ជាតិ
សង្គមជាតិ
ក្រោយសិស្សក្មេងៗ១១នាក់ស្លាប់ក្នុងឧបទ្ទវហេតុលិចទូក រដ្ឋមន្រ្តីអប់រំ បង្គាប់ទៅមន្ទីរឲ្យដើរពិនិត្យទូក និងកាណូតចម្លងសិស្ស
22, Oct 2022 , 3:59 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីអប់រំ ថ្លែងក្នុងពិធីបើកវេទិកាអប់រំនាពេលអនាគត និងបច្ចេកវិទ្យាអប់រំចក្រភពអង់គ្លេស នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ រូបពីក្រសួងអប់រំ
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីអប់រំ ថ្លែងក្នុងពិធីបើកវេទិកាអប់រំនាពេលអនាគត និងបច្ចេកវិទ្យាអប់រំចក្រភពអង់គ្លេស នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ រូបពីក្រសួងអប់រំ
ដោយ៖ ចៀន និតា
 
លោករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន ណែនាំទៅមន្ទីរអប់រំ យុវជន និងកីឡាតាមរាជធានី-ខេត្តទាំង២៥ ឲ្យសហការជាមួយអង្គភាពពាក់ព័ន្ធ ចុះទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃមធ្យោបាយដឹកជញ្ជូន ដូចជា យានយន្ត ទូក និងកាណូត ជាដើម ដែលសិស្សានុស្ស និងបុគ្គលិកអប់រំប្រើប្រាស់រួមគ្នា។ សេចក្តីណែនាំរបស់លោករដ្ឋមន្រ្តីអប់រំ ធ្វើឡើយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។

  

លោក ហង់ជួន ណារ៉ុន ប្រាប់ទៅគ្រប់មន្ទីរអប់រំថា បើពិនិត្យឃើញមធ្យោបាយដឹកជញ្ជូនទាំងនោះ ស្ថិតក្នុងលក្ខណៈដែលអាចបង្កហានិភ័យ មន្ទីរអប់រំ ត្រូវណែនាំឲ្យម្ចាស់អាជីវកម្ម និងអ្នក ដែលបញ្ជាមធ្យោបាយដឹកជញ្ជូនសិស្សានុស្ស និងបុគ្គលិកអប់រំ ឲ្យកែលម្អ មានការប្រុងប្រយ័ត្ន និងមានការទទួលខុសត្រូវខ្ពស់។
 
ចំពោះទូក និងកាណូត មន្ទីរអប់រំ ត្រូវណែនាំឲ្យម្ចាស់អាជីវកម្ម បំពាក់អាវពោងសុវត្ថិភាព។ ទាំងយានយន្ត ទាំងទូក និងកាណូត មន្ទីរអប់រំ ត្រូវណែនាំម្ចាស់អាជីវកម្ម កុំឲ្យដឹកលើសចំណុះ។ មន្ទីរអប់រំ ក៏ត្រូវណែនាំផងដែរ កុំឲ្យអ្នកបើកបរយានយន្តដែលដឹកសិស្សានុសិស្ស និងបុគ្គលិកអប់រំ បើកលើសល្បឿន។ ទាំងនេះជាសេចក្តីបង្គាប់របស់លោក ហង់ជួន ណារ៉ុន ដដែល។

ក្រៅពីមន្ទីរអប់រំ លោករដ្ឋមន្រ្តី ថែមទាំងណែនាំទៅដល់គ្រប់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា។ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវសហការជាមួយអាជ្ញាធរដែនដី ចុះទៅពិនិត្យមើលទីតាំង និងគោលការណ៍នៃការប្រកបអាជីវកម្មដឹកជញ្ជូនសិស្សានុសិស្ស និងបុគ្គលិកអប់រំ។ លោកគ្រូ អ្នកគ្រូ ត្រូវណែនាំជាប្រចាំដល់សិស្សានុសិស្សអំពីហានិភ័យ ដែលអាចកើតមានក្នុងអំឡុងពេលធ្វើដំណើរ ជាពិសេសត្រូវណែនាំសិស្សានុសិស្ស ឲ្យចេះគ្រប់គ្រងអារម្មណ៍ និងវិធីរំដោះខ្លួនចេញពីគ្រោះថ្នាក់ ក្នុងករណីមានហេតុការណ៍កើតឡើង។
 
មាតាបិតា និងអាណាព្យាបាល ក៏ទទួលបានការណែនាំពីលោករដ្ឋមន្រ្តីអប់រំដែរ។ ក្នុងសេចក្តីណែនាំនោះ លោក បានផ្តល់គំនិតឲ្យមាតាបិតា និងអាណាព្យាបាល ណែនាំកូនចៅរបស់ពួកគាត់ ឲ្យប្រុងប្រយ័ត្ន និងជ្រើសរើសមធ្យោបាយធ្វើដំណើរ ដែលមានសុវត្ថិភាព។
 
សេចក្តីណែនាំខាងលើរបស់លោក ហង់ជួន ណារ៉ុន ត្រូវបានធ្វើឡើង បន្ទាប់ពីមានសោកនាដកម្មលិចទូកចម្លង កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅភូមិ​កោះ​ចំរើន ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្ត​កណ្តាល បណ្តាលឲ្យក្មេងៗជាសិស្សសាលាដល់ទៅ១១នាក់ បាត់បង់ជីវិត។ ពួកគេ មានអាយុចន្លោះពី១២ឆ្នាំទៅ១៤ប៉ុណ្ណោះ។ ករណីលិចទូកចម្លងនេះ គឺបណ្ដាលមកពីម្ចាស់ទូកដាក់លើសចំណុះ ធ្វេសប្រហែស និងមិនប្រុងប្រយ័ត្ន ហើយក្នុងទូក មិនមានអាវពោងសម្រាប់ការពារឡើយ៕ 
 

Tag:
 (ករណីលិចទូក
  ហង់ជួន ណារ៉ុន)
© រក្សាសិទ្ធិដោយ thmeythmey.com