អន្តរជាតិ
លោក ចនសុន នឹងវិលមកប្រជែងកៅអីនាយករដ្ឋមន្រ្តីវិញ?
23, Oct 2022 , 8:59 pm        
រូបភាព
ដោយ:
បន្ទាប់ពីចុះចេញពីតំណែងនាយករដ្ឋមន្រ្តីអង់គ្លេសជាផ្លូវការនៅដើមខែកញ្ញា លោក បូរីស ចនសុន ត្រូវបានមនុស្សជំនិត ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបញ្ជាក់ថានឹងត្រឡប់មកប្រជែងតំណែងជាប្រធានបក្សអភិរក្សនិយម និងនាយករដ្ឋមន្រ្តីវិញ។ មិនដល់២ខែផង បក្សកាន់អំណាចអភិរក្សនិយមរៀបចំជ្រើសរើសមេដឹកនាំទី ២ បន្ទាប់ពីលោកស្រី Liz Truss នាយករដ្ឋមន្រ្តីអង់គ្លេសបច្ចុប្បន្នប្រកាសលាលែងតំណែង។

 
កាន់តំណែងបានត្រឹម៤៥ថ្ងៃប៉ុណ្ណោះ លោកស្រី​ Liz Truss ប្រកាសលាលែងតំណែងពីបក្សអភិរក្សនិយមនៅថ្ងៃទី២០ ខែតុលា ដោយសាររងសម្ពាធពីផ្ទៃក្នុងបក្ស។ ប៉ុន្តែ លោកស្រីនឹងបន្តតំណែងជានាយករដ្ឋមន្រ្តីអង់គ្លេស រហូតដល់មេដឹកនាំបក្សអភិរក្សនិយមថ្មីត្រូវបានជ្រើសរើស។​
 
ក្រោយការប្រកាសនេះ នីតិវិធីជ្រើសរើសប្រធានបក្សអភិរក្សនិយមថ្មីក៏ចាប់ផ្តើមភ្លាមៗដែលការជ្រើសតាំងបេក្ខភាពចូលរួមប្រជែងតំណែងនេះនឹងបិទនៅម៉ោង២រសៀលនាថ្ងៃទី២៤ ខែតុលា (ម៉ោងនៅអង់គ្លេស)។ 
 
ប៉ុន្តែ មកទល់ពេលនេះមានតែលោកស្រី Penny Mordaunt ដែលជាសំឡេងភាគច្រើននៃសភាជាន់ទាបអង់គ្លេសប៉ុណ្ណោះបញ្ជាក់ថា នឹងចូលរូមប្រជែងតំណែងប្រធានបក្ស។ អតីតនាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន និងលោក Rishi Sunnak អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេសមិនទាន់បញ្ជាក់ពីបេក្ខភាពផ្ទាល់នៅឡើយ បើទោះមានការដង្ហើយមកថាលោកទាំងពីរនឹងចូលរួមប្រជែងតំណែងនេះក៏ដោយ។ លោកស្រី Mordaunt និង លោក Sunnak ក៏ធ្លាប់ចូលរួមប្រជែងតំណែងមេដឹកនាំបក្សអភិរក្សនិយមដែរ នៅពេលលោក ចនសុន លាលែងពីតំណែងកាលពីខែកក្កដា។
 
មកទល់ពេលនេះជាមួយការគាំទ្ររបស់សមាជិកសភាមកពីបក្សអភិរក្សនិយមចំនួន២០៤នៃ៣៥៧សំឡេងដែលត្រូវបានបង្ហាញជាសាធារណៈ លោក Sunak នាំមុខគេជាមួយសំឡេងគាំទ្រ ១២៨ ខណៈលោកចនសុន ទទួលបានការគាំទ្រ ៥៣ នាក់ ហើយលោកស្រី Mordaunt ទទួលបាន២៣ សំឡេងគាំទ្រប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃទី២៣ ខែតុលា។ 
 
