ជាតិ
សង្គមជាតិ
គណៈកម្មការគ្រប់គ្រង​ល្បែងពាណិជ្ជកម្ម ក្រើន​រំលឹក​ម្ចាស់​កាស៊ីណូ​ឲ្យស្នើ​សុំអាជ្ញាបណ្ណ
21, Oct 2022 , 2:49 pm        
រូបភាព
រស់ ភីរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម​
រស់ ភីរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម​
ភ្នំពេញ៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ណែនាំឲ្យម្ចាស់កាស៊ីណូ ទៅស្នើសុំអាជ្ញាបណ្ណ ហើយកាស៊ីណូណាដែលផុតអាជ្ញាបណ្ណ ក៏ត្រូវបន្តធ្វើថ្មីដែរ។ ករណីនេះ ក្រសួងព្រមានចាត់វិធានការតាមផ្លូវច្បាប់ បើចុះពិនិត្យពុំឃើញមានអាជ្ញាបណ្ណត្រឹមត្រូវ។

 
ដើម្បីឲ្យដំណើរការកាស៊ីណូដំណើរការទៅដោយស្របច្បាប់ ប្រតិបត្តិករកាស៊ីណូ ត្រូវមានអាជ្ញាបណ្ណ ហើយត្រូវដាក់តាំងអាជ្ញាបណ្ណច្បាប់ដើមនៅកន្លែងងាយមើលឃើញ ក្នុងបរិវេនទីតាំងអាជីវកម្មឲ្យ។ 
 
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ឲ្យម្ចាស់កាស៊ីណូទាំងអស់ត្រូវតែដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ។ ចំណែក កាស៊ីណូណាដែលធ្លាប់មានអាជ្ញាបណ្ណ ត្រូវបន្តសុពលភាព។ ចំពោះការបើកកាស៊ីណូ គឺត្រូវប្រព្រឹត្តឡើងតាមគោលការណ៍អនុញ្ញាតពីរដ្ឋាភិបាល និងលក្ខខណ្ឌទាំងឡាយ ដែលចែងក្នុងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។ នេះបើតាមសេចក្ដីណែនាំរបស់ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ដែលចេញថ្ងៃទី២០តុលា។
 
ជាមួយគ្នាដែរ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានប្រាប់ទៅថា នៅពេលទទួលបានអាជ្ញាបណ្ណ គឺអាចធ្វើប្រតិបត្តិការកាស៊ីណូបានតែនៅក្នុងបរិវេណទីតាំង ដែលបានកំណត់ក្នុងអាជ្ញាបណ្ណកាស៊ីណូនោះប៉ុណ្ណោះ។ លើសពីនេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាសង្កត់ធ្ងន់ថា៖ «ប្រតិបត្តិករកាស៊ីណូ ត្រូវដាក់តាំងបង្ហាញបណ្ណ ឬលិខិតបញ្ជាក់នីតិភាពច្បាប់ដើម នៅកន្លែងដែលអាចមើលឃើញ ក្នុងទីតាំងធ្វើអាជីវកម្មរបស់ខ្លួន»។
 
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបញ្ជាក់ប​ន្ថែមថា ការប្រើប្រាស់អាជ្ញាបណ្ណ ឬលិខិតបញ្ជាក់នីតិភាពថតចម្លង នៅទីតាំងផ្សេងនឹងត្រូវចាត់ទុកថាជាក្លែងបន្លំ ហើយប្រឈមនឹងការចាត់វិធានការច្បាប់។ 
 
ទន្ទឹមនឹងនេះ ម្ចាស់កាស៊ីណូត្រូវបំណូលកាតព្វកិច្ចពីល្បែងគ្រប់ប្រភេទ ដែលដំណើរការក្នុងបរិវេណកាស៊ីណូ និងកាតព្វកិច្ចផ្សេងទៀត ឲ្យបានគ្រប់ចំនួន និងទាន់ពេល។ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ព្រមានថា ករណីម្ចាស់កាស៊ីណូ មិនអនុវត្តតាមការណែនាំខាងលើនេះ នឹងត្រូវចាត់ទុកជាការប្រព្រឹត្តបទល្មើស ដែលផ្ទុយនឹងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ លើសពីនេះ គឺប្រឈមមុខនឹងការដាក់ទណ្ឌកម្ម និងពិន័យតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត៕ 
 
 
 

Tag:
 កាស៊ីណូ
© រក្សាសិទ្ធិដោយ thmeythmey.com