ជាតិ
សេដ្ឋកិច្ច
ឧបការីទេសាភិបាលធនាគារជាតិ លើកទឹកចិត្តពលរដ្ឋឱ្យសន្សំប្រាក់ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច
31, Oct 2022 , 8:59 pm        
រូបភាព
លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា។ រូបថត៖ ABC
លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា។ រូបថត៖ ABC
សន្សំប្រាក់តិចប្រសើរជាងមិនបានសន្សំ  ជាប្រធានបទនៃទិវាសន្សំអាស៊ានប្រចាំឆ្នាំ២០២២ ដែលកម្ពុជាធ្វើឡើងក្នុងទឹកដីខេត្តសៀមរាប នាថ្ងៃទី៣១តុលា។  ទិវានេះប្រារព្ធឡើង ក្នុងគោលដៅជំរុញពលរដ្ឋខ្មែរឱ្យមានទម្លាប់សន្សំប្រាក់តិចឬច្រើនក្នុងប្រព័ន្ធធនាគារ និងមីក្រូហិរញ្ញវត្ថុ ជាពិសេសសម្រួលតម្រូវការបន្ទាន់របស់ក្រុមគ្រួសារ ឬហានិភ័យផ្សេងៗ ។

 
ឧបការីទេសាភិបាល និងជាអគ្គនាយកប្រតិបត្តិធនាគារជាតិនៃកម្ពុជា លោក រ័ត្ន សុវណ្ណនរៈ លើកឡើងពីសារប្រយោជន៍មួយចំនួនដែលពលរដ្ឋខ្មែរគួរគិតគូរសន្សំប្រាក់នៅស្ថាប័នមានសុវត្ថិភាព។ លោក រ័ត្ន សុវណ្ណនរៈ លើកទឹកចិត្តឱ្យប្រជាពលរដ្ឋសន្សំប្រាក់ជាមួយគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុផ្លូវការ ដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើនដូចជា សុវត្ថិភាពនៃការសន្សំ ការទទួលបានការប្រាក់សន្សំ ទទួលបានការកាពារតាមផ្លូវច្បាប់ លទ្ធភាពរៀបចំគម្រោងអនាគតច្បាស់លាស់ ហើយប្រាក់សន្សំរបស់សាធារណជន ជាមូលធនសំខាន់សម្រាប់បម្រើការវិនិយោគក្នុងប្រទេស។ 
 
ក្នុងពិធីអបអរសាទរទិវាសន្សំអាស៊ាន ដែលរៀបចំនៅបរិវេណសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប នាព្រឹកថ្ងៃទី៣១ តុលា អគ្គនាយកប្រតិបត្តិធនាគារជាតិនៃកម្ពុជា ពន្យល់ពីប្រយោជន៍នៃការសន្សំប្រាក់យ៉ាងដូច្នេះថា៖« ការសន្សំមានសារសំខាន់ណាស់ ព្រោះថាបើក្នុងសេដ្ឋកិច្ចអត់មានសន្សំ គឺយើងអត់មានលុយ អត់មានប្រាក់សម្រាប់ជាមូលធនសម្រាប់យកទៅវិនិយោគក្នុងការអភិវឌ្ឍប្រទេសទេ អ៊ីចឹងគឺសន្សំនេះគ្រួសារនីមួយៗយើងឃើញថា ប្រជាជនយើង១៦លាននាក់ តែ១០លាននាក់នាំគ្នាសន្សំក៏យើងឃើញថា១០ដុល្លារ ១០០ដុល្លារ ១០០០ដុល្លារ ឃើញហើយ គុណទៅឃើញពាន់លានហ្មង គឺអាតិចៗសន្សំគ្នា គឺយើងមានមូលធនសម្រាប់អភិវឌ្ឍន៍ និងកសាងប្រទេស»។
 
ទន្ទឹមគ្នានេះ លោក រ័ត្ន សុវណ្ណនរៈ ក៏បានជំរុញដល់គ្រឹះស្ថានធនាគា​រ និ​ង​​ហិរញ្ញវត្ថុទាំងអស់ ឱ្យបន្តពង្រឹងប្រតិបត្តិកា​រ ​និ​​ង​ព​ង្រី​កវិសាលភាពនៃការផ្ដ​ល់​សេវាកម្មថ្មីៗ ស្របតាមតម្រូវករ ប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវខ្ពស់ ដើម្បីទទួលបានទំនុកចិ​ត្ត​ពីសាធារណជន បន្ថែមទៀត ។
 

