ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទូតបារាំង អញ្ជើញលោក កឹម សុខា ទៅជជែកគ្នា
21, Oct 2022 , 1:33 pm        
រូបភាព
ពីស្តាំដៃទៅ៖ លោក មុត ចន្ថា ជំនួយការរបស់លោក កឹម សុខា, លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ, និងលោក ហ្សាក ប៉េឡេ ឯកអគ្គរដ្ឋទូតបារាំង ថតជាមួយគ្នាក្នុងបរិវេណស្ថានទូតបារាំង។ រូបពីធ្វីតធឺរបស់ស្ថានទូតបារាំង
ពីស្តាំដៃទៅ៖ លោក មុត ចន្ថា ជំនួយការរបស់លោក កឹម សុខា, លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ, និងលោក ហ្សាក ប៉េឡេ ឯកអគ្គរដ្ឋទូតបារាំង ថតជាមួយគ្នាក្នុងបរិវេណស្ថានទូតបារាំង។ រូបពីធ្វីតធឺរបស់ស្ថានទូតបារាំង
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ និងលោក ហ្សាក ប៉េឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានជួបពិភាក្សាគ្នា នៅស្ថានទូតបារាំង កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ ឯកអគ្គរដ្ឋទូតបារាំង អញ្ជើញលោក កឹម សុខា ទៅពិភាក្សាគ្នា បន្ទាប់ពីតុលាការ ប្រកាសបិទបញ្ចប់ការសួរដេញដោលលើសំណុំរឿងរបស់មេដឹកនាំប្រឆាំងរូបនេះ។



«លោក កឹម សុខា និងលោកឯកអគ្គរដ្ឋទូត បានជជែកគ្នាពីរឿងនយោបាយ សិទ្ធិមនុស្ស និងសារសំខាន់នៃភាពទូលំទូលាយលើលម្ហនយោបាយ ដើម្បីធានាការបោះឆ្នោតជាតិឆ្នាំ២០២៣ ឲ្យប្រព្រឹត្តទៅដោយសេរី និងតម្លាភាព»។ នេះជាសំណេររបស់ស្ថានទូតបារាំង ដែលបង្ហោះលើបណ្តាញធ្វីតធឺ។

រីឯលោក កឹម សុខា បង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកថា លោក បានទទួលទានអាហារថ្ងៃត្រង់ និងពិភាក្សាការងារ ជាមួយលោកឯកអគ្គរដ្ឋទូតបារាំង។ លោក បន្តថា លោក បានអរគុណលោកឯកអគ្គរដ្ឋទូត សហការីរបស់លោក រដ្ឋាភិបាលបារាំង និងសហភាពអឺរ៉ុប ដែលបានតាមដានដំណើរការសំណុំរឿងរបស់លោក។

បន្ថែមពីនេះ លោក ក៏បានអរគុណទៅដល់ប្រជាពលរដ្ឋ  អ្នកការទូត តំណាងអង្គការជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មាន ដែលចូលរួមឃ្លាំមើលសវនាការរបស់លោក។ មេដឹកនាំប្រឆាំង ដែលមិនទាន់អាចធ្វើនយោបាយរូបនេះ បញ្ជាក់ដូច្នេះថា៖«នេះគឺជាការចូលរួមចំណែកដ៏សំខាន់ [ក្នុងការ] ដឹងឮការពិតនៃដំណើរការយុត្តិធម៌សង្គម និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។

ក្នុងសវនាការលើកទី៦៣ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ តុលាការភ្នំពេញ បានប្រកាសបិទបញ្ចប់ការសួរដេញដោលលើសំណុំរឿងរបស់លោក កឹម សុខា ក្រោយសំណុំរឿងនេះ អូសបន្លាយអស់រយៈពេលជាង៥ឆ្នាំ។ តុលាការ ទុករយៈពេល២ខែ ឲ្យគូភាគីនីមួយៗ សរសេរសេចក្តីសន្និដ្ឋាន ដាក់ជូនតុលាការ។ ២ខែក្រោយ ពោលគឺថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ តុលាការ នឹងបើកសវនាការ ដើម្បីធ្វើសេចក្តីសន្និដ្ឋានលើសំណុំរឿងនេះ៕

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com