ជាតិ
TVET ជួយឱ្យ​​យុវជនងាយរងគ្រោះខេត្ត​ស្ទឹងត្រែងមាន​ជំនាញច្បាស់លាស់
28, Oct 2022 , 1:59 pm        
រូបភាព
លោក ញ៉ែម សារី អភិបាលរងខេត្តស្ទឹងត្រែង ។
លោក ញ៉ែម សារី អភិបាលរងខេត្តស្ទឹងត្រែង ។
ភ្នំពេញ៖ ចាប់តាំង​ពី​ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) មាន​វត្ត​មាន​នៅ​ខេត្ត​ស្ទឹង​ត្រែង​មក​ បានផ្តល់ឱកាសដល់យុវជនងាយរងគ្រោះជាច្រើនរូបទទួលបាន​ចំណេះដឹង និងជំនាញ​បច្ចេកទេស​ជាក់លាក់​ ដែលជួយឱ្យពួកគេមានការងារ និង​ផ្គត់ផ្គង់ជីវភាពរស់នៅសមរម្យ​។ អ.ប.វ. ក៏បានចូល​រួម​ចំណែក​កាត់​បន្ថយភាព​ក្រីក្រ ​ការធ្វើចំណាកស្រុក និង​ការបំផ្លាញ​ធនធានធម្មជាតិ (ព្រៃឈើ ត្រី សត្វព្រៃ។ល។)ផងដែរ។



អ.ប.វ. គឺ​ជា​ការ​បណ្ដុះ​បណ្ដាល​ដែល​ផ្ដល់​នូវ​ជំនាញ​បច្ចេកទេស​ដល់​យុវជនងាយរងគ្រោះឱ្យ​ទទួលបានជំនាញ​ច្បាស់​លាស់ និង​មាន​ឱកាសរកការងារសមរម្យ​ ដែល​ទទួល​បាន​ប្រាក់ចំណូល​កើនឡើង។ ចាប់តាំងពី​ឆ្នាំ​២០១៧ មក ខេត្តស្ទឹងត្រែងបានជំរុញការអប់រំបណ្ដុះបណ្ដាល អ.ប.វ. ក្រោម​ការ​គាំទ្រពី​កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ​ដែលជាគម្រោងរបស់​ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ដែលបានអនុវត្ត​រយៈពេល​៤ឆ្នាំ នៅខេត្ត​ចំនួន​៥ រួម​មាន​ ខេត្ត​​ក្រចេះ ស្ទឹងត្រែង ព្រះ​វិហារ រតនគិរី និងមណ្ឌលគិរី​។ 


 
ក្រោយ​បញ្ចប់ដំណាក់កាល​ទី​១ ពី​ឆ្នាំ​២០១៧-២០២០​ ខេត្ត​ស្ទឹងត្រែង នៅ​តែ​មាន​ឱកាស​បន្ត​អនុវត្ត​គម្រោង កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) រយៈពេល​៤ឆ្នាំបន្ថែម​​ទៀត គឺ​ពី​ឆ្នាំ​២០២០-២០២៤។ តាម​រយៈ​ភាព​វិជ្ជមាន​របស់​គម្រោងកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នេះ បាន​ធ្វើ​ឱ្យ​ខេត្ត​ស្ទឹង​ត្រែង មាន​ការរីកចម្រើន​ ដែល​អាច​ផ្ដល់​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈដល់​យុវជនដែល​បោះ​បង់​ការសិក្សា​ ​គ្មាន​ការ​ងារ​ធ្វើ​ ជាពិសេស​ជនជាតិ​ដើម​ភាគតិច​។ 
 
លោក ញ៉ែម សារី អភិបាល​រ​ង​ខេត្ត​ស្ទឹង​ត្រែង បាន​លើក​ឡើងថា ការជំរុញការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅ​ក្នុងខេត្ត​ស្ទឹងត្រែង បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​គាំទ្រ​កំណើនសេដ្ឋកិច្ច​ដល់​ប្រទេស​កម្ពុជា​ប្រកប​ដោយ​និរន្តរ​ភាព​ តាមរយៈ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរ ថា អ.ប.វ. ក៏​បាន​ជួយ​​បង្កើត​ការ​ងារ​​ដល់​ប្រជាពលរដ្ឋ​ ទទួលបានប្រាក់ចំណូល សមរម្យ និងស្ថិតស្ថេរ ចូលរួមកាត់​បន្ថយ​ភាព​ក្រី​ក្រ​​ កាត់បន្ថយ​ចំណាកស្រុកទាំងប្រថុយប្រថាន​ កាត់បន្ថយអំពើ ចោរកម្ម ការជួបជុំផឹកស៊ី និងប្រព្រឹត្តិល្បែងស៊ីសង។ល។ ដែលចូលរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តគោលនយោបាយភូមិឃុំមាន សុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
 
