អន្តរជាតិ
យោធាកូរ៉េខាងជើង និងខាងត្បូងបាញ់ព្រមានគ្នាទៅមកក្បែរសមុទ្រខណ្ឌចែកឧបទ្វីបកូរ៉េ
24, Oct 2022 , 4:39 pm        
រូបភាព
ដោយ:
យោធាកូរ៉េខាងត្បូង នៅថ្ងៃទី២៣ ខែតុលាបាញ់ព្រមានទៅកប៉ាល់កូរ៉េខាងជើងមួយគ្រឿងដែលខ្លះអះអាងថា បើកកាត់ព្រំដែនសមុទ្ររវាងកូរ៉េទាំងពីរនៅសមុទ្រលឿង។ ជាការតបត យោធាកូរ៉េខាងជើងក៏បានបាញ់ព្រមានទៅនាវាចម្បាំងកូរ៉េខាងត្បូងមួយគ្រឿងដែលខ្លួនចោទថា បានបំពានតំបន់ព្រំដែននេះដូចគ្នា។

 
ប៉ុន្មានខែចុងក្រោយនេះ ស្ថានភាពនៅឧបទ្វីបកូរ៉េកាន់តែយ៉ាប់យ៉ឺន ដោយសារកូរ៉េខាងជើងផ្គើនបាញ់មីស៊ីលជាច្រើនលើក ព្រមទាំងបញ្ជូនយន្តហោះ និងបាញ់កាំភ្លើងធំជាច្រើនគ្រាប់ចូលតំបន់សមុទ្រខណ្ឌចែកកូរ៉េទាំងពីរក្រោមហេតុផលដើម្បីត្រៀមខ្លួនសម្រាប់សង្រ្គាម។ រីឯ កូរ៉េខាងត្បូង ក៏ដូចជាអាម៉េរិកនេះវិញក៏បានធ្វើសមយុទ្ធរួមគ្នាមិនតិចដែរដើម្បីពង្រឹងសមត្ថភាពយោធាប្រឆាំងនឹងកូរ៉េខាងជើង។
 
ខណៈស្ថានភាពកំពុងតានតឹងស្រាប់ កូរ៉េខាងជើង និងកូរ៉េខាងត្បូងនៅថ្ងៃទី២៣ ខែតុលាបាញ់ព្រមានគ្នាទៅវិញទៅមកដើម្បីបណ្តេញនាវាដែលបំពានតំបន់ការពារសមុទ្រខណ្ឌចែកឧបទ្វីបកូរ៉េ។ បើតាមសេចក្តីថ្លែងការណ៍របស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង យោធាកូរ៉េខាងត្បូងបាញ់ព្រមានកប៉ាល់កូរ៉េខាងជើងដែលបើកកាត់បន្ទាត់ខណ្ឌទឹកដីប្រហែលម៉ោង ៣:៤០​នាទីព្រឹក(ម៉ោងនៅកូរ៉េ)។ ក្រោយការបាញ់ព្រមាននេះ កប៉ាល់កូរ៉េខាងជើងក៏បានដកថយទៅភាគខាងជើងវិញ។
 
ភ្លាមៗនោះ យោធាកូរ៉េខាងជើងអះអាងថា មាននាវាចម្បាំងកូរ៉េខាងត្បូងមួយគ្រឿងបើកបំពានព្រំដែនសមុទ្រ ហើយក៏បានបាញ់គ្រាប់រ៉ុក្កែត១០ដងចូលសមុទ្រលឿងជាការតបតដែរ។
 
« អគ្គសេនាធិការកងទ័ពប្រជាជនកូរ៉េខាងជើងជាថ្មីម្តងទៀតផ្ញើការព្រមានទៅដល់សត្រូវដែលបានឈ្លានពានផ្នែកជើងទឹក ហើយបង្ករឿងដូចជាការបាញ់កាំភ្លើងធំ និងប្រើឧបករណ៍បំពងសំឡេងនៅជួរមុខ»។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA។
 
ទាក់ទងរឿងនេះ អគ្គសេនាធិការកូរ៉េខាងត្បូងចាត់ទុកទង្វើតបតរបស់យោធាកូរ៉េខាងជើងជាការបំពានកិច្ចព្រមព្រៀងយោធាទ្វេភាគីឆ្នាំ២០១៨ ដែលសកម្មភាពបង្កអរិភាពណាមួយត្រូវហាមប្រាមនៅតំបន់ព្រំដែនកូរ៉េទាំងពីរទាំងដែនអាកាស ទឹក និងដី។ 
 
សូមបញ្ជាក់ថា នាវាកូរ៉េខាងជើងជាញយៗបើកឆ្លងកាត់បំពានបន្ទាត់ព្រំដែនខាងជើងដែលជាព្រំដែនសមុទ្ររវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងគូសដោយអង្គការសហប្រជាជាតិ ក្រោយសង្រ្គាមកូរ៉េ។ ប៉ុន្តែ កូរ៉េខាងជើងមិនទទួលស្គាល់បន្ទាត់ខណ្ឌចែកមិនផ្លូវការនេះទេដោយអះអាងថាគួរតែគូសទៅខាងត្បូងថែមទៀត៕
 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com