ជាតិ
សេដ្ឋកិច្ច
ធនាគារ និង មីក្រូហិរញ្ញវត្ថុ លើកលែងការផាកពិន័យដល់អតិថិជនរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ
19, Oct 2022 , 4:09 pm        
រូបភាព
រូបតំណាង៖ ស្រូវរប់ស់ប្រជាកសិករក្នុងខេត្តកំពង់ធំ​កំពុងរងគ្រោះដោយសារទឺកជំនន់ កាលពីខែសីហា ឆ្នាំ២០២២។ រូបភាពពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
រូបតំណាង៖ ស្រូវរប់ស់ប្រជាកសិករក្នុងខេត្តកំពង់ធំ​កំពុងរងគ្រោះដោយសារទឺកជំនន់ កាលពីខែសីហា ឆ្នាំ២០២២។ រូបភាពពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមធនាគារនៅកម្ពុជា(ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) នឹងផ្តល់ការអនុគ្រោះដល់អតិថិជន ដែលរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់ធ្ងន់ធ្ងរ។​ ក្នុងនោះ ធនាគារ និង ហិរញ្ញវត្ថុ  ក៏នឹងពិនិត្យលទ្ធភាពក្នុងការលើកលែងការផាកពិន័យដល់អតិថិជន ដែលសងប្រាក់យឺត ផងដែរ។  នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់សមាគមធនាគារ  និងសមាគមមីក្រូហិរញ្ញវត្ថុ នាថ្ងៃទី១៩ តុលា។

 
ស្របតាមការអំពាវនាវរបស់សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន  គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលជាសមាជិករបស់ABC និង CMA នឹងផ្តល់កិច្ចសហការល្អក្នុងក្របខណ្ឌកិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញ ក្នុងលក្ខខណ្ឌដែលបានកំណត់ ដោយធនាគារជាតិនៃកម្ពុជា(NBC)។ លើសពីនេះ ធនាគារ និង មីក្រូហិរញ្ញវត្ថុ ក៏នឹងពិនិត្យលទ្ធភាពក្នុងការបន្ធូរបន្ថយអត្រាការប្រាក់ និងកម្រៃផ្សេងៗ ដែលពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការផាកពិន័យ និងចៀសវាងការរឹបអូសទ្រព្យធានារបស់អតិថិជន ប្រកបដោយការយោគយល់និងអធ្យាស្រ័យខ្ពស់ ស្រប​តាមស្ថានភាពជាក់ស្តែងរបស់អតិថិជន។
 
សម្រាប់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី កំពុងផ្តល់នូវការអនុគ្រោះនានាដល់អតិថិជន ដែលរងគ្រោះដោយទឹកជំនន់នេះ។ លោក គា បូរាណ ប្រធាន​នាយក​ប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានលើកឡើងថា ស្ថាប័នលោក បានរៀបចំឥណទានឡើងវិញ ដល់អតិថិជន​ប្រមាណ១០០០គ្រួសារ និង ការផ្តល់កម្ចីបន្ថែមដល់ពលរដ្ឋជាង៦០០គ្រួសារទៀត ដែលមានអត្រាការប្រាក់ទាបត្រឹម១ភាគរយប៉ុណ្ណោះ​ សម្រាប់ទិញសម្ភារកសិកម្ម និងវត្ថុធាតុដើមនានា ដើម្បីបង្កបង្កើនផលកសិកម្មឡើងវិញ។ 
 
លោក គា បូរាណ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ នាថ្ងៃទី១៩តុលានេះ​ថា៖ «ជាង១០០០គ្រួសារ ដែលយើងត្រូវរៀបចំឡើងវិញនេះ គឺមានទំហំទឹកប្រាក់ប្រមាណ១,៥លានដុល្លារ ហើយយើងក៏លើកលែងការផាកពិន័យ និងកម្រៃសេវាផ្សេងៗ ដល់អតិថិជនដែលកំពុងរងគ្រោះដោយទឹកជំនន់ ផងដែរ»។​ 
បើតាមលោក គា បូរាណ បច្ចុប្បន្ន អេ អឹម ខេ ភីអិលស៊ី កំពុងសិក្សានិងផ្តល់ការអនុគ្រោះផ្នែកឥណទាននេះ ដល់អតិថិជនឯទៀត ដែលជួបផលប៉ះពាល់ដោយសារទឹកជំនន់នេះ។
 
សូមរំឭកថា​ កាលពីថ្ងៃទី១៧តុលា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលសម្តេច ហ៊ុន សែន  បានស្នើដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ឱ្យផ្តល់ការអនុគ្រោះនានាដល់ពលរដ្ឋ ដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់។
 
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅរាជធានីភ្នំពេញ សម្តេច​ បានថ្លែងដូច្នេះ៖ «ចំពោះ មីក្រូហិរញ្ញវត្ថុ ផ្នែកធនាគារ ផ្តល់នូវការអនុគ្រោះសម្រាប់អ្នកដែលទទួលផលប៉ះពាល់ពីគ្រោះទឹកជំនន់នេះ តាមរយៈការពន្យាពេលសម្រាប់ការសង បន្ធូរបន្ថយការប្រាក់ ឬតាមការរៀបចំឥណទានឡើងវិញ។ សូមយោគយល់ចំពោះការលំបាករបស់ប្រជាពលរដ្ឋ ដែលលិចលង់(ដោយទឹកជំនន់) ហើយយើងទៅរើបអូសផ្ទះសម្បែងរបស់គាត់តាមកិច្ចសន្យាដើមវាមិនត្រូវទេ។ សូមឱ្យធនាគារជាតិនៃកម្ពុជាធ្វើការប្រជុំមួយជាមួយនឹងម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុ»។​
 
បច្ចុប្បន្ន មានប្រជាពលរដ្ឋចំនួន ១១២ ៧៦០គ្រួសារ( ៥០៧ ៤២០នាក់) បានរងគ្រោះដោយសារជំនន់ទឹកភ្លៀង។ នេះជាការលើកឡើងរបស់ លោក សិទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគ្រោះមហន្តរាយ ដោយបញ្ជាក់ថា​ ក្នុងចំណោមពលរដ្ឋរងគ្រោះទាំងនោះ គឺមាន៤៥៥៦គ្រួសារ ស្មើ ២០ ៥០២នាក់ ត្រូវបានជម្លៀសទៅទីទួលមានសុវត្ថិភាព។ 
 
បើតាមលោក សិទ្ធ គឹមកុលមុន្នី ជំនន់ទឹកភ្លៀងនេះ ក៏បានធ្វើឱ្យដំណាំស្រូវរបស់ពលរដ្ឋរហូតដល់ជិត២០ម៉ឺនហិកតា រងប៉ះពាល់ ដោយក្នុងនោះ មាន៦ម៉ឺនហិកតា ត្រូវបានខូចខាតទាំងស្រុង។​ ជំនន់ទឹកភ្លៀងនេះ បានបណ្ដាលឱ្យខេត្តចំនួន ២៣ រងផលប៉ះពាល់ ដោយក្នុងនោះខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ និងបាត់ដំបង រងគ្រោះខ្លាំងជាងគេ។ នេះបើតាមអ្នកនាំពាក្យគ្រោះមហន្តរាយ ៕
 

Tag:
 ហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com