ជាតិ
សង្គមជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកតាមដានសង្គម ចំអកឲ្យក្រសួងអប់រំ ជុំវិញការចេញញត្តិថ្កោលទោសលោក សម រង្ស៊ី
20, Oct 2022 , 5:12 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវមហាជន និងអ្នកឃ្លាំមើលព្រឹត្តិការណ៍សង្គមរិះគន់ ជុំវិញការចេញញត្តិថ្កោលទោស លើករណីលោក សម រង្សី ហើយគាំទ្រសម្ដេច ហ៊ុន សែន។ ពួកគេថា ក្រសួងពុំគួរបង្ហាញជំហរបែបនេះ ទាំងដែលធ្លាប់បានហាមសិស្សនិងគ្រូ មិនឲ្យជជែករឿងនយោបាយក្នុងសាលារៀនឡើយ។

 
កាលពីខែសីហា ឆ្នាំ២០១៥ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ធ្លាប់ហាមគ្រូមិនឲ្យជជែករឿងនយោបាយពេលបង្រៀននោះទេ។ ប៉ុន្តែនាពេលថ្មីៗនេះ ក្រសួងមួយនេះ បែរជាចេញញត្តិគាំទ្រ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានបក្សប្រជាជនកម្ពុជា ជុំវិញករណីលោក សម រង្ស៊ី ទៅវិញ។ 
 

លោក ហង់ ជួនណារ៉ុន ក្រសួងអប់រំ យុវជន និងកីឡា ។ រូបពី ហ្វេសប៊ុកក្រសួងអប់រំ
 
ទាក់ទិននឹងការប្រកាសជំហររបស់ក្រសួងអប់រំនេះ លោក មាស នី ស្រាវជ្រាវពីការអភិវឌ្ឍសង្គម យល់ថា ក្នុងនាមជាស្ថាប័នរដ្ឋ ពុំគួរបង្ហាញជំហរគាំទ្រនិន្នាការ​របស់បក្សនយោបាយណាមួយឡើយ ជាពិសេសគឺធ្លាក់ខ្លួនងប់ងល់ចេញញត្តិ បែប «ហៃអើ »!
 
អ្នកឈឺឆ្អាលបញ្ហាសង្គម រូបនេះ ក៏ដឹងដែរថា គ្រប់គ្នាមានសិទ្ធិចេញញត្តិ ឬសារ និងការប្រកាសជំហរ។ ប៉ុន្តែក្នុងនាមជាស្ថានប័នអនុវត្តបទបញ្ញត្តិច្បាប់ គោលនយោបាយ បច្ចេកទេស និងដឹកនាំវិស័យសំខាន់ៗ បែរជាបង្កើតលំនាំឬវប្បធម៌ប្រកាសជំហរយល់ស្រប ជាមួយក្រុមបក្សនយោបាយ ដែលនាំឲ្យមានភាពច្របូកច្របល់ រវាងស្ថាប័នរដ្ឋ និងបក្សនយោបាយទៅវិញ។
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក មាស នី និយាយយ៉ាងដូច្នេះ៖«ខ្ញុំមិនប្រកាន់ប្រឆាំងហ្នឹងញត្តិក្រសួងអប់រំ ឬក្រសួងផ្សេងទៀតទេ! ប៉ុន្តែការចេញញត្តិរបស់ក្រសួងដែលបម្រើការងារបច្ចេកដល់ពលរដ្ឋ មិនគួរមាននិន្នាការឬពាក់ព័ន្ធសកម្មភាពនយោបាយច្រើននោះទេ»។ 
 

លោក មាស នី ស្រាវជ្រាវពីការអភិវឌ្ឍសង្គម។ 

ជុំវិញរឿងនយោបាយក្នុងវិស័យអប់រំនេះ លោក មាស នី ពន្យល់លម្អិតថា ក្រសួងអប់រំ ធ្លាប់ខុសឆ្គងម្ដងហើយ ដែលហាមមិនឲ្យជជែកពីរឿងនយោបាយក្នុងសាលា ។ សម្រាប់លោក មាស នី ការហាមបែបនេះ គឺបង្អាក់ការយល់ដឹងរបស់សិស្សពីបញ្ហាសង្គមនយោបាយ ។ 
 
អ្នកឈឺឆ្អាល់សង្គមរូបនេះ សង្កត់ធ្ងន់ថា៖ «ការជជែករឿងនយោបាយ មិនមែនជាការធ្វើនយោបាយទេ! យើងត្រូវបែងចែកគ្នាឲ្យដាច់…ឧទាហរណ៍ការជជែកពីនយោបាយ ប៉ូលិសអនុវត្តច្បាប់ចរាចរណ៍ខុស សិស្សនិងគ្រូដឹងជជែកគ្នាទៅ តែការធ្វើនយោបាយក្នុងសាលាវិញ ការយកឈ្មោះឪពុកម្ដាយ គណបក្សខ្លួនឯង ទៅកៀរគរឲ្យមានការចូលរួមបក្សខ្លួន គឺខុស»។ 
 
