៖ ក្រសួងសុខាភិបាល ក្រើនរំលឹកដល់ពលរដ្ឋឱ្យការពារជំងឺឆ្លងកូវីដ-១៩ នាអំឡុងព្រះរាជពិធីអុំទូក​ រយៈពេល៣ថ្ងៃខាងមុខ ដើម្បីទប់ស្កាត់កុំឱ្យផ្ទុះរាលដាលទ្រង់ទ្រាយធំ នៅក្នុងសហគមន៍សារជាថ្មី។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី១៨ តុលា ឆ្នាំ២០២២។


 
ក្រសួងសុខាភិបាល បានក្រើនរំលឹកថា នៅតាមបណ្តាប្រទេសមួយចំនួន ជាពិសេសនៅក្នុងតំបន់ និងប្រទេសជិតខាងកម្ពុជា នៅតែបន្តរកឃើញករណីឆ្លងថ្មី និងមានករណីស្លាប់ជារៀងរាល់ថ្ងៃ។
 
ដោយសារឃើញបញ្ហាជំងឺនេះ នៅតែបន្តកើតមាន ក្រសួង ណែនាំឱ្យអាជ្ញាធរ រៀបចំកន្លែងច្រកចេញ-ចូល ចាត់កម្លាំងវាស់កំដៅ និងរក្សាគម្លាតពីគ្នា អំឡុងពេលទស្សនាការប្រណាំងទូក ។ ដោយឡែកកីឡាករចំណុះទូក ត្រូវអង្គុយមានគម្លាតសុវត្ថិភាពពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ ។
 
សម្រាប់អ្នកចូលរួមទស្សនាប្រណាំងទូក ត្រូវយកទឹកអាកុល ឬជែលសម្រាប់លាងដៃ ហើយត្រូវលាងដៃឱ្យបានញឹកញាប់ ,ត្រូវខ្ទប់ម់ាត់ ពេលក្អក ឬកណ្តាស់ ចៀសវាងខាកស្តោះពាសវាពាសកាល។ ចំពោះអ្នកដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺ ដូចជាចាស់ជរា ជនដែលមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះ ជាដើម ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់។ នេះបើតាមក្រសួងសុខាភិបាល។
 
ក្រសួងក៏បានស្នើឱ្យពលរដ្ឋ ជួបជុំគ្រួសារ សាច់ញាតិ ឬមិត្តភក្តិ ដោយប្រកាន់យកការប្រុងប្រយ័ត្តឱ្យបានខ្ពស់ ព្រោះការជួបជុំគ្នាច្រើន ជាកត្តាហានិភ័យ។ មិនតែប៉ុណ្ណោះការជ្រើសរើសមធ្យោបាយធ្វើដំណើរដោយសុវត្ថិភាព កាត់បន្ថយប្រើប្រាស់មធ្យោបាយ រួមគ្នា ដែលមានផ្ទុកមនុស្សច្រើន ក៏ជម្រើសល្អផង។ 
 
ពិធីអបអរសារទរព្រះរាជពិធីអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។ ប៉ុន្តែរដ្ឋាភិបាល ប្រកាសមិនរៀបចំពិធីជាតិនេះឡើយ ដោយសារតែជាន់ថ្ងៃគ្នា ជាមួយកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ តែយ៉ាងណា រដ្ឋាភិបាល បានអនុញ្ញាតឱ្យអភិបាលខេត្ត និងអាជ្ញាធរ រៀបចំពិធីអុំទូក នៅតាមមូលដ្ឋាននីមួយៗដោយខ្លួនឯង។  បច្ចុប្បន្ននេះ មានខេត្តខ្លះ បានរៀបចំពិធីនេះ ជាបណ្ដើរៗហើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com