«មនុស្ស​ម្នាក់​ ត្រូវ​មាន​ជំនាញ​មួយ​ឡើង​ទៅ​។ ពី​មុន​មក​​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ គាត់​រស់​នៅ​ដោយ​អាស្រ័យ​ផល​វិស័យ​កសិកម្ម រស់ដោយ​ការ​បរបាញ់ ដាក់អន្ទាក់ចាប់សត្វ ការ​នេសាទ​ខុស​ច្បាប់​ និង​ការ​រក​អនុផល​ព្រៃ​ឈើ​ផ្សេងៗ។ ពេល​ដែល​គាត់​មិន​មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់​លាស់ គឺគាត់​រក​មុខ​របរ​ទាំង​អស់​នេះ​ ប៉ុន្តែ​ពេល​គាត់​បានចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ គាត់​មាន​ជំនាញ​នៅ​ក្នុង​ខ្លួន​ ហើយ​ទទួល​បាន​សញ្ញាបត្រ​ទៀត​»។ នេះ​ជា​ការ​រៀបរាប់​របស់​លោក ញ៉ែម សារី អភិបាលរងខេត្ត​ស្ទឹងត្រែង ពី​ភាព​ប្រសើរ​ឡើងរបស់​ពលរដ្ឋ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​។
 
ទោះ​ស្ថិត​នៅ​ភូមិភាគឦសាន ឆ្ងាយពីភ្នំពេញយ៉ាងណាក៏ដោយ តែអាជ្ញាធរខេត្ត​ស្ទឹងត្រែង តែង​ជំរុញការផ្សព្វផ្សាយ អំពីការអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ តាម​រយៈ​ការ​បណ្ដុះ​បណ្ដាល​ សិក្ខាសាលា​ និងការ​ប្រជុំនានា ដើម្បីបង្កើនការយល់ដឹង​ដល់​មន្ទីរ អាជ្ញាធរ​ពាក់​ព័ន្ធ និង​ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ​។

អភិបាលរងខេត្តរូបនេះ បញ្ជាក់​ដូច្នេះ៖ «ខ្ញុំ​តែងបញ្រ្ជាប​កិច្ច​ការ​ អ.ប.វ. នេះ​ ដល់​ស្រទាប់​ពលរដ្ឋដែល​​​មាន​កូន​ចៅ​បោះបង់ការ​សិក្សា ពុំទាន់មានជំនាញវិជ្ជាជីវៈច្បាស់លាស់ ឱ្យមកចុះឈ្មោះចូលរៀនជំនាញ វិជ្ជាជីវៈណាមួយដែលពួកគាត់ចូលចិត្ត នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជជីវៈ មន្ទីរទេសចរណ៍ ឬមជ្ឈមណ្ឌល អភិវឌ្ឍស្រ្តីនៃមន្ទីរកិច្ចការនារី ឬអ្នកដែល​គ្មាន​ការ​ងារ​ធ្វើឱ្យមកចុះឈ្មោះស្វែងរកការងារនៅមជ្ឈមណ្ឌលការងារ ខេត្តស្ទឹងត្រែង នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ​ដើម្បីទទួលបានឱកាសការងារ និងប្រាក់ចំណូលសមរម្យ និងចៀសវាងការ​ចំណាក​ស្រុក​ទាំងប្រថុយប្រថាន និងការប្រព្រឹត្តបទល្មើសលើធនធានធម្មជាតិ ដូចជាការកាប់ បំផ្លាញព្រៃឈើ ការនេសាទខុសច្បាប់ ឬការបរបាញ់សត្វព្រៃជាដើម។ 
 
ពិត​ណាស់ អ.ប.វ. បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ខេត្ត​នៅ​តំបន់ភូមិភាគឦសានមួយនេះឱ្យមាន​ភាព​ប្រសើរឡើង តាមរយៈ​ការ​បណ្ដុះ​បណ្ដាល​ ដោយ​ធានាថាយុវជនងាយរងគ្រោះ និង​ពលរដ្ឋ​មានឱកាសរៀន សូត្រជំនាញបច្ចេកទេស និងវិជ្ជាជីវៈច្បាស់លាស់។ ក្រោយ​បញ្ចប់​ការសិក្សា​យុវជន ឬ​ពលរដ្ឋ ដែល​ជា​សិក្ខាកាម តែង​មាន​ឱកាស​ចូលរួម​ហាត់ការ​ក្នុង​រយៈពេល​ខ្លីជាមួយ​ក្រុម​ហ៊ុន ឬសហគ្រាស​ នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង ឬក្រៅខេត្ត ដើម្បីទទួល​បាន​បទពិសោធន៍លើការ​អនុវត្តជាក់ស្ដែង។​ លើស​ពីនេះ សិក្ខាកាម ក៏មាន​ឱកាស​អាច​ក្លាយជា​បុគ្គលិក​នៅតាម​ទីតាំង​ដែល​ពួក​គេ​ហាត់​ការ​ផងដែរ។ 
 
