ជាតិ
សង្គមជាតិ
អាជ្ញាធរអប្សរា បន្តជួសជុលច្រាំងកសិន្ធុប៉ែកខាងត្បូងស្ពានហាលអង្គរបន្ថែមទប់ស្កាត់ហានិភ័យ
24, Oct 2022 , 9:00 am        
រូបភាព
សៀមរាប៖ គម្រោងជួសជុលច្រាំងកសិន្ធុអង្គរវត្តប៉ែកខាងត្បូងស្ពានហាលអង្គរ កំពុងចាប់ផ្តើមជំហានទី៣។ ការជួសជុលនេះ គឺបានរើថ្មចេញ ដ្បិតស្ថានភាពថ្មបានស្រុតខ្លាំង និងខ្លះបាក់បែក ហើយងាយស្រួលពង្រឹងគ្រឹះជួសជុល រៀបដំឡើងថ្មឡើងវិញ។

 
អ្នកស្រី ស៊ឹម ដានី មន្រ្តីអភិរក្សគម្រោងជួសជុលច្រាំងកសិន្ធុអង្គរវត្តប៉ែកខាងត្បូងដំណាក់កាលទី៣ បានឱ្យដឹងថា គម្រោងជំហានទី៣នេះមានប្រវែង២៥ម៉ែត្រ ដែលចាប់ផ្តើមពីខែសីហាមក។ សព្វថ្ងៃ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងរើថ្មចេញដើម្បីពង្រឹងគ្រឹះក្រោម និងជួសជុលថ្មដែលបាក់បែកឡើងវិញ។ 
 
«បញ្ហាគ្រឹះធ្នឹមបាក់ស្រុតខ្លាំង ដែលរុញរចនាសម្ពន្ធទៅក្នុងទឹក ទើបនាយកដ្ឋានរៀបចំគម្រោងនេះដើម្បីជួសជុលបន្ទាន់»។ នេះជាការលើកឡើងរបស់អ្នកស្រី ស៊ឹម ដានី ដោយបន្ថែមថា ថ្មដែលស្រុត និងប្រេះ ដោយសារស្រទាប់បេតុងដែលសាលាបារាំងចុងបូព៌ាបានជួសជុលនៅឆ្នាំ ១៩៦២ អស់គុណភាព ជាហេតុធ្វើឱ្យក្រុមការងារសម្រេចដកចេញ និងជួសជុលដោយប្រើបច្ចេកទេសបុរាណវិញ គឺបុកបង្ហាប់ល្បាយបាយអរជំនួស។ 
 
មុននឹងចាប់ផ្តើមការងារជួសជុលខាងលើ ក្រុមការងារអាជ្ញាធរជាតិអប្សរា ដែលមាននាយកដ្ឋានជំនាញ បានចំណាយពេលប្រមាណ២ខែដើម្បីរៀបចំធ្វើទំនប់ គឺដូចទៅនឹងការដ្ឋានជួសជុលសំណង់ក្រោមទឹកដទៃទៀតដែរ។ បច្ចុប្បន្នការងារជួសជុលច្រាំងកសិន្ធុជំហានទី៣នេះ សម្រេចបានប្រមាណ១៥ភាគរយហើយ។
 
ចំពោះការជួសជុលនៅប៉ែកខាងត្បូងស្ពានហាលនេះ កន្លងមកក្រុមការងារអាជ្ញាធរជាតិអប្សរាបានជួសជុល២ដំណាក់កាលរួចហើយ ដែលសរុបប្រវែង ១៤០ម៉ែត្រ។ ដូច្នេះបូកបន្ថែមដំណាក់កាលទី៣ ២៥ម៉ែត្រទៀត គម្រោងនេះសរុបមានចំនួន ១៦៥ម៉ែត្រ។ 
 
ស្ថានភាពច្រាំងកសិន្ធុអង្គរវត្ត រងការទ្រុឌទ្រោមខ្លាំង ដោយភាគច្រើនបានបាក់ស្រុតដោយសារអាយុកាល។ សព្វថ្ងៃការងារជួសជុលមានពីរគម្រោង គឺគម្រោងនៅប៉ែកខាងជើង និងខាងត្បូងស្ពានហាល ឬត្រឹមនៅផ្នែកខាងមុខច្រកចូលតែប៉ុណ្ណោះ។ ដោយឡែក នៅផ្នែកដទៃទៀត គ្រោងនឹងជួសជុលជាដំណាក់កាលៗ តែក្នុងកម្រិតតិចតួចតាមទំហំថវិកាប្រចាំឆ្នាំរបស់អាជ្ញាធរជាតិអប្សរា៕
 
 
 
 

Tag:
 ច្រាំងកកសិណអង្គរវត្ត
  ស្ពានហាល
  អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com