ជាតិ
សេដ្ឋកិច្ច
ADB ផ្តល់ហិរញ្ញប្បទាន ៣២,៥លានដុល្លារដល់កម្ពុជា ដើម្បីជំរុញវិស័យសុខាភិបាលនៅតាមព្រំដែន
20, Oct 2022 , 7:59 pm        
រូបភាព
សកម្មភាពក្រុមគ្រូពេទ្យចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទីតាំងសាលារៀនបឋមសិក្សាកូបតូច ខេត្តបន្ទាយមានជ័យ។ រូបពីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិប៉ោយប៉ែត។
សកម្មភាពក្រុមគ្រូពេទ្យចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទីតាំងសាលារៀនបឋមសិក្សាកូបតូច ខេត្តបន្ទាយមានជ័យ។ រូបពីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិប៉ោយប៉ែត។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានចំនួន ៣២,៥ លានដុល្លារ ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាសុខភាពប្រកបដោយគុណភាពនៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាខេត្តជាប់ព្រំដែននាភាគពាយព្យប្រទេសកម្ពុជា និងជាតំបន់ដែលមានប្រជាជនចំណាកស្រុកចេញ-ចូលច្រើន ។ ជាពិសេសអ្នកដែលស្វែងរកការងារធ្វើនៅតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តមួយនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ពីទីក្រុងម៉ានីលប្រទេសហ្វីលីពីន នាថ្ងៃទី ២០ តុលា។



គម្រោងសុខភាពតំបន់ព្រំដែននៃមហាអនុតំបន់ទន្លេមេគង្គកម្ពុជា (GMS) នឹងពង្រីកការថែទាំសុខភាពពលករចំណាកស្រុក ជាពិសេសសម្រាប់ប្រជាជននៅតាមតំបន់ព្រំដែន។ 
បើតាមសេចក្តីប្រកាសព័ត៌មានខាងលើ គម្រោងនេះនឹងពង្រីកកម្ចីសម្បទានចំនួន ២៧លានដុល្លារ និងជំនួយរហូតដល់ ៥,៥លានដុល្លារដល់រដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់ និងបំពាក់បរិក្ខារសុខាភិបាលនៅតាមតំបន់ព្រំដែន ក៏ដូចជាពង្រឹងប្រព័ន្ធផ្តល់សេវាសុខភាពឆ្លងកាត់ព្រំដែន រួមទាំងការណែនាំច្រកសុខភាពអេឡិចត្រូនិក (portable electronic health ) សម្រាប់ជនចំណាកស្រុក។
 
អ្នកជំនាញផ្នែកសង្គមជាន់ខ្ពស់របស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍លោក Rikard Elfving មានប្រសាសន៍ថា ៖« កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសមាហរណកម្មនៅទូទាំងមហាអនុតំបន់មេគង្គ បានជំរុញកំណើនសេដ្ឋកិច្ច ហើយក៏មានចលនាកាន់តែច្រើនរបស់មនុស្សក្នុងការស្វែងរកការងារ និងឱកាសកាន់តែប្រសើរផងដែរ។ នេះបានបង្កនូវបញ្ហាប្រឈមផ្នែកសុខភាព ដែលទាក់ទងនឹងការចល័តរបស់មនុស្ស ជាពិសេសនៅតាមតំបន់ព្រំដែន ដែលភ្ជាប់ទៅនឹងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ»។
 
ប្រព័ន្ធសុខាភិបាលនៅតាមតំបន់ព្រំដែនជារឿយៗ មិនមានលក្ខណៈគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសុខភាព ។ ជាក់ស្ដែងក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ មានពលករខ្មែរ ចំណាកស្រុក ជាង ២៦ម៉ឺននាក់បានត្រឡប់មកផ្ទះវិញ តាមព្រំដែនកម្ពុជា-ថៃ ដែលធ្វើឱ្យហួសសមត្ថភាពនៃប្រព័ន្ធសុខាភិបាលនៅតាមព្រំដែន ក្នុងការកំណត់ធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកាចសាហាវនេះ។ ADB បានបន្ថែម។
 
បណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ បានឯកភាពរួមគ្នាលើតម្រូវការក្នុងការពង្រឹងការការពារសហគមន៍ងាយរងគ្រោះ ពីផលប៉ះពាល់សុខភាពនៃការធ្វើសមាហរណកម្មក្នុងតំបន់ និងបានផ្តល់អាទិភាពដល់ការពង្រឹងប្រព័ន្ធសុខាភិបាលនៅតាមតំបន់ព្រំដែន។ ការវិនិយោគលើប្រព័ន្ធសុខភាពប្រកបដោយបរិយាបន្នសម្រាប់ជនចំណាកស្រុកនឹងជួយសម្រួលដល់ការធ្វើចំណាកស្រុកដោយសុវត្ថិភាព ដែលមានសារៈសំខាន់ចំពោះការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩ ក្នុងអនុតំបន់៕
 

Tag:
 ADB
© រក្សាសិទ្ធិដោយ thmeythmey.com