សម្រាប់​ខេត្ត​ស្ទឹង​ត្រែង កម្មវិធីអភិវឌ្ឍន៍ជំនាញ បានផ្តល់ការគាំទ្រយ៉ាង​ច្រើន​ទាំង​ថវិកា និង​ធនធាន​មនុស្ស​ដល់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ លោក ញ៉ែម សារី បរិយាយ​បែបនេះ៖ «មិន​ត្រឹម​តែ​ផ្ដល់​ថវិកា​ប៉ុណ្ណោះទេ តែSDP បាន​ផ្ដល់​នូវ​ធនធាន​មនុស្ស ​ព្រមទាំង​សម្ភារៈថែមទៀត​ផង។ តាមរយៈការគាំទ្រពីគម្រោង មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបានចុះ​អនុស្សារណៈយោគយល់ជាមួយវិទ្យាស្ថានមួយចំនួននៅក្រៅខេត្ត ដូចជានៅក្នុងខេត្តសៀមរាប និងខេត្តស្វាយរៀង និងមានទំនាក់ទំនងជាមួយវិទ្យាស្ថានមួយចំនួននៅទីក្រុងភ្នំពេញ ដែលបង្កើនឱកាសឱ្យ​យុវជន ឬសិក្ខាកាម​នៅ​ក្នុងខេត្តស្ទឹង​ត្រែង មាន​ឱកាសសិក្សា ឬបន្ត​ការសិក្សា​នៅ​ទីនោះ»។​ 
 
បើតាម​លោក ញ៉ែម សារី ចាប់​ពី​ឆ្នាំ​២០១៧​មក​ មាន​​សិក្ខាកាម​ ២ ៦២៦នាក់​ បាន​ចូល​រួម​ការ​បណ្ដុះ​បណ្ដាល​អ.ប.វ. ដោយ​ក្នុង​នោះ មាន​ស្រ្តី​ចំនួន ១ ៤៨៤នាក់ និង​ជនជាតិ​ដើម​ភាគតិច​ចំនួន ២នាក់​​។ ក្នុង​ចំណោម​សិក្ខាកាមខាងលើ មាន​សិក្ខាកាម​​ចំនួន ៤៦១នាក់ ទទួលបាន​​​ការ​ងារធ្វើ ក្នុងនោះ ស្រ្តី​មាន​ចំនួន ៣៦៤នាក់​។ 
 
តាម​រយៈ​ការ​ចូលរួម​​របស់​សិក្ខា​កាម​ខាងលើ ឯកឧត្តមអភិបាលរងខេត្ត គិត​ថា​ទទួល​បាន​ជោគ​ជ័យ​ច្រើន​។ លោក អះអាង​​ដូច្នេះ៖ «ខ្ញុំ​កត់​សម្គាល់ថា អាណាព្យាបាល​សិស្ស​ និង​យុវជន​ មាន​ការ​ចាប់​អារម្មណ៍​ច្រើន ​ក្នុង​ការសាក​​សួរព័ត៌មាន​អំពី​វគ្គ​បណ្ដុះ​បណ្ដាល​ និង​ចុះ​ឈ្មោះ​ចូលរៀន​។​ ចំណែក​អាជ្ញាធរ​ខេត្ត​ ស្រុក​ ភូមិ ឃុំ ក៏​ចាប់​ផ្ដើម​យល់​អំពី​តម្លៃ​នៃ​ អ.ប.វ. ដោយ​បាន​ចូលរួម​សកម្ម​ជាង​មុន​ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​ អ.ប.វ. ផងដែរ»។ 
 
ទម្រាំ​ខេត្ត​ស្ទឹង​ត្រែង​ ទទួល​បាន​ផល​វិជ្ជមាន​ក្នុង​​គម្រោង​ការ​អប់រំ​បណ្ដុះ​បណ្ដាល​បច្ចេក​ទេស និង​វិជ្ជាជីវៈដូច​បច្ចុប្បន្ននេះ មិន​មែន​ជា​ការងាយស្រួលឡើយ ពោល​គឺ​មាន​ផល​លំបាក​​ក្នុង​ពេល​ចាប់​ផ្ដើម​ដំបូង។ ឯកឧត្តមអភិបាល​រង​ខេត្ត​ បាន​ឱ្យ​ដឹងថា ក្នុង​ជំហានដំបូង គឺ​ត្រូវប្រជុំ និង​ផ្សព្វផ្សាយ​ដល់​​អ្នក​ពាក់ព័ន្ធ​ ក្នុង​មន្ទីរ ស្ថាប័ន ក្រុង​-ស្រុក-ឃុំ-សង្កាត់ ឱ្យ​យល់​ពី​តម្លៃ​នៃ​ការ​អប់រំ​បណ្ដុះ​បណ្ដាល​ជំនាញ និងវិជ្ជាជីវៈ​ជាមុនសិន ទើប​បន្តការផ្សព្វផ្សាយ​ទៅ​ដល់​យុវជន និង​ពលរដ្ឋ​។ 
 
