ជាតិ
ភាពយន្ត Return to Seoul របស់​ផលិតករ​ ជូ ដាវី ​តំណាង​កម្ពុជាក្នុងការ​ប្រកួត​ពានរង្វាន់​អូស្ការ​
21, Oct 2022 , 8:59 pm        
រូបភាព
លោក ជូ ដាវី (Davy Chou) (ឆ្វេង) ផលិតករភាពយន្តខ្មែរបារាំង និងនាង Park Ji-Min តារាសម្តែងបារាំង ថតរូបក្នុងមហោស្រពភាពយន្ត Cannes លើកទី ៧៥ នៅប្រទេសបារាំង
លោក ជូ ដាវី (Davy Chou) (ឆ្វេង) ផលិតករភាពយន្តខ្មែរបារាំង និងនាង Park Ji-Min តារាសម្តែងបារាំង ថតរូបក្នុងមហោស្រពភាពយន្ត Cannes លើកទី ៧៥ នៅប្រទេសបារាំង
ដោយ: VOA
ទីក្រុង​ CHICAGO រដ្ឋ​ ILLINOIS — ភាពយន្ត​ 'Return to Seoul' ឬ «វិល​ត្រឡប់​ទៅ​ទីក្រុង​សេអ៊ូល» របស់​ផលិតករ​ភាពយន្ត​ខ្មែរ​បារាំង​លោក ជូ ដាវី (Davy Chou) ត្រូវបាន​ជ្រើស​យក​ឲ្យ​តំណាង​ប្រទេស​កម្ពុជា នៅ​ក្នុង​កម្មវិធីពានរង្វាន់​ភាពយន្ត​ Academy Awards ឬ Oscarលើក​ទី ៩៥ ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃទី ១២ ខែ​មីនា ឆ្នាំ ២០២៣។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​ផលិតកម្ម​ភាពយន្ត​ Anti Archive នៅ​លើ​បណ្តាញ​សង្គម។

 
ភាពយន្ត​នេះ​ត្រូវបាន​ដាក់​បញ្ចូល​ក្នុង​ប្រភេទ​ភាពយន្ត​អន្តរជាតិ​ខ្នាតធំ​ ដែល​មាន​ប្រទេស​ប្រមាណ ៩០ មក​ពី​ជុំវិញ​ពិភពលោកផ្សេងទៀត​ ចូលរួម​ប្រកួត​យក​ពានរង្វាន់ ​Oscar ​សម្រាប់ភាពយន្តអន្តរជាតិ​ខ្នាតធំ ឆ្នាំ ២០២៣។ នៅ​ខែ​ធ្នូ​ខាង​មុខ​នេះ គណៈកម្មការ​វិនិច្ឆ័យ​នឹង​បោះឆ្នោត​ជ្រើសយក​ភាពយន្ត​តែ​មួយ​ចំនួន​ប៉ុណ្ណោះ ហើយ​ក្រោយ​មក​ ភាពយន្ត​ចំនួន ៥ នឹង​ត្រូវបាន​ជ្រើសយក​ក្នុង​ជុំ​ផ្តាច់ព្រ័ត្រ ហើយ​ភាពយន្ត​តែ​មួយ​គត់​ នឹង​ត្រូវប្រកាស​ជ័យលាភី​ពាន​រង្វាន់​អូស្ការ​សម្រាប់​ភាពយន្តអន្តរជាតិ​ខ្នាតធំ នៅ​ខែ​មីនា នា​ឆ្នាំ​ក្រោយ​នេះ។
 
ភាពយន្ត​ 'Return to Seoul' ឬ «វិល​ត្រឡប់​ទៅ​ទីក្រុង​សេអ៊ូល» នេះ​ ទើប​តែ​បាន​ឈ្នះ​ពានរង្វាន់​ Audience Award នៅ​មហោស្រព​ Hamptons International Film Festival នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក​ កាលពី​ថ្ងៃទី ១៦ ខែ​តុលា​កន្លង​ទៅ​នេះ ហើយ​ក៏​បាន​ឈ្នះ​ពាន​រង្វាន់ Top Jury Prize នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ Athens International Film Festival នៅ​ប្រទេស​ក្រិក​ កាលពី​ខែ​មេសា​ផងដែរ។ កាលពី​ខែ​ឧសភា​កន្លង​ទៅភាពយន្ត​របស់​លោក ជូ ដាវី នេះ ក៏​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ចាក់​បញ្ចាំងជា​អន្តរជាតិនៅ​មហោស្រព​ភាពយន្ត​ Cannes Film Festival លំដាប់​ពិភពលោក​ដ៏​ល្បីល្បាញ​។
 
 
ទាំង​នេះ​គឺជា​សមិទ្ធិផល​ដ៏​គួរ​ឲ្យ​ស្ងប់ស្ងែង​សម្រាប់​លោក ជូន ដាវី ដែល​ជា​ផលិតករ​ភាពយន្ត​វ័យក្មេង​ដ៏​ឆ្នើម​ ដែល​បាន​តំណាង​ឲ្យ​កម្ពុជា និង​ដែលកំពុង​តែ​ធ្វើ​កិច្ចការ​ជាច្រើន​ ដើម្បីជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​ក្នុង​វិស័យភាពយន្ត​របស់​ប្រទេស​កម្ពុជា​ផងដែរ។ ​
 
