ជាតិ
សេដ្ឋកិច្ច
ឆ្នាំ២០២៣ រដ្ឋគ្រោងចាយលើសចំណូល ដល់ជាង ២០០០លានដុល្លារ
30, Oct 2022 , 10:00 pm        
រូបភាព
លោក អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកិច្ចប្រជុំព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលសភាបានអនុម័ត នៅថ្ងៃទី២៨តុលា។ រូបថត៖ CPP
លោក អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកិច្ចប្រជុំព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលសភាបានអនុម័ត នៅថ្ងៃទី២៨តុលា។ រូបថត៖ CPP
រាជរដ្ឋាភិបាលគ្រោងចំណាយរហូតដល់ ៣៩,២ទ្រីលានរៀល (ប្រមាណ៩,៦ពាន់លានដុល្លារអាម៉េរិក)សម្រាប់ឆ្នាំ២០២៣ ដែលភាគច្រើនផ្តោតលើមនុស្ស។ ​ទំហំចំណាយប្រចាំឆ្នាំនេះ គឺលើសចំណូលជាតិដល់ជាង ២០០០លានដុល្លារ។


សម្រាប់ឆ្នាំ២០២៣ រដ្ឋមានបន្ទុកចំណាយច្រើន ជាពិសេសផ្តោតលើការដំឡើងប្រាក់ដល់មន្តី្រ​​រាជការគ្រប់កម្រិត ចាប់ពីមន្ត្រីជាប់កិច្ចសន្យា ដល់មន្រ្តីរាជការស៊ីវិល។ លើសពីនេះ រដ្ឋត្រូវចំណាយថវិកាក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋនីតិកាលទី៧  និងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA GAME)លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២  រួមទាំងចំណាយសំខាន់ផ្សេងៗទៀត ដែលទ្រទ្រង់និរន្តរភាពនៃប្រតិបត្តិការរបស់រដ្ឋ។
 
អត្ថបទទាក់ទង

យោងតាមខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលសភាបានអនុម័ត នៅថ្ងៃទី២៨តុលា​ រដ្ឋគ្រោងចំណាយ​ ៣៩ ២០៦ ២០៥ លានរៀល​(ប្រមាណ ៩ ៦០០លានដុល្លារ)។ ចំណាយនេះ គឺស្មើនឹង២៩,៨៧ភាគរយ នៃផលិផលក្នុងស្រុកសរុប(ផសស) ដែលមានប្រមាណ ៣២ ២៩១លានដុល្លារ។ ក្នុងនោះ ចំណាយចរន្តមានប្រមាណ ៥ ៦០០លានដុល្លារ ​ត្រូវនឹង១៧,៤៧ភាគរយនៃ ផសស និងកើន១០ភាគរយធៀបនឹងច្បាប់ឆ្នាំ២០២២ ខណៈចំណាយមូលធន ក៏កើន១៧,៥ ភាគរយ ផងដែរ។ 
 
ដោយឡែក ចំណូលប្រចាំឆ្នាំ២០២៣ ដែលកម្ពុជាទទួលបានពីសារពើពន្ធ និងមិនមែនសារពើពន្ធ រួមទាំងចំណូលមូលធនថវិការដ្ឋក្នុងនិងក្រៅប្រទេសមានត្រឹម ២៩ ៣១១ ៧៤៧លានរៀល (ប្រមាណ ៧ ០០០លានដុល្លារ)។  ចំណូលនេះ ស្មើនឹង២២,៣៣ភាគរយនៃ ផសស និងមានកំណើន ១៤,៥ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០២២។​
 
តួលេខនៃចំណូល-ចំណាយជាតិខាងលើ បង្ហាញឱ្យឃើញថា កម្ពុជាមានឱនភាពថវិកាសរុប -៧,៥៤ភាគរយ(ក្នុងរង្វង់ទឹកប្រាក់២ ៤០០លានដុល្លារ) នៃ ផសស។ បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តុល្យភាពនៃចំណាយប្រចាំឆ្នាំនេះ នឹងបំពេញដោយ ហិរញ្ញប្បទានក្រៅប្រទេសក្នុងទំហំ ៤,៧ភាគរយ នៃ ផសស( ប្រមាណ ១ ៥០០លានដុល្លារ), មូលនិធិទ្រទ្រង់ថវិកាក្នុងទំហំ ០,៩៨ភាគរយ​ នៃ ផសស (ប្រមាណ៣០០លានដុល្លារ), ប្រាក់បញ្ញើរាជរដ្ឋាភិបាលមាន១,៨៦ភាគរយ នៃ ផសស (ប្រមាណ ៦០០លានដុល្លារ) និងការបោះផ្សាយមូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ។​
 
ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ យ៉ាងដូច្នេះ៖ «ប្រភពចំណូលដើម្បីបំពេញតម្រូវការចំណាយទាំងនេះ គឺមានទាំងការចំណាយចរន្ត និងចំណាយវិនិយោគសាធារណៈ ជាពិសេសសម្រាប់ការបន្តអនុវត្តកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្នុងការបរិការណ៍ នៃការរស់នៅជាមួយនឹងជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងការត្រៀមដោះស្រាយថវិកាសម្រាប់អគ្គិសនីកម្ពុជា ដើម្បីធានាស្ថិរភាពថ្លៃអគ្គិសនីកុំឱ្យកើនលើសកម្រិតថ្លៃកំពុងអនុវត្តបច្ចុប្បន្ន ជូនប្រជាពលរដ្ឋប្រើប្រាស់»៕ 
 

Tag:
 ថវិកាជាតិ
 
© រក្សាសិទ្ធិដោយ thmeythmey.com