ភាព​ប្រសើរ​ឡើង​របស់​គម្រោង​ការ​អប់រំ​បណ្ដុះ​បណ្ដាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ​នៅ​ក្នុ​ង​ខេត្ត​ស្ទឹងត្រែង បាន​ធ្វើ​ឱ្យ​ឯកឧត្តមអភិបាល​រង​ខេត្ត​ស្ទឹង​ត្រែង សប្បាយ​រីករាយ​ចំពោះលទ្ធ​ផល​វិជ្ជមាន​នេះ។ «ខ្ញុំ​មាន​ការ​សប្បាយ​ចិត្ត រីករាយ​​យ៉ាង​ខ្លាំង​ និងសំដែងការអរគុណជាអនេកដល់អង្គការស្វីសខន់ថាក់ ដែល​បាន​គាំទ្រ​នៅ​ខេត្ត​ភូមិភាគ​ឦសាន​ ពិសេស​ខេត្ត​ស្ទឹង​ត្រែង​ តាំង​ពី​ឆ្នាំ​២០១៧​រហូត​ដល់​បច្ចុប្បន្ន​​ និង​បន្ត​ដល់​ឆ្នាំ​២០២៤ ដែលជា​ការ​ជោគជ័យ​មួយ​ ក្នុង​ការ​ចូលរួមកាត់​បន្ថយ​ភាព​ក្រី​ក្រ»​។

អភិបាល​រង​ខេត្ត អំពាវ​នាវ​ដល់​យុវជន​ដែល​មិន​ទាន់​​មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់​លាស់​ និង​មិនទាន់​មានការ​ងារ​ធ្វើ ឱ្យ​មក​ទំនាក់ទំនង​ជាមួយ​មជ្ឈមណ្ឌល​វិជ្ជាជីវៈខេត្ត ដើម្បី​ទទួល​បាន​ឱកាស​ និង​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ពិត​ប្រាកដ ពិសេស​សិក្សា​ដោយ​ឥត​បង់ថ្លៃ​។ អភិបាលរង​ខេត្ត​រូបនេះ ក៏​បាន​អំពាវនាវដល់​អាជ្ញាធរមូលដ្ឋាន​ និងស្ថាប័នពាក់ព័ន្ធបន្តចូលរួមយ៉ាងសកម្មក្នុងការ​ផ្សព្វផ្សាយដល់ក្រុមគោលដៅ​ពី​សារៈសំខាន់​នៃ​ការ​អប់រំ​បណ្ដុះ​បណ្ដាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ​ ឱកាស​ទទួល​បាន​ការ​អប់រំ​បណ្ដុះ​បណ្ដាលដល់​យុវជន និង​ឱ្យមកចុះឈ្មោះស្វែងរកការងារនៅមជ្ឈមណ្ឌលការងារខេត្តស្ទឹងត្រែងនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ​ដើម្បី ទទួលបានឱកាសការងារ និងប្រាក់ចំណូលសមរម្យ ។
 
កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) គឺជាគម្រោងរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។ កម្មវិធី SDP ដំណាក់កាលទី២ (២០២០ - ២០២៤) ត្រូវបានអនុវត្តដោយ ស្វីសខន់ថាក់ (Swisscontact) និងសម្ព័ន្ធជាមួយ INBAS ដោយសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍។ កម្មវិធីអនុវត្តសកម្មភាពដោយមានកិច្ចសហការយ៉ាងជិតស្និទជាមួយរដ្ឋបាលទាំងថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិ  ទីភ្នាក់ងារជាតិមុខរបរ និងការងារ គ្រឹះស្ថានផ្តល់សេវាបណ្តុះបណ្តាលទាំងរដ្ឋ និងឯកជន ក៏ដូចជាក្រុមហ៊ុន និងសហគ្រាសធុនតូចក្នុងវិស័យ បដិសណ្ឋារកិច្ច និងវិស័យផ្សេងទៀត៕
 

Tag:
 ស្ទឹងត្រែង
  TVET
  SDP
© រក្សាសិទ្ធិដោយ thmeythmey.com