អន្តរជាតិ
អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ Sunak រំពឹងក្លាយជានាយករដ្ឋមន្រ្តី ក្រោយលោក ចនសុន ដកខ្លួន
24, Oct 2022 , 2:29 pm        
រូបភាព
លោក Rishi Sunak បេក្ខជននាំមុខគេក្នុងការប្រជែងតំណែងប្រធានបក្សអភិរក្ស។ រូបថត AFP
លោក Rishi Sunak បេក្ខជននាំមុខគេក្នុងការប្រជែងតំណែងប្រធានបក្សអភិរក្ស។ រូបថត AFP
ដោយ:
អតីតនាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន ប្រកាសនៅថ្ងៃទី២៣ ខែតុលាថា មិនចូលរួមប្រជែងតំណែងប្រធានបក្សអភិរក្សនិយម ហើយបន្តដឹកនាំប្រទេសវិញឡើយ។ ការប្រកាសរបស់លោក ចនសុន នេះនឹងបើកផ្លូវឱ្យលោក Rishi Sunak ដែលជាបេក្ខភាពប្រជែងតំណែងប្រធានបក្សនាំមុខគេអាចនឹងក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសបន្ទាប់ពីលោកស្រី Liz Truss ដែលលាលែង។

 
ការជ្រើសតាំងបេក្ខភាពចូលរួមប្រជែងតំណែងប្រធានបក្សអភិរក្សនិយមផុតកំណត់នៅម៉ោង២រសៀលថ្ងៃទី២៤ ខែតុលានេះហើយ(ម៉ោងនៅអង់គ្លេស) ខណៈមានតែបេក្ខភាពពីររូបប៉ុណ្ណោះដែលបញ្ជាក់ជាផ្លូវការចូលរួមប្រជែងតំណែងនេះមានអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ Rishi Sunak និងអតីតរដ្ឋមន្រ្តីការពារជាតិ Penny Mordaunt ។ អតីតនាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន មិនចូលរួមប្រជែងតំណែងនេះវិញទេ។ 
 
ក្រោយប្រកាសបោះបង់ឈ្មោះជាបេក្ខភាពនៅថ្ងៃទី២៣ ខែតុលា លោក ចនសុន អះអាងថាលោកទទួលបានការគាំទ្រពីសមាជិកសភាមកពីបក្សអភិរក្សនិយមចំនួន១០២ នាក់ឯណោះដែលអាចឈរឈ្មោះដណ្តើមកៅអីមេដឹកនាំបក្សបាន។ ប៉ុន្តែ អតីតនាយករដ្ឋមន្រ្តីរូបនេះបញ្ជាក់ថា លោកមិនចូលរួមដោយសារបរាជ័យបញ្ចុះបញ្ចូលទាំងលោក Sunak និងលោកស្រី Mordaunt ឱ្យរួបរួមគ្នាដើម្បីផលប្រយោជន៍ជាតិ។ 
 
«ខ្ញុំជឿជាក់ថា ខ្ញុំមានអ្វីដែលត្រូវផ្តល់ឱ្យជាច្រើនតែខ្ញុំខ្លាចថានេះមិនមែនជាពេលដ៏ត្រឹមត្រូវ»។ លោក ចនសុន បញ្ជាក់បែបនេះក្នុងសេចក្ដីថ្លែងការណ៍មួយ។
 
យ៉ាងណាមិញ ទូរទស្សន៍ BBC ផ្សាយថា​ លោក ចនសុន ទទួលបានការគាំទ្រដែលបង្ហាញជាសាធារណៈពីសមាជិកសភាក្រោម៦០សំឡេងប៉ុណ្ណោះ ខណៈលោក Sunak ជាបេក្ខជននាំមុខទទួលបានការគាំទ្រប្រហែល ១៣០ សំឡេង ហើយលោកស្រី Mordaunt រកបានសំឡេងគាំទ្រជាង ២០។  
 
តាមនីតិវិធីជ្រើសរើសប្រធានបក្ស បើមានបេក្ខជនតែមួយដែលរកបានសំឡេងគាំទ្រយ៉ាងតិច១០០ ពីសមាជិកសភា បុគ្គលនោះនឹងត្រូវបានជ្រើសតាំងជាមេដឹកនាំបក្សកាន់អំណាច និងនាយករដ្ឋមន្រ្តីអង់គ្លេសនៅថ្ងៃទី២៤ ខែតុលាតែម្តង។ ក្នុងករណី២នាក់វិញ សមាជិកសភាមកពីបក្សអភិរក្សនិយមនឹងបោះឆ្នោតជ្រើសរើស ហើយលទ្ធផលអាចនឹងប្រកាសនៅល្ងាចថ្ងៃដដែល។
 
ការប្រកាសដកខ្លួនរបស់លោក ចនសុន នឹងបើកផ្លូវឱ្យលោក Sunak ស្នងកៅអីនាយករដ្ឋមន្រ្តីអង់គ្លេស ពីព្រោះមកទល់ពេលនេះលោកជាបេក្ខជនមួយរូបគត់ដែលទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់អាចឈរឈ្មោះជាបេក្ខភាពប្រធានបក្សបាន។ បើលោក Sunak ត្រូវបានជ្រើសរើស លោកនឹងក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសដំបូងគេដែលមានប្រភពមកពីឥណ្ឌា៕
 
 
 
 
 

Tag:
 អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com