ត្រឹមថ្ងៃកំណត់ បើមានតែបុគ្គលមួយរូបដែលអាចរកសំឡេងគាំទ្រពីសមាជិកសភាមកពីបក្សអភិរក្សនិយមយ៉ាងតិច ១០០ បុគ្គលនោះនឹងក្លាយជាមេដឹកនាំបក្ស និងប្រទេសតែម្តង។ 
 
ប៉ុន្តែ បើមានបេក្ខភាព២នាក់ជាមួយសំឡេងគាំទ្រ ១០០ ឬច្រើនជាងនេះ សមាជិកសភាមកពីបក្សអភិរក្សនិយមនឹងបោះឆ្នោតជ្រើសរើសចន្លោះម៉ោង៣:៣០ ល្ងាចនិង ៥:៣០ល្ងាច ហើយលទ្ធផលនឹងប្រកាសនៅម៉ោង៦ ល្ងាចថ្ងៃទី២៤ ខែតុលា។ ក្នុងករណីមានបេក្ខភាព៣នាក់វិញ អ្នកដែលទទួលបានសំឡេងឆ្នោតគាំទ្រតិចជាងគេនឹងត្រូវជម្រុះចោល ហើយនឹងមានការបោះឆ្នោតចុងក្រោយមួយជុំទៀតដើម្បីសម្រេចលើបេក្ខភាពពីរនាក់ដែលនៅសល់នោះ។ រីឯ លទ្ធផលនឹងប្រកាសប្រហែលម៉ោង៩យប់នៅអង់គ្លេសថ្ងៃដដែល។
 
ទាក់ទងនឹងលោក ចនសុន វិញ មនុស្សជំនិតរបស់លោកប្រាប់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសថា អតីតនាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះខំស្កាត់ដំណើរកំសាន្តពីតំបន់ការ៉ាអ៊ីបដើម្បីចូលរួមប្រជែងយកតំណែងរបស់លោកស្រី Truss វិញ។ បើទោះសមាជិកសភាបញ្ជាក់ជាសាធារណៈថា លោកចន សុនទទួលបានតែ ៥៣ សំឡេងគាំទ្រក៏ដោយ ក្រុមយុទ្ធនាការរបស់អតីតនាយករដ្ឋមន្រ្តីវ័យ៥៨ឆ្នាំរូបនេះអះអាងថា ទទួលបានសំឡេង១០០នាក់ឯណោះដែលអាចចូលរួមប្រជែងតំណែងប្រធានបក្សជាផ្លូវការបានហើយ។
 
យ៉ាងណាមិញ ការវិលត្រឡប់របស់លោកមិនសូវជាទទួលបានការគាំទ្រទាំងក្នុងចំណោមបក្សកាន់អំណាច និងបក្សប្រឆាំងប៉ុន្មានទេ ពីព្រោះអ្នកប្រឆាំងទាំងនោះអះអាងថា អង់គ្លេសត្រូវការមេដឹកនាំដែលអាចរួបរួមប្រទេសស្ថិតក្នុងស្ថិរភាពមួយ។ អង់គ្លេសមិនអាចប្រថុយរើសអ្នកដឹកនាំដែលនឹងអាចបង្កើតឱ្យមានភាពចរាចលដដែលៗដូចឆ្នាំមុនទេ។
 
ក្រៅពីនេះ នៅពេលលោក ចនសុន ទៅដល់អង់គ្លេសនៅថ្ងៃទី២២ ខែតុលា ប្រភពចំនួនពីរប្រាប់ទូរទស្សន៍ BBC ថា លោកបានជួបជជែកជាមួយលោក Sunak ដែលទទួលបានគាំទ្រយ៉ាងច្រើនពីសមាជិកសភាក្នុងការប្រជែងតំណែងប្រធានបក្សអភិរក្សនិយម ក៏ដូចជានាយករដ្ឋមន្រ្តីអង់គ្លេសបន្ទាប់។ ប៉ុន្តែ ខ្លឹមសារពិភាក្សារវាងបុគ្គលទាំងពីរនេះមិនទាន់ចេញផ្សាយជាសាធារណៈនៅឡើយទេ៕
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com