ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ ស្ត្រីមានផ្ទៃពោះ​ពេញចិត្តការផ្តល់សេវាពិនិត្យផ្ទៃពោះ និងសម្រាល នៅម​ណ្ឌលសុខ​​ភាពកំពង់ស្វាយ
03, Nov 2022 , 8:59 am        
រូបភាព
ដោយ៖ ជឿង ស៊ីចាន់ (យុវជនឃុំកំពង់ស្វាយ)
 
ស្រុកកំពង់ស្វាយ, កំពង់ធំ៖ ស្ត្រីមានផ្ទៃពោះ ដែលរស់នៅក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ភាគច្រើនជ្រើសរើសការពិនិត្យផ្ទៃពោះ និងសម្រាលនៅមណ្ឌលសុខភាពកំពង់ស្វាយ។ ក្រៅពីមានទីតាំង​នៅ​ជិតផ្ទះ ការយកចិត្តទុកដាក់ផ្តល់សេវាពិនិត្យ និងតាមដានសុខភាព ពីគ្រូពេទ្យនៅមណ្ឌលសុខភាព បានធ្វើឱ្យស្ត្រីមានផ្ទៃពោះ ពេញចិត្ត និងសរសើរជាខ្លាំង​។ មិនតែប៉ុណ្ណោះពួកគេក៏លើកទឹកចិត្តស្ត្រីមានផ្ទៃពោះផ្សេងទៀត ជ្រើសរើសការពិនិត្យ និងថែទាំសុខភាពនៅមណ្ឌលសុខភាពឱ្យបានទៀងទាត់ដូចខ្លួនដែរ។ 

 
អ្នកស្រី មឿន ចិន្ថា វ័យ២៣ឆ្នាំ ពលរដ្ឋរស់នៅភូមិត្នោត ឃុំកំពង់ស្វាយ ខេត្តកំពង់ធំ ដែលបានជ្រើសរើសការពិនិត្យផ្ទៃពោះ នៅមណ្ឌលសុខភាពកំពង់ស្វាយ បានឱ្យដឹងថា អ្នកស្រីទទួលបានការយកចិត្តទុកដាក់ណាស់ ពេលមកពិនិត្យផ្ទៃពោះ ហើយក៏មិនដែលអស់កម្រៃលើការពិនិត្យសុខភាពនោះឡើយ។ ស្ត្រីវ័យ ២៣ឆ្នាំ ដែលកំពុងពពោះកូនដំបូង​រូបនេះ បន្តថា ខ្លួនគឺពេញចិត្តចំពោះការផ្តល់សេវាសុខភាព ពីគ្រូពេទ្យនៅទីនេះ។ ​អ្នកស្រី មឿន ចិន្ថា លើកឡើងថា៖ «ល្អ! និយាយរួមទៅ ល្អទាំងការមើលថែ ល្អទាំងសេវាកម្មល្អ។ ពេលមកដល់​គ្រូពេទ្យយកចិត្តទុកដាក់បានល្អ។ គាត់មើលថែសុខភាពយើងនិងកូន ហើយផ្តល់ដំបូន្មានល្អដល់យើង»។ 
 

 អ្នកស្រី មឿន ចន្ថា កំពុងប្រឹក្សា និងទទួលការណែនាំពីគ្រូពេទ្យនៃមណ្ឌលសុខភាពកំពង់ស្វាយ

ដោយសារតែខ្លួនពេញចិត្តចំពោះការផ្តល់សេវាពិនិត្យកន្លងមក ពលរដ្ឋរូបនេះ បានអះអាងថាខ្លួននឹងបន្តសម្រាលកូននៅមណ្ឌលសុខភាព ប្រសិនបើស្ថានភាពសុខភាពរបស់ខ្លួនល្អប្រសើរ រួមទាំង​បន្តយកកូនមកទទួលថ្នាំបង្ការនៅមណ្ឌលសុខភាពថែមទៀតផង។
 
ស្ត្រីមានផ្ទៃពោះមួយរូបទៀត គឺអ្នកស្រី ប៉ែន សុខគីន រស់នៅភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ក៏ជ្រើសរើសការពិនិត្យតាមដានសុខភាពខ្លួន និងកូនក្នុងផ្ទៃ នៅមណ្ឌលសុខភាពកំពង់ស្វាយផងដែរ។ ស្ត្រីរូបនេះអះអាងថា ការទៅពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាពនៅមណ្ឌលសុខភាព ហាក់ក្លាយជាទម្លាប់របស់ខ្លួនទៅហើយ ព្រោះគ្រាដែលពពោះកូន​២នាក់មុន ក៏អ្នកស្រីទៅទទួលសេវាពិនិត្យ និងសម្រាលនៅមណ្ឌលសុខភាពកំពង់ស្វាយដែរ​។ សម្រាប់អ្នកស្រី ប៉ែន សុខគីន ការផ្តល់សេវាពិនិត្យសុខភាពពីគ្រូពេទ្យនៅមណ្ឌលសុខភាព គឺមិនមានភាពខ្វះចន្លោះនោះទេ ពោលគឺអ្នកស្រី មានពេញចិត្តជាខ្លាំង។  


  អ្នកស្រី ប៉ែន សុខគីន ស្ត្រីមានផ្ទៃពោះរស់នៅភូមិចុងព្រៃ នៃឃុំកំពង់ស្វាយ ដែលជ្រើសរើសការពិនិត្យផ្ទៃពោះ និងថែទាំសុខភាពនៅមណ្ឌលសុខភាពកំពង់ស្វាយ
 