លោក​ ជូ ដាវី បាន​ចំណាយ​ពេល​ជាង​បីឆ្នាំ​និពន្ធ​សាច់រឿង​នេះ​ឡើង ដែល​ផ្តោត​លើ​ដំណើរ​ឈ្វេងយល់ពី​អត្តសញ្ញាណ​និង​ដើមកំណើត​របស់​ស្ត្រី​ជនជាតិ​បារាំង​ដើម​កំណើត​កូរ៉េខាងត្បូង​ម្នាក់។ នេះ​ជា​រឿងរ៉ាវ​ដែល​រូប​លោក​ខ្លួន​ឯង​ផ្ទាល់​បាន​ឆ្លងកាត់​ ក្នុង​ជីវិត​ជា​កូន​របស់​ឪពុកម្តាយ​ដែល​ជា​ជនភៀសខ្លួន​ខ្មែរ​នៅ​ក្នុង​ប្រទេស​បារាំង។
 
នៅក្នុង​បទសម្ភាសន៍​ជាមួយ​បណ្តាញ​ផ្សព្វផ្សាយ​ The Upcoming លោក ជូ ដាវី បាន​ឲ្យដឹង​ថា លោក​បាន​ផុស​គំនិត​ផ្តួចផ្តើម​និពន្ធ​និង​ផលិត​ភាពយន្ត​នេះ​ ដោយសារ​បទពិសោធន៍​ជីវិត​ផ្ទាល់​ខ្លួន​របស់​មិត្តភក្តិ​របស់​លោក​ម្នាក់ ដែល​បាន​កើត​នៅ​ប្រទេស​កូរ៉េខាងត្បូង ហើយ​ត្រូវបាន​ជ្រើស​យក​ធ្វើ​ជា​កូនចិញ្ចឹម​របស់​គ្រួសារ​មួយ​នៅ​ប្រទេស​បារាំង។
លោក​បាន​រៀបរាប់​ថា មិត្តភក្តិ​របស់​លោក​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ជួប​ជាមួយ​ឪពុកម្តាយ​បង្កើត​របស់​ខ្លួន នៅពេល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ដែល​ជា​ប្រទេស​កំណើត​របស់​ខ្លួន ក៏ប៉ុន្តែ​បាន​សម្រេច​ជួប​ឪពុក​និង​ជីដូន​បង្កើត។ លោក ជូ ដាវី បាន​បញ្ជាក់​ទៀត​ថា លោក​បាន​ធ្វើ​ដំណើរ​ជាមួយ​មិត្តភក្តិ​របស់​លោក​ទៅ​ជួប​ឪពុក​និង​ជីដូន​បង្កើត​នោះ ហើយ​បាន​កត់សម្គាល់​ឃើញ​បទពិសោធន៍​ដ៏​ស្មុគស្មាញ​និង​ពិសេសមួយ គ្រា​ដែល​មិត្តភក្តិ​របស់​លោក​បាន​ព្យាយាម​ឈ្វេងយល់​ពី​គ្រួសារ​បង្កើត​របស់​ខ្លួន​នៅ​ប្រទេស​កូរ៉េខាងត្បូង។ ហើយ​បទពិសោធន៍​ដ៏​ស្មុគស្មាញ​ ដែល​លាយលំ​ដោយ​មនោសញ្ចេតនា​ជាច្រើន បាន​ជំរុញ​ឲ្យ​លោក​និពន្ធ​ភាពយន្ត 'Return to Seoul' ឬ «វិល​ត្រឡប់​ទៅ​ទីក្រុង​សេអ៊ូល» នេះ​ឡើង។
នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ភាពយន្ត​ 'Return to Seoul' ឬ «វិល​ត្រឡប់​ទៅ​ទីក្រុង​សេអ៊ូល» នឹង​ចាក់​បញ្ចាំង​នៅ​ប្រទេស​កម្ពុជា​ ឲ្យ​ប្រជាជន​ខ្មែរបាន​ទស្សនា​ផង​ដែរ។
ភាពយន្ត​នេះ​ត្រូវបាន​គ្រប់គ្រង​ផលិត​ដោយ​ក្រុមហ៊ុន Aurora Films នៅ​ប្រទេស​បារាំង ដោយសហការ​ជាមួយក្រុមហ៊ុន Anti Archive នៅ​ប្រទេស​កម្ពុជា ​ក្រុមហ៊ុន Vandertastic Films នៅ​ប្រទេស​អាល្លឺម៉ង់ និង​ក្រុមហ៊ុន Frakas Pictures នៅ​ប្រទេស​បែលហ្សិក៕
 
អត្ថបទដោយ៖ ទែន សុខស្រីនិត
 

Tag:
 ភាពយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com