ជាតិ
កម្ពុជា កំពុងជំរុញការនាំចេញសម្បុកត្រចៀកកាំទៅចិន
31, Oct 2022 , 2:09 pm        
រូបភាព
ភ្នំពេញ៖ រយៈពេល២ ឬ៣ឆ្នាំចុងក្រោយនេះ ការចិញ្ចឹមត្រចៀកកាំយកសម្បុកនៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ ដោយសារសម្បុកបក្សីប្រភេទនេះមានតម្លៃខ្ពស់ និងពេញនិយម។



ដើម្បីពង្រីកទីផ្សារសម្បុកត្រចៀកកាំឱ្យកាន់តែទូលំទូលាយ កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់(MOU) ជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា មានមូលដ្ឋាននៅទីក្រុងសៀមិន ប្រទេសចិន ក្នុងការជំរុញការនាំចេញសម្បុកត្រចៀកកាំកម្ពុជា។
  

រូបពី សំបុកទឹកមាត់ត្រចៀកកាំធម្មជាតិកម្ពុជា

ការចុះ MOU នេះ មានគោលដៅ ស្វែងរកដៃគូផលិត និងផ្គត់ផ្គង់ផលិតផលសម្បុកត្រចៀកកាំ, កិច្ចគាំពារឱ្យមានការបង្កើតរោងចក្រកែច្នៃផលិតផលទឹកមាត់ត្រចៀកកាំ, ការជំរុញឱ្យមានការបើកច្រកពាណិជ្ជកម្ម លើផលិតផលទឹកមាត់ត្រចៀកកាំរវាងកម្ពុជា-ចិន និងការពង្រឹងបណ្តាញធុរកិច្ច តាមរយៈការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មផ្សេងៗ ដូចជា វេទិការធុរកិច្ច ជំនួបពាណិជ្ជកម្ម និងពិព័រណ៍ពាណិជ្ជកម្មជាដើម។
 
លោក ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបង្ហាញក្ដីរីករាយដែលប្រទេសទាំងពីរអាចការចុះអនុស្សរណៈយោគយល់ នាំចេញសម្បុកត្រចៀកកាំទៅកាន់ប្រទេសចិន ដែលជាទីផ្សារធំបំផុតមួយរបស់កម្ពុជា។
  

កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់(MOU) ជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ដើម្បីជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជា។ រូបពី ក្រសួងពាណិជ្ជកម្ម 
 
បច្ចុប្បន្ន វិស័យពាណិជ្ជកម្មបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញ គាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន សហគ្រាសខ្នាតតូចនិងមធ្យម និងដៃគូអភិវឌ្ឍន៍នានាឱ្យធ្វើការ វិនិយោគ លើការកែច្នៃ ដើម្បីធានានូវនិរន្តរភាពនៃការផលិតក្នុងស្រុក ស្ថិរភាពទីផ្សារ បង្កើនតម្លៃបន្ថែម លើកកម្ពស់ គុណភាព ស្តង់ដារអនាម័យ និងសុវត្ថិភាពឆ្លើយតបតាមតម្រូវការទីផ្សារទាំងក្នុងតំបន់ និងអន្តរជាតិ។
 
បន្ទាប់ពីអនុស្សរណៈនេះចូលជាធរមាន លោក ឈួន ដារ៉ា រំពឹងថា ផលិតផលសម្បុកត្រចៀកកាំកម្ពុជា នឹងអាចនាំចូលទៅកាន់ទីផ្សារប្រទេសចិនបានយ៉ាងច្រើន ដែលនេះជាប្រយោជន៍ ដល់វិស័យឯកជនកម្ពុជា លើវិស័យចិញ្ចឹមត្រចៀកកាំ។
  

ផ្ទះត្រចៀកកាំ រាបរយកន្លែងត្រូវបានសាសង់នៅតាមព្រែក ក្នុងឃុំអណ្ដូងទឹក ខេត្តកោះកុង
 
ជាមួយគ្នានេះ លោក ZENG Youmin ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ទីក្រុងសៀមិន ប្រទេសចិន បានលើកឡើងថា មជ្ឈមណ្ឌលពាណិជ្ជកម្មរបស់លោក មានបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការចិន-កម្ពុជា តាមរយៈការនាំចេញសម្បុកត្រចៀកកាំរបស់កម្ពុជាទៅទីផ្សារចិន។ បច្ចុប្បន្ន អគ្គនាយកដ្ឋានជំរុញ ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងសៀមិន បានសហការគ្នាពិនិត្យលើអនុស្សរណៈនេះ យ៉ាងលម្អិត រហូតបានឈានដល់ការចុះហត្ថលេខាជាមួយគ្នារួចរាល់។
 
យោងលើរបាយការណ៍របស់អគ្គនាយកដ្ឋានកិសកម្ម ក្នុងឆ្នាំ២០២០ កម្ពុជាមាន​ផ្ទះត្រចៀកកាំចំនួន ​៨៧២​ផ្ទះ ដែលអាចផ្តល់ផលចន្លោះពី១តោន ទៅ១តោនកន្លះក្នុងមួយខែ។​ ​សម្បុកត្រចៀកកាំ​ទើបប្រមូល មានតម្លៃចាប់ពី៧០០ ទៅ៩០០ដុល្លារ​ក្នុងមួយគីឡូក្រាម និងសម្បុក​​​​​​​​​ត្រចៀកកាំដែល​អាច​បរិភោគបាន មានតម្លៃ​ចាប់ពី ១ ៥០០ ទៅ២ ០០០ដុល្លារក្នុងមួយគីឡូក្រាម៕ 
 
 
 
 
 
 
 

Tag:
 សំបុកត្រចៀកកាំ
  ក្រសួងពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com