លោក សុខ វឿន ប្រធាន CMA, លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា និងលោក អ៊ិន ចាន់នី  សមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា។ រូបថត៖ ABC
ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ​ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ដូច្នេះ៖ « ទោះបីតិច ឬច្រើនក្ដី ប្រាក់សន្សំមា​ន​តួនាទីជាទុ​ន​​បម្រុងយ៉ាងសំខាន់ សម្រាប់ករណីតម្រូវការហិរញ្ញវត្ថុបន្ទាន់ដែលមិនអាចរំពឹងទុកជាមុនបាន ដូចជា​សម្រាប់ព្យាបាលជំងឺ ទប់ទល់ការបាត់បង់ចំណូលដោយសារវិបត្តិធម្មជា​តិ និងគ្រោះអាសន្នផ្សេងៗ​»។ 
 
ទិ​វា«​ស​ន្សំអាស៊ាន» ត្រូវបានបង្កើតឡើងដោយគណៈកម្មការការងារអាស៊ាន ចាប់ពីឆ្នាំ២០១៩មក សម្រាប់កិច្ចការបរិយាប័ន្នហិរញ្ញវត្ថុ និងមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណ​ជន អំពីសារៈសំខាន់នៃការសន្សំប្រាក់។ 
 
នៅកម្ពុជា ការលើកទឹកចិត្តឱ្យ​ធ្វើការសន្សំជាមួយគ្រឹះ​ស្ថា​នផ្លូវការ ដូចជាធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ត្រូវបា​ន​ដាក់បញ្ចូ​ល​ជាសកម្មភាពអទិភាពទី១ ក្នុងចំណោមសកម្មភាពអាទិភាពទាំ​ង​ ៦​ នៃ​​យុទ្ធសាស្រ្តជាតិ ស្ដីពី ​បរិយាបន្នហិ​រញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ដើម្បីលើកកម្ពស់លទ្ធភាពទទួលបា​ន​សេវាហិរញ្ញវត្ថុ ​កាត់បន្ថ​យ​ភាពក្រីក្រ និងជំរុញកំ​ណើន​សេដ្ឋកិ​ច្ច​ប្រកបដោយចីរភាព។ 
 
សម្រាប់ លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ទិ​វា​ស​ន្សំអាស៊ាន ក្រោមប្រធានបទ «សន្សំតិចប្រសើរជាងមិនបានសន្សំ» នឹងជួយលើកកម្ពស់បន្ថែមមួយកម្រិតទៀតនូវ វប្បធម៌នៃការសន្សំដែលនឹងជួយកៀរគរប្រាក់សន្សំ និងការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែមានប្រសើរឡើងក្នុងចំណោមពលរដ្ឋខ្មែរ។ 


 លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ រូបថត៖ ABC

លោក បន្តនិយាយថា ការអនុវត្តទម្លាប់សន្សំប្រាក់ ជាពិសេស សន្សំជាមួយសា្ថប័នហិរញ្ញវត្ថុផ្លូវការ​ គឺទទួលបានអត្ថប្រយោជន៍ជាច្រើន ជាពិសេស គឺចៀសវាងនូវហានិភ័យ។ «សូមចាប់ផ្តើមបណ្តុះនូវទម្លាប់សន្សំប្រាក់នេះដល់កុមារ ឬក្មេងតូចៗ ឱ្យឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យគាត់មានបំណិនជីវិតដ៏សំខាន់មួយនេះ។ ការគ្រប់គ្រងហិរញ្ញវត្ថុហិរញ្ញវត្ថុដ៏មានប្រសិទ្ធភាពគួរតែចាប់ផ្តើម ដោយការប្រាក់សន្សំទុក មុននឹងចាត់ចែងចំណាយ»។ នេះ ជាការលើកឡើងរបស់ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ 
 