«ល្អ ទៅដល់គេ(គ្រូពេទ្យ)រាក់ទាក់យើង។ គ្រូពេទ្យ មើលពោះយើង។ មិនមានចំណុចខ្វះខាតទេ ព្រោះបើទៅគេគ្រូពេទ្យណែនាំយើង។ យើងធ្វើតាមពេទ្យ។ ល្អទាំងអស់អ៊ីចឹង»។ នេះជាការរៀបរាប់របស់អ្នកស្រី ប៉ែន សុខគីន ដោយពលរដ្ឋរូបនេះ ក៏បានអំពាវនាវដល់ស្ត្រីមានផ្ទៃពោះផ្សេងទៀត ទៅពិនិត្យសុខភាព នៅមណ្ឌលសុខភាព ដូចខ្លួនដែរ ព្រោះវាបានរូួមចំណែកកាត់បន្ថយចំណាយ និងមិនបាច់ធ្វើដំណើរទៅឆ្ងាយផងដែរ។
 
ជុំវិញការផ្តល់សេវាពិនិត្យសុខភាពដល់ស្ត្រីមានផ្ទៃពោះ ពីមណ្ឌលសុខភាពកំពង់ស្វាយ​ លោក ស៊ុន សុភី ដែលជាប្រធានមណ្ឌលសុខភាពនេះ បានឱ្យដឹងថា ​ ក្នុងមួយខែៗ មានស្រ្តីមានផ្ទៃពោះពី ៦០ ទៅ៧០នាក់ បានទទួលការពិនិត្យផ្ទៃពោះ និងសម្រាល។ បើតាម ស៊ុន សុភី គ្រូពេទ្យនៅមណ្ឌលសុខភាពកំពង់ស្វាយ តែងតែណែនាំដល់ស្ត្រីមានផ្ទៃពោះ ឱ្យយកចិត្តទុកដាក់ពីរបបអាហារ ការសម្រាកឱ្យគ្រប់គ្រាន់ ដើម្បីឱ្យកូនក្នុងផ្ទៃមានសុខភាពល្អ។ លើសពីនេះ បុគ្គលិកពេទ្យនៅមណ្ឌលសុខភាព តែងតែជំរុញឱ្យពួកគាត់មក​ពិនិត្យផ្ទៃពោះ ឱ្យបានទៀងទាត់​ ដើម្បីកាត់បន្ថយហានិភ័យក្នុងពេលសម្រាល និងក្រោយសម្រាល​។ 


 មណ្ឌលសុខភាពកំពង់ស្វាយ ដែលកំពុងផ្តល់សេវាថែទាំ និងពិនិត្យសុខភាពដល់ប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់ស្វាយ ប្រមាណ ៧០០នាក់ជារៀងរាល់ខែ។​ 
 
លោក ស៊ុន សុភី ប្រធានមណ្ឌលសុខភាពកំពង់ស្វាយ​ បន្ថែមថា៖ «អាចមានបញ្ហា! ជួបកាលគាត់មានជំងឺ ដែល​ត្រូវមានសញ្ញាគ្រោះថ្នាក់អី។ ប៉ុន្តែយើងត្រូវការពន្យល់គាត់ បើគាត់ស្រួលខ្លួនហើយ អត់មានបញ្ហាអ្វី​ទេ តាមការកំណត់របស់ពេទ្យមិនទាន់មកក៏បាន។ តែបើសិនស្រ្តីដែលមានបញ្ហា គេមើល​បញ្ហារបស់គាត់ មានសញ្ញាគ្រោះថ្នាក់ណាមួយ គេឲ្យមកតាមការកំណត់របស់ពេទ្យឲ្យបានញឹកញាប់។»។


  លោក ស៊ុន សុភី ប្រធានមណ្ឌលសុខភាពកំពង់ស្វាយ​ ស្ថិតក្នុងឃុំកំពង់ស្វាយ ខេត្តកំពង់ធំ។
 
ក្នុងនាមជាអ្នកគ្រប់គ្រងមណ្ឌលសុខភាព លោក ស៊ុន សុភី ពិតជាត្រេកអរ ដែល​ស្ត្រីដែលមានផ្ទៃពោះ ពេញចិត្តចំពោះការផ្តល់ពិនិត្យផ្ទៃពោះ និងសម្រាលកន្លងមក​។ សូមជម្រាបថា ​មណ្ឌលសុខភាពកំពង់ស្វាយ មានបុគ្គលិកសរុប ៨នាក់ កំពុងផ្តល់សេវាសុខភាព ជូនដល់ពលរដ្ឋ ក្នុងនោះ​មានពេទ្យឆ្មបកម្រិតមធ្យម ឆ្មបបឋម និងបុគ្គលិករដ្ឋបា ចំនួនបុគ្គលិកនេះ គឺគ្រប់គ្រាន់ ក្នុងការផ្តល់សេវាសុខភាពផ្សេងៗដល់ពលរដ្ឋ ដែលល។ បើតាម​ លោក ស៊ុន សុភី ​​ក្នុងមួយខែៗ មាន​ពលរដ្ឋប្រមាណ ៧០០នាក់ បានមកទទួលសេវាសុខភាព នៅមណ្ឌលសុខភាពកំពង់ស្វាយនេះ៕
 
​អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

© រក្សាសិទ្ធិដោយ thmeythmey.com