ករណីនេះ លោក ប៊ុនណា ក៏យល់ឃើញដូចលោក មាស នី ដែរ។ អ្នកស្រាវជ្រាវផ្នែកភូមិសាស្រ្តនយោបាយនេះ បានថ្លែងបែបចំអកវិញថា ក្រសួងអប់រំ បានហាមមិនឲ្យនិយាយរឿងនយោបាយក្នុងសាលារៀន ប៉ុន្តែខ្លួនឯង បែរជាចេញញត្តិថ្កោលទោសលោក សម រង្ស៊ី ដែលជាអ្នកនយោបាយប្រឆាំង ហើយគាំទ្រសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅវិញ។


លោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ។
 
លោក ប៊ុនណ្ណា បន្ថែមថា ការចេញលិខិតថ្កោលទោសរបស់ក្រសួងអប់រំនាពេលនេះ ហាក់ដើរបញ្ច្រាសពីបទបញ្ជារបស់ខ្លួនទៅវិញ ។ 
 
អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយលើកឡើងថា៖ «ក្រសួងអប់រំគួរតែប្រកាន់ជំហរកណ្ដាល មានន័យថាក្រសួងជាស្ថានអប់រំ ដែលអប់រំមនុស្សឲ្យចេះថ្លឹងថ្លែងពិចារណាគ្រប់ជ្រុងជ្រោយ ជាជាងជឿលើគោលការណ៍របស់បក្សតែម្ខាង ហើយចោទក្រុមម្ខាងទៀតថា ក្រុមក្បត់ជាតិ។ ការចោទអ្វីមួយតាមនិន្នាការនយោបាយ គឺធ្វើឲ្យប៉ះពាល់ដល់គុណភាព តម្លៃក្រសួងអប់រំទាំងមូលផងដែរ»។ 
 
នៅពេលក្រសួងអប់រំចាត់ទុកក្រុមនយោបាយមួយ ជាក្រុមត្រូវតែកម្ចាត់ និងថ្កោលទោសតាមបក្សនយោបាយម្ខាងទៀត នឹងធ្វើឲ្យវិស័យអប់រំ និងវិស័យនយោបាយ រងការប៉ះពាល់ខ្លាំង។ ជាពិសេសបើក្រសួងអប់រំចេញត្តិថោលទោសបែបនេះ ក្រសួងគួរតែ បើកលំហរសេរីភាពនយោបាយ ដែលអាចឲ្យគ្រូ និងសិស្សនិយាយពីបញ្ហានេះ ក្នុងសាលារៀនដែរ។ នេះជាការយល់ឃើញរបស់ លោក ប៊ុនណា ។
 
 « គ្រប់រឿងនយោបាយ ជារឿងរបស់ពលរដ្ឋគ្រប់រូប។ អ៊ីចឹង ក្នុងនាមជាក្រសួងអប់រំគួរលើកទឹកចិត្តឲ្យសិស្ស និយាយរឿងនយោបាយឲ្យទូលំទូលាយ ក្នុងសាលា»។ លោក ប៊ុនណ្ណា បន្ថែម។
 
ពាក់ព័ន្ធនឹងការចេញញត្តិនេះ សារព័ត៌មានថ្មីៗពុំអាចសុំការឆ្លើយតបពី លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានឡើយ។ ដោយលោកប្រាប់ថាឲ្យយោងព័ត៌មានតាមញត្តិថ្កោលទោសលោក សម រង្ស៊ី ដែលលោកបានផ្ញើតាមប្រព័ន្ធតេឡេក្រាមមកកាន់សារព័ត៌មានថ្មីៗ។ 
 
កាលពីចុងខែធ្នូ ឆ្នាំ២០១៩ ក្រសួងអប់រំ ធ្លាប់បានបកស្រាយជុំវិញការហាមមិនឲ្យជជែករឿងនយោបាយក្នុងសាលា ដោយយោងតាមច្បាប់ស្ដីពីការអប់រំ។ ភាគីក្រសួង បានបកស្រាយថា បើចង់ឲ្យក្រសួងបើកឲ្យមានការនិយាយរឿងនយោបាយក្នុងសាលារៀន គឺត្រូវធ្វើវិសោធនកម្មច្បាប់នេះ។ 
 
សកម្មភាពនយោបាយក្នុងស្ថាប័នអប់រំ និងគ្រឹះស្ថានសិក្សា ត្រូវគោរពគោលការណ៍អព្យាក្រឹតភាព។ ការធ្វើសកម្មភាពនយោបាយ និងការឃោសនានយោបាយឲ្យគណបក្សនយោបាយណាមួយ ក្នុងស្ថាប័នអប់រំ និងគ្រឹះស្ថានត្រូវហាមឃាត់។ នេះបើតាមមាត្រា៣៤ នៃច្បាប់ស្ដីពីការអប់រំ៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com