បើតាមលោកបណ្ឌិត អ៊ិន ចាន់នី សមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា ការសន្សំប្រាក់នៅតាមគ្រឹះស្ថានធនាគារ គឺជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដោយគ្រឹះស្ថានធនាគារ នឹងចាត់ចែងប្រាក់សន្សំនេះ ទៅផ្តល់ជាទុនសម្រាប់ពលរដ្ឋកម្ពុជា ដែលមានតម្រូវការចាប់ផ្តើម និងពង្រីកមុខរបរអាជីវកម្ម ដែលនាំឲ្យមានតម្រូវការធនធានមនុស្ស។ លើសពីនេះ ប្រាក់សន្សំរបស់ពលរដ្ឋក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ក៏បានរួមចំណែកផ្តល់ការងារដល់កម្ពុជា កាត់បន្ថយអត្រាអត់ការងារធ្វើ និងបង្កើនប្រាក់ចំណូលរបស់ពួកគេ ដែលជាការចូលរួមចំណែកដល់ការពង្រឹង និងការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។  លោក ក៏បានអំពាវនាវដល់សមាជិកគ្រឹះស្ថានធនាគារ នៃសមាគមធនាគារនៅកម្ពុជា ឱ្យចូលរួមបង្កើត និងពង្រីកយន្តការផលិតផល និងសេវាសន្សំប្រាក់ដែលមាននវានុវត្តន៍ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន និងសម្រួលដល់ការសន្សំប្រាក់របស់ពលរដ្ឋកម្ពុជា​ និងបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋមកដាក់ប្រាក់សន្សំនៅគ្រឹះស្ថានធនាគារផ្លូវការ ផងដែរ។
 

លោកបណ្ឌិត អ៊ិន ចាន់នី សមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា។ រូបថត៖ ABC

ប្រព័ន្ធធនាគារកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច។ លោក រ័ត្ន សុវណ្ណនរៈ បានអះអាងថា ជាក់ស្ដែង គ្រឹះសា្ថនធនាគារ និងហិរញ្ញវត្ដុ បន្តពង្រឹងប្រតិបត្តិការចម្បងរបស់ខ្លួន ក្នុងការផ្តល់សេវាឥណទាន ប្រាក់បញ្ញើ និងសេវាទូទាត់សងប្រាក់ ព្រមទាំងបន្តធ្វើទំនើបកម្មសេវាទាំងនេះ​ តាមរយៈការផ្ដល់សេវាធនាគារបែបឌីជីថល​ ថែមទៀត។ ដូចជា៖ ការស្នើសុំឥណទានតាមអ៊ិនធើណេត និងទូរសព្ទចល័ត សេវាទូទាត់ស​ង​ប្រាក់អន្តរធនាគារ និងការប្រើប្រាស់គណនីអ៊ីវ៉ាឡេត (e-wallet​)​...ជាដើម។ 
 
របាយការណ៍ពីឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ​ធនាគារជាតិនៃកម្ពុជា  ​បានបង្ហាញថា គិតត្រឹមខែសីហា ឆ្នាំ២០២២ ​​គ្រឹះស្ថានធនាគារ និ​ង​​ហិរញ្ញវត្ថុ បាន​​​និងបន្តចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ជាពិសេស ប្រាក់បញ្ញើបានកើនឡើងដល់ ១៦០,៦ភាគ នៃផលិតផលក្នុងស្រុកសរុប(ផ.ស.ស) ​ ស្មើ ​១៧០​,៦​​ទ្រីលានរៀល (៤១,៥​ ប៊ីលានដុល្លារអាម៉េរិក។ ចំនួន​គណនីប្រា​ក់​​បញ្ញើអតិថិជនក៏កើនឡើងដល់ប្រ​មាណ​​ ១៤,៣ លានគណនី ផងដែរ។  ក្នុងនោះ មាន​១១​,៧​ លានគណនី នៅធនាគារពា​ណិជ្ជ​និ​ង ២,៦ លានគណនីទៀត នៅ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។​ 
 
ជាមួយគ្នានេះ គ្រឹះ​ស្ថា​នធនាគារ និ​ង​ហិ​រញ្ញ​​វ​​ត្ថុ​បានពង្រី​​ក​ប្រព័ន្ធប្រតិបត្តិការ ដោយមានសាខាដល់ ២,៥៩៣ សាខា និងម៉ា​ស៊ី​ន​ដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) ចំនួន ៤,២១៩ ម៉ា​ស៊ី​ន នៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ព្រមទាំងធ្វើពិ​ពិធ​កម្មផលិតផល និងសេវាហិរញ្ញវត្ថុច្រើនបែ​ប​ស្របតាមតម្រូវការនិងនិន្នាការបច្ចុប្បន្ន ថែមទៀត​៕ 
 
 

Tag:
 ធនាគារ និងហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com