អន្តរជាតិ
បណ្ដាប្រទេសសម្ពន្ធមិត្តចិន អបអរលោក ស៊ី ដែលបន្តជាប់ជាអគ្គលេខាធិការបក្ស
24, Oct 2022 , 11:59 am        
រូបភាព
អគ្គលេខាធិការបក្សកុម្មុយនីស្តចិន ស៊ី ជិនភីង។ រូបថត Xinhua
អគ្គលេខាធិការបក្សកុម្មុយនីស្តចិន ស៊ី ជិនភីង។ រូបថត Xinhua
បណ្ដាប្រទេសសម្ពន្ធមិត្តចិន រួមមាន រុស្ស៊ី កូរ៉េខាងជើង និងប៉ាគីស្ថាន នៅថ្ងៃទី២៣ ខែតុលា បានអបអរសាទរចំពោះភាពជោគជ័យរបស់មេដឹកនាំចិន លោក ស៊ី ជិនភីង ដែលបានបន្តជាប់ឆ្នោតជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិនសម្រាប់អាណត្តិទី៣។



ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif នៅថ្ងៃទី២៣ ខែតុលា បានផ្ញើសារអបអរសាទរទៅមេដឹកនាំចិន លោក ស៊ី ជិនភីង ក្រោយលោកបានជាប់ឆ្នោតជាថ្មីជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិននៅអាណត្តិទី៣។ នេះជារឿងមិនធ្លាប់មានចាប់តាំងពីការធ្វើកំណែទម្រង់នៅឆ្នាំ១៩៧៨ មកព្រោះលោក ស៊ី ដែលជាមេដឹកនាំបក្សកុម្មុយនីស្តចិនដំបូងគេ កាន់តំណែងកំពូលនេះលើសពីពីរអាណត្តិ។
 
បើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី Tass លោក ពូទីន ទន្ទឹងរង់ចាំការបន្តភាពជាដៃគូទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តជាមួយចិន ហើយការក្ដោបក្តាប់អំណាចយ៉ាងរឹងមាំរបស់លោក ស៊ី បានបញ្ជាក់យ៉ាងច្បាស់ពីអំណាចនយោបាយ ក៏ដូចជាការរួបរួមនៃបក្សកុម្មុនីស្តចិនដែរ។
 
«ស្មោះអស់ពីចិត្តរបស់ខ្ញុំ ខ្ញុំសូមជូនពរមិត្តជាទីស្រឡាញ់ឱ្យមានសុខភាព និងសុខុមាលភាពល្អ ចំពោះសមិទ្ធិផលថ្មីជាសកម្មភាពសំខាន់ៗរបស់អ្នក»។ នេះបើតាមសំណេររបស់លោក ពូទីន ​ផ្ញើទៅលោក ស៊ី ដកស្រង់ដោយទីភ្នាក់ងារ Tass។ 
 
ដោយឡែក មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បង្ហាញជំនឿថា បក្សកុម្មុយនីស្តចិនរួមទាំងប្រជាជនចិននឹងទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ក្នុងការរក្សា និងអភិវឌ្ឍសង្គមនិយមជាមួយនឹងចរិតលក្ខណៈរបស់ចិន ហើយក៏អាចកសាងរដ្ឋសង្គមនិយមទំនើប ក្រោមការដឹកនាំរបស់លោក ស៊ី។ 
 
«ខ្ញុំរួមជាមួយអ្នក នឹងរៀបចំអនាគតដ៏ស្រស់បំព្រងនៃទំនាក់ទំនងកូរ៉េខាងជើង-ចិន ឆ្លើយតបនឹងតម្រូវការនៃសម័យកាល និងខិតខំដឹកនាំដើម្បីបន្តជំរុញរបបសង្គមនិយមនៅក្នុងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ»។ ទីភ្នាក់ព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA រាយការណ៍បែបនេះ។
 
ក្រៅពីរុស្ស៊ី និងកូរ៉េខាងជើង នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានផ្ញើសារអបអរសាទរដល់មេដឹកនាំចិនផងដែរ។ លោកសរសេរលើ Twitter ថា៖«តាងនាមឱ្យប្រជាជាតិប៉ាគីស្ថាន ខ្ញុំសូមអបអរសាទរចំពោះប្រធានាធិបតីចិន ស៊ី ជិនភីង ដែលបានជាប់ឆ្នោតជាថ្មី ជាអគ្គលេខាធិការបក្សកុម្មុនីស្តសម្រាប់អាណត្តិទី៣។ នេះជាជាការថ្លែងអំណរគុណចំពោះការគ្រប់គ្រងនិងការលះបង់របស់លោក ស៊ី ចំពោះការបម្រើប្រជាជនចិន»។
 
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន នាថ្ងៃទី២៣ ខែតុលា ក៏បានសរសេរលិខិតក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនទៅលោកប្រធានាធិបតី ស៊ី ជិនភីង ដើម្បីអបអរសាទរការបន្តកាន់តំណែងជាអគ្គលេខាធិការបក្សក្នុងអាណត្តិថ្មីផងដែរ៕
 

Tag:
 ចិន
  រុស្ស